ភាព​តានតឹង​កើត​មាន​ឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​កាមេរូន​ពាក់ព័ន្ធ​នឹង​​កម្មករ​ជីក​រ៉ែ​មាស​ជនជាតិ​ចិន

កម្មករ​ម្នាក់​ជីក​រណ្តៅ​រក​មាស​នៅ​តំបន់រ៉ែ Soedoumbofor ជិត​ក្រុង Batouri ភាគ​ខាង​កើត​ប្រទេស​កាមេរូន។

ភាព​តានតឹង​កំពុង​តែ​កើនឡើង​នៅ​​ភាគ​ខាង​កើត​ប្រទេស​កាមេរូន​រវាង​អ្នក​ស្រុក​នៅ​ទីនោះ ​និង​កម្មករ​​ជីក​រ៉ែមាស​ជនជាតិ​ចិន​មួយ​ចំនួន​តូច​ដែល​បាន​ចាប់​ផ្តើម​សាងសង់​ជំរុំ​កាល​ពី​៦​ឆ្នាំ​មុន។ កម្មករ​រ៉ែ​ក្នុង​ស្រុក​និយាយ​ថា ​ជនជាតិ​ចិន​បាន​ដណ្តើម​យក​ជីវភាព​របស់​ពួកគេ​ទៅ​ ហើយ​មិន​បាន​ព្យាយាម​អភិវឌ្ឍន៍​តំបន់​នោះ​តាម​ការ​សន្យា​នោះ​ទេ។

កម្មករ​រ៉ែ​ក្នុង​ស្រុក​បាន​ចាប់​ផ្តើម​ជីក​យក​មាស​នៅ​ក្រុង​ Betare Oya ក្នុង​ឆ្នាំ​២០០៧។ បី​ឆ្នាំ​ក្រោយ​មក ជនជាតិ​ចិន​បាន​មក​ដល់។

កម្មករ​ជីក​រ៉ែ​ឈ្មោះ​ Emmanuel Manga និយាយ​ថា​ គាត់​មិន​អាច​ប្រជែង​ជាមួយ​ពួកគេ​បាន​ទេ ហើយ​គាត់​ត្រូវ​ចាប់​អាជីព​ជា​អ្នក​រត់​ម៉ូតូ​ឌុប​។ គាត់​និយាយ​ថា​ សព្វថ្ងៃ គាត់រក​ចំណូល​បាន​ត្រឹម​តែ​៦០ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដែល​បរិមាណ​នេះ​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​បរិមាណ​ដែល​គាត់​ធ្លាប់​រក​បាន។

គាត់បានបន្ថែម​ទៀត​ថា ​ប្រទេស​កាមេរូន​មិន​គួរ​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​មក​ជីក​កកាយ​តំបន់​រ៉ែ​មាស​ ឬ​ជួល​កម្លាំង​ពលកម្ម​ក្នុង​តម្លៃ​ថោក​នោះ​ទេ ព្រោះ​នេះ​ជា​ហេតុ​បង្ក​ឲ្យ​ប្រជាជន​កាមេរូន​ក្រ។

កម្មករ​ជនជាតិ​ចិន​ប្រមាណ​៣០០​នាក់​បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​ក្នុង​តំបន់​នោះ ដែល​លើស​ពី​អ្វី​ដែល​អាជ្ញាធរ​ប្រទេស​កាមេរូន​បាន​កំណត់។

កម្មករ​ជីក​រ៉ែ​មាស​ជនជាតិ​ចិន​ប្រើប្រាស់​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន Caterpillarនិង​ឧបករណ៍​សម្អាត​ថ្ម​ព្រម​ទាំង​រែង​ដី។ ការណ៍​នេះ​អាច​ឲ្យ​ពួកគេ​រក​បាន​រ៉ែ​មាស​បាន​រហ័ស​ជាង​កម្មករ​ក្នុង​ស្រុក​ដែល​ប្រើប្រាស់​ឧបករណ៍​ដោយ​ប្រើ​កម្លាំង​បាយ។

កម្មករ​ក្នុង​ស្រុក​ដែល​កំពុង​ខឹងសម្បារ​ទាំង​នេះ​មាន​ប្រតិកម្ម​ដោយ​កាត់​សំបក​កង់ បំផ្លាញ​ឧបករណ៍ ព្រមទាំង​វាយ​ដំ​ទៅ​លើ​កម្មករ​ជនជាតិ​ចិន​ថែម​ទៀត​ផង។ ជនជាតិ​ចិន​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ទៅ​តំបន់​ជិត​ខាង​ដើម្បី​សុវត្ថិភាព​ហើយ​ត្រឡប់​មក​វិញ​ត្រឹម​ដើម្បី​មើល​ការ​ខុស​ត្រូវ​ការងារ​ជំនួញ​របស់​ពួក​គេ​ប៉ុណ្ណោះ។

លោក Adamou Assamou ដែល​ជា​អ្នក​គ្រប់គ្រងប្រចាំ​តំបន់​ជា​យូរ​មក​ហើយនោះ​មានប្រសាសន៍​ថា ប្រជាជនក្នុង​ស្រុក​មិន​បាន​ឃើញ​នូវ​ការ​អភិវឌ្ឍ​តាម​ការ​សន្យា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា ​ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ថា ​កម្មករ​រ៉ែ​ចិន​ទាំងនោះ​ត្រូវ​មក​ទិញ​ដី​ និង​សង់​ផ្ទះ​ស្អាតៗ​ក្នុង​ភូមិ​របស់​ពួកគេ​ ប៉ុន្តែ​គាត់​ពោល​ថា​រឿង​ទាំង​អស់​នេះ​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ​ជនជាតិ​ចិន​ទាំង​នោះ​បាន​មក​សង់​ជំរុំ​ជា​បណ្តោះ​អាសន្ន​ក្បែរ​កន្លែង​រក​មាស។ ពួកគេ​មិនបាន​បិទ​រណ្តៅ​វិញ​នៅ​ពេល​ពួក​គេ​ធ្វើ​ការងារ​ចប់​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា​ ពួក​គេ​បាន​ឃើញ​ជនជាតិ​ចិន​ទាំង​នោះ​តែ​ពេល​ដែល​ពួក​គេ​មក​ទិញ​ចំណី​អាហារ​តែ​ប៉ុណ្ណោះ។

ប្រជាជនក្នុង​ស្រុក​បាន​និយាយ​ថា​ ការ​ជីក​យក​មាស​បាន​ធ្វើ​ឲ្យ​ខូច​រណ្តៅ​ព្រម​ទាំង​បំផ្លាញ​បន្លែ និង​ជម្រក​សត្វ​ផង​ដែរ។

ប៉ុន្តែ​អ្នក​ជីក​យក​រ៉ែ​មាស​ជនជាតិ​ចិន​ឈ្មោះ Chris Ho និយាយ​ថា ​ក្រុមហ៊ុន​របស់​គាត់​ដែល​ជា​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​បណ្តោះអាសន្ន​បាន​ផ្តល់​ផ្លូវ ម៉ាស៊ីន​ភ្លើង និង​ទឹក​ស្អាត​ដល់​ពួក​គេ។

លោក Ho បាន​និយាយ​ថា៖ «ពួក​យើង​បាន​សាងសង់​ផ្ទះ និង​អ្វីៗ​ផ្សេងៗ​ច្រើន​ណាស់។ ជនជាតិ​ចិន​ជា​ច្រើន​ធ្លាប់​បាន​មក​ដល់​ទី​នេះ​រួច​ហើយ។ ពួក​គេ​បាន​នាំ​របស់​ជា​ច្រើន​មក​កាន់​តំបន់​មួយ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​ក្នុង​ស្រុក​ផ្លាស់​ប្តូរ​ ព្រោះ​ថា​ជនជាតិ​ចិន​និង​ជនជាតិ​កាមេរូន​រស់​នៅ​ជុំ​គ្នា ហើយ​ពួក​យើង​យល់​ពី​គ្នា​ច្រើន​ជាង​មុន»។

ប្រទេស​ហ្គាណា (Ghana) ​ដែល​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​ផលិត​មាស​ក្នុង​ពិភពលោក បាន​ជួប​ប្រទះ​នូវ​ភាព​តានតឹង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។ ក្នុង​ឆ្នាំ ២០១៣ រដ្ឋាភិបាល​បាន​រឹត​បន្តឹង និង​ចាប់​ខ្លួន​កម្មករ​រ៉ែ​បរទេស ហើយ​ជា​ចុង​ក្រោយ​បាន​និរទេស​ជនជាតិ​ចិន​ជា​ច្រើន​ចេញ​ពី​ប្រទេស។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឈ្មោះ Emmanuel Mihamle មាន​ប្រសាសន៍​ថា​ ប្រទេស​កាមេរូន​ក៏​អាច​ធ្វើ​បែប​នោះ​បាន​ដែរ ថ្វី​ត្បិត​តែ​មាន​ចំណង​សម្ព័ន្ធភាព​យូរ​អង្វែង​ជាមួយ​ប្រទេស​ចិន​ក៏ដោយ។

លោក​បាន​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ប្រទេស​កាមេរូន​ទទួល​បាន​ឯករាជ្យ​ឆ្នាំ១៩៦០​មក ​ចិន​បាន​សាងសង់​ផ្លូវ មន្ទីពេទ្យ សាលារៀន និង​ទំនប់​វារី​អគ្គិសនី ហើយ​ជា​ការ​តបស្នង ប្រទេស​កាមេរូន​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ទាញ​យក​ និង​នាំ​ចេញ​ធនធាន​ធម្មជាតិ​ដូចជា មាស ប្រាក់ កៅស៊ូ ពេជ្រ និង​ឈើ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ សកម្មភាព​ទាំង​នេះ​ក៏​គួរ​តែ​ផ្តល់​នូវ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដែរ។

ក្នុង​ឆ្នាំ២០១៤ រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ទៅ​លើ​ការ​នាំ​ចេញ​មាស ​និង​ពេជ្រ​ខុស​ច្បាប់ ហើយ​បាន​បញ្ឈប់​កិច្ចសន្យា​រុករក​រ៉ែ​របស់​បរទេស​មួយ​ចំនួន៕

ប្រែសម្រួល៖ ស៊ូ រ៉ូហ្សានិច