ប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេបានបាញ់ព្រមានគ្នាទៅវិញទៅមកនៅជិតតំបន់ដែលមានជម្លោះនៅសមុទ្រភាគខាងលិចប្រទេសទាំងពីរ ដែលនេះគឺជាការផ្ទុះឡើងថ្មីចុងក្រោយបង្អស់នៃភាពតានតឹងយោធានៅលើឧបទ្វីបកូរ៉េ។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានបាញ់ព្រមាននាវាជំនួញកូរ៉េខាងជើងមួយគ្រឿងដែលឆ្លងផុតខ្សែកំណត់ព្រំដែនខាងជើង (Northern Limit Line (NLL)) ដែលត្រូវបានចាត់ទុកថាជាព្រំដែនសមុទ្រជាក់ស្ដែងរវាងប្រទេសកូរ៉េទាំងពីរ នៅវេលាម៉ោង ៣ និង ៤២ នាទីទៀបភ្លឺកាលពីថ្ងៃចន្ទ។
ប្រហែលជា ៩០ នាទីក្រោយមក កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោង ១០ គ្រាប់ចេញពីប្រព័ន្ធបាញ់រ៉ុក្កែតដែលអាចបាញ់បានច្រើនគ្រាប់របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងនាវាយោធាកូរ៉េខាងត្បូងមួយគ្រឿងដែលបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននោះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅជិតកោះ Baengnyeong ដែលជាកោះជួរមុខត្រួតត្រាដោយប្រទេសកូរ៉េខាងត្បូង និងបំពាក់ខ្លាំងក្លាដោយកងទ័ពនិងសព្វាវុធ។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា នាវាកូរ៉េខាងជើងនោះបានត្រឡប់ទៅទិសខាងជើងវិញ បន្ទាប់ពីកូរ៉េខាងត្បូងបានបាញ់ព្រមាន។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង នៅថ្ងៃចន្ទដដែលនោះ យោធាកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធដ៏ធំមួយនៅឯសមុទ្រភាគខាងលិចរបស់ខ្លួន «ដើម្បីត្រៀមលក្ខណៈសម្រាប់ការបង្កហេតុរបស់សត្រូវ»។
សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង ដែលមានការចូលរួមពីនាវាពិឃាត នាវាចម្បាំង ឧទ្ធម្ភាគចក្រចម្បាំង និងយន្តហោះចម្បាំងនានា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ក្រសួងនេះបានបន្ថែមថា កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
លោក Ryu Hyo-sang មេបញ្ជាការកងនាវាទី ២ នៃកងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង ដែលមើលការខុសត្រូវលើការធ្វើសមយុទ្ធនៅក្នុងសមុទ្រភាគខាងលិចនេះ បាននិយាយថា៖ «ប្រសិនបើសត្រូវបង្កហេតុ យើងនឹងដាក់ទណ្ឌកម្មពួកគេដូចដែលយើងបានហ្វឹកហាត់ដូច្នេះដែរ។ យើងត្រូវតែការពារដែនទឹករបស់យើង»៕