សេចក្តីព្រាងច្បាប់លេខ HR5754 ដែលមានគោលដៅនាំយកលទ្ធិប្រជាធិបតេយ្យទៅកម្ពុជានឹងអស់សុពលភាព នៅពេលដែលសភាតំណាងរាស្ត្របច្ចុប្បន្នបញ្ចប់អាណត្តិនៅដំណាច់ខែធ្នូ ឆ្នាំ២០១៨នេះ។ ប៉ុន្តែ អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកប្តេជ្ញាថា នឹងដាក់ស្នើច្បាប់នេះឡើងវិញភ្លាមៗ ក្រោយពីរដ្ឋសភាថ្មីចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។
សេចក្តីព្រាងច្បាប់ HR 5754 ឬហៅថា«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» កំពុងតែជាប់គាំងនៅគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចាប់តំាងពីខែកក្កដាមក ហើយមន្ត្រីនៃគណៈកម្មាធិការនេះបានប្រាប់វីអូអេថានៅមិនទាន់បានដាក់ចូលក្នុងកាលវិភាគសម្រាប់យកមកពិភាក្សាទេ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ។
តាមនីតិវិធីគឺសេចក្តីព្រាងច្បាប់ស្នើឡើងដោយសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់សុពលភាពជាស្ថាពរ បើសិនជាមិនទទួលបានការអនុម័តដោយព្រឹទ្ធសភា និងបញ្ជូនទៅប្រធានាធិបតី ដើម្បីចុះហត្ថលេខាឱ្យក្លាយជាច្បាប់នៅមុនពេលសភាតំណាងរាស្ត្រផុតអាណត្តិទេ។
សេចក្តីព្រាងច្បាប់ HR5754 នេះត្រូវបានដាក់ចូលសភាជាតិកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយសមាជិកសភា ធិត យូហូ (Ted Yoho) ហើយត្រូវបានអនុម័តដោយសភាពេញអង្គ ដោយគ្មានការជំទាស់ នៅថ្ងៃទី២៥ ខែកក្កដា គឺតែប៉ុន្មានថ្ងៃមុនពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាតិ។ សេចក្តីព្រាងច្បាប់នោះត្រូវបានបញ្ជូនទៅដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែកក្កដា ហើយត្រូវបានបញ្ជូនបន្តទៅគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា។
លោក ធិត យូហូ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋបានប្តេជ្ញាថា ប្រសិនបើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះឡើងវិញ។
លោកធិត យូហូ ដែលក៏ជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសបានបញ្ជាក់ប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍ពិសេសមួយថា៖
«គោលដៅរបស់យើង គឺស្នើច្បាប់នេះ នៅពេលដែលយើងចូលធ្វើការវិញ គឺប្រហែលជានៅខែមករា»។
សេចក្តីព្រាងច្បាប់លេខ HR 5754 មានគោលដៅលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ជាពិសេសដើម្បីបង្ហាញក្តីកង្វល់ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចាប់ឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រោយមកបានរំលាយអតីតគណបក្សប្រឆាំងនេះ។
ចាប់តាំងពីសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តកាលពីខែកក្កដា គឺរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយគ្មានបក្សប្រឆាំង ហើយឈ្នះយកអាសនៈសភាទាំង១២៥និងបង្កើតរដ្ឋាភិបាលឯកបក្សមួយ ដែលមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន។
នាពេលថ្មីៗនេះដោយសារមានសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសហគមន៍បស្ចិមប្រទេស គឺរដ្ឋាភិបាលលោកហ៊ុន សែន បានបន្ទន់ជំហរបន្តិចដោយបង្កើនល្បឿនបញ្ចប់ការកាត់ទោសមេដឹកនាំសហជីព បន្ធូរបន្ថយការរឹតត្បិតលើបណ្តាញសារព័ត៌មាន ដែលមានដូចជា VOA និង RFA ហើយកាលពីថ្ងៃព្រហស្បតិ៍រដ្ឋសភាបានអនុម័តសំណើវិសោធនកម្មច្បាប់ ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយមួយចំនួនក្នុងចំណោមអតីតបក្សប្រឆាំងចំនួន១១៨នាក់វិលត្រឡប់ទៅធ្វើនយោបាយឡើងវិញ។
ប៉ុន្តែលោក Ted Yoho មើលឃើញថា នេះមិនមែនជាចេតនាពិតរបស់លោកហ៊ុន សែន ទេ៖
«ខ្ញុំគិតថាវាជារឿងក្លែងក្លាយទេ។ ចំពោះលោកហ៊ុន សែន ដែលធ្វើដូច្នេះ ក្រោយពីការបោះឆ្នោតចប់ហើយ គឺគាត់គ្មានចាញ់អ្វីទេ ពីព្រោះគ្មានការបោះឆ្នោតទេ ហើយគាត់អាចទាមទាររកភាពស្របច្បាប់ដែលបានជាប់ឆ្នោតជាថ្មី បើទោះជាគាត់បានបណ្តេញបក្សប្រឆាំងចេញពីប្រទេស ឬដាក់គុកអ្នកដែលនៅក្នុងប្រទេស។ ហើយរឹតត្បិតបណ្តាញសារព័ត៌មាន។ ប៉ុន្តែនៅពេលការបោះឆ្នោតបានចប់សព្វគ្រប់ហើយ ស្រាប់តែគាត់មកអះអាងថា គាត់ជាមនុស្សល្អ។ គាត់គោរពតាមច្បាប់»។
លោកបានបន្ថែមថា សេចក្តីព្រាងច្បាប់ថ្មីរបស់លោកក៏នឹងមានការទាមទារ និងដាក់ទណ្ឌកម្មដដែល ហើយថា សហគមន៍អន្តរជាតិមិនគួរកែប្រែជំហរដោយគ្រាន់តែឃើញការផ្លាស់ប្តូរតិចតួចរបស់លោកហ៊ុន សែន ឡើយ៖
លោកបន្ថែមថា៖
«នេះគ្រាន់តែជាល្បែងគាត់លេងដែលយើងមិនលេងតាមទេ។ ពិភពលោកសេរីមិនជឿតាមរឿងអត់បានការនេះទេ។ ហើយប្រសិនបើគាត់ពិតជាគិតគូរពីការបន្សល់ទុកកេរមរតកសម្រាប់ខ្លួនគាត់ផ្ទាល់ និងប្រទេសរបស់គាត់ គឺត្រូវអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ តើគាត់ខ្លាចអី បើសិនជាគាត់ធ្វើការងារល្អ គឺពលរដ្ឋនឹងបោះឆ្នោតជ្រើសរើសគាត់ហើយ បើមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។ ប៉ុន្តែគាត់ហាក់ដូចជាមិនគិតអីចឹងទេ ពីព្រោះគាត់មិនបានអនុញ្ញាតឱ្យមានការបោះឆ្នោតដូចនេះទេ។ ការណ៍ដែលគាត់មកធ្វើសំណើ ដើម្បីឱ្យគេមើលឃើញថាគាត់ជាមនុស្សល្អ ហើយគាត់ចង់បានយុត្តិធម៌។ បើសិនជាអ្នកណាជឿតាមហ្នឹង គឺពិតជាការប្រមាថដល់ពលរដ្ឋកម្ពុជា។ ហើយខ្ញុំគិតថា សម្រាប់ពលរដ្ឋកម្ពុជា វាគឺជាការប្រមាថដល់ពួកគេហើយ ដែលគិតថាគាត់នឹងគោរពតាមច្បាប់ ហើយនៅពេលនេះ»។
អមនឹងសេចក្តីស្នើច្បាប់ HR 5754 គឺគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រក៏បានស្នើឱ្យដាក់ទណ្ឌកម្មថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ក្នុងនោះមានលោកហ៊ុន សែន នាយករដ្ឋមន្ត្រី លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិជាដើម។ កូន កូនប្រសានិងក្មួយប្រសារមួយចំនួនរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ត្រូវបានស្នើឱ្យបញ្ចូលក្នុងបញ្ជីខ្មៅផងដែរ។
រហូតដល់ពាក់កណ្តាលខែធ្នូនេះ មន្ត្រីនៃគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា និងមន្ត្រីនៃការិយាល័យលោក សមាជិកព្រឹទ្ធសភាម៉ាកូ រ៉ូប៊ីអូ ដែលជាប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់ព្រឹទ្ធសភា មិនបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ HR 5754 នេះនឹងត្រូវដាក់ចូលពិភាក្សានៅពេលណានៅឡើយទេ។
ក្នុងពេលកន្លងមក សកម្មជនខ្មែរអាមេរិកាំងបានធ្វើយុទ្ធនាការបញ្ចុះបញ្ចូលនានា ដើម្បីស្វែងរកការគាំទ្រពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។
បើទោះបីជាពេលវេលាកាន់តែខើចខ្លីសម្រាប់អនុម័តច្បាប់នេះ ប៉ុន្តែសម្រាប់សកម្មជននៅក្នុងសហគមន៍ខ្មែរអាមេរិកាំងនៅតែរក្សាក្តីសង្ឃឹមនៅឡើយ។
លោកប៉ុន សៅរី អ្នកនាំពាក្យនៃសាខាគណបក្សសង្គ្រោះជាតិអាមេរិក បានបញ្ជាក់ប្រាប់វីអូអេថា លោកនៅតែរក្សាក្តីសង្ឃឹម ដោយសារតែលោកបានទទួលការសន្យាពីមន្ត្រីនៅការិយាល័យរបស់លោកសមាជិកព្រឹទ្ធសភាម៉ាកូ រ៉ូប៊ីអូ ថានឹងខិតខំជំរុញច្បាប់នេះឱ្យបានទៅមុខកាន់តែឆាប់នៅមុនដំណាច់ឆ្នាំ២០១៨។
លោកបានបន្ថែមថា៖
«ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់ប្រាកដទេថា ច្បាប់នេះនឹងមិនត្រូវអនុម័តនោះ ពេលដែលខ្ញុំពិភាក្សាជាមួយទីប្រឹក្សាជាន់ខ្ពស់របស់សមាជិកព្រឹទ្ធសភាម៉ាកូ រ៉ូប៊ីអូ គាត់ថារឿងអ្វីទាំងអស់អាចកើតឡើងបានអីចឹង យើងនៅតែមានសង្ឃឹមបើទោះបីជាច្បាប់នេះមានពេលវេលាតិចតួច ដែលយើងសង្ឃឹមថានឹងត្រូវបានអនុម័តយ៉ាងណាក៏ដោយ»។
យ៉ាងណាក៏ដោយ លោកប៉ុន សៅរី បានពន្យល់ថា បើសិនជាខកខានមិនសម្រេចបាននៅត្រឹមដំណាច់ខែធ្នូនេះទេ គឺនឹងមានការខិតខំប្រឹងប្រែងជាថ្មីក្នុងរយៈពេលពីរឬបីខែដើមឆ្នាំ២០១៩ ដើម្បីសម្រេចច្បាប់នេះឱ្យបាន នៅពេលដែលរដ្ឋសភាថ្មីបានស្នើឡើងជាថ្មី។
លោកប៉ុន សៅរី បានបន្ថែមថា៖
«ច្បាប់ហ្នឹងបើមិនអាចអនុម័តបាននៅចុងឆ្នាំ២០១៨ទេ គឺត្រូវដាក់ស្នើឡើងវិញពីរដ្ឋសភាពេញអង្គថ្មី ដែលនឹងចាប់ដំណើរការនៅខែ១ ឆ្នាំ២០១៩នេះ ប៉ុន្តែយើងអត់មានផលពិបាកទេ ពីព្រោះថាច្បាប់ហ្នឹងត្រូវបានផ្តួចផ្តើមដោយសមាជិករដ្ឋសភាអាឡាំង សូវឹនសល និងធិត យូហូ ជាដើម ហើយពួកគាត់សុទ្ធតែជាអ្នកគាំទ្រច្បាប់ហ្នឹង ហើយគាត់នឹងយកទៅស្នើឡើងសារជាថ្មី ហើយនឹងអនុម័តដោយរដ្ឋសភាជាថ្មី»។
ការណ៍នេះនឹងត្រូវការឱ្យសកម្មជនខ្មែរអាមេរិកាំង ដូចជារូបលោកជាដើម ត្រូវធ្វើដំណើរមកជួបអ្នកតំណាងរាស្រ្តឱ្យបានញឹកញាប់ដើម្បីរំលឹកពួកគេ។
លោកជា មាស អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក (CNRP-USA) ដែលបានដឹកនាំប្រតិភូមកជួបនឹងអ្នកតំណាងរាស្ត្រកាលពីថ្ងៃទី៧ ខែធ្នូ យល់ថា សហគមន៍ខ្មែរនឹងធ្វើការបញ្ចុះបញ្ចូលនេះជាប់ជាប្រចាំទៀតនៅឆ្នាំក្រោយ។
លោកបានបន្ថែមថា៖
«ខ្ញុំមានការព្រួយបារម្ភដែរ ពីព្រោះច្បាប់ 5754នេះជារឿងរបស់យើង ប៉ុន្តែសហរដ្ឋអាមេរិកគេមានរឿងរបស់គេដែរ។ អីចឹងយើងជាអ្នកសុំគេ គឺមិនអាចបង្ខំគេបានទេ។ អីចឹងយើងធ្វើអ្វីដែលអាចធ្វើទៅបាន ហើយសំទុះរបស់ខ្មែរអាមេរិកាំង ខ្ញុំគិតថានៅតែដដែលតាមបណ្តារដ្ឋនីមួយៗ ប៉ុន្តែវាខ្វះនូវអ្នកជួយដាស់តឿន»។
លោកជា មាស ទទួលស្គាល់ថា ការខិតខំប្រឹងប្រែងរបស់សហគមន៍ខ្មែរអាមេរិកាំងនៅមានកម្រិតទាបជាងសហគមន៍អាស៊ីដទៃទៀត ក្នុងការធ្វើការបញ្ចុះបញ្ចូលស្ថាប័នច្បាប់ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។
លោកបន្ថែមថា៖
«រឿងសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភារាងមិនសូវមានសំទុះខ្លាំង ដោយសារចំនួននៃខ្មែរយើងនៅសហរដ្ឋអាមេរិកនេះតិចនៅក្នុងការធ្វើការហ្នឹង»។
រីឯលោកទូច វិបុល ប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង យល់ថា សកម្មជនខ្មែរ-អាមេរិកាំង នឹងបន្តធ្វើការជាមួយនឹងស្ថាប័ននីតិប្បញ្ញតិ្តរបស់សហរដ្ឋអាមេរិកជាប្រចាំដើម្បីធានាថា បញ្ហាកម្ពុជាមិនត្រូវបានគេបំភ្លេចចោលទេ។
សហរដ្ឋអាមេរិកមានច្បាប់មួយទៀតដែលកំពុងប្រើប្រាស់ ហើយអាចយកមកដាក់ទណ្ឌកម្មមន្ត្រីនៅប្រទេសនានានៅលើពិភពលោក ដែលរំលោភសិទ្ធិមនុស្ស គឺច្បាប់ម៉ានិតស្គី Magnitsky។ សហរដ្ឋអាមេរិកបានប្រើច្បាប់នេះដាក់ទណ្ឌកម្មមេបញ្ជាការកងអង្គរក្សរបស់លោកហ៊ុន សែន គឺលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ដោយសារមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកធិត យូហូ នៅតែប្តេជ្ញាថា លោកនឹងជំរុញឱ្យមានសេចក្តីព្រាងច្បាប់ HR5754 ឡើងវិញសម្រាប់កម្ពុជានៅឆ្នាំក្រោយនេះ៕