នៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងឈានដល់ការបោះឆ្នោតបឋមនៅក្នុងរដ្ឋញូវយ៉ក ដើម្បីជ្រើសរើសប្រធានាធិបតីនោះ លោក Ted Cruz កំពុងរៀនសូត្រមេរៀនថ្មីស្តីពីតម្លៃនៃវប្បធម៌អ្នកទីក្រុងញូវយ៉ក។ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Texas រូបនេះ ហាក់ដូចជាបានធ្វើឲ្យប៉ះពាល់ដល់ឱកាសនៃការធ្វើយុទ្ធនាការរបស់លោកដើម្បីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតបឋមថ្ងៃអង្គារខាងមុខនេះ ដោយសារតែលោកបានវាយប្រហារដោយផ្ទាល់ទៅលើលោក Donald Trump បេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋនៅដើមឆ្នាំនេះ ហើយការណ៍នេះត្រូវបានគេចាត់ទុកថាបានមាក់ងាយដល់ទីក្រុងញូវយ៉កនេះទាំងមូល។ គូបដិបក្ខមកពីគណបក្សសាធារណរដ្ឋដូចគ្នារបស់លោកនឹងមិនឲ្យលោករួចខ្លួនស្រួលៗនោះទេ។
សម្រាប់សមាជិកព្រឹទ្ធសភាលោក Ted Cruz ប៉ុន្មានថ្ងៃមុនឈានដល់ការបោះឆ្នោតបឋមនៅរដ្ឋញូវយ៉កគឺជាសុបិន្តដ៏អាក្រក់មួយ។
អ្នកក្រុងញូវយ៉កខ្លះស្រែកថា៖
«ប្រសិនបើអ្នកប្រឆាំងនឹងជនអន្តោប្រវេសន៍នោះ អ្នកមិនត្រូវបានស្វាគមន៍នៅទីនេះនោះទេ»។
«ចេញពីសង្កាត់ Bronx នេះទៅ»។
នៅសង្កាត់ទាំង៥ នៃទីក្រុងញូវយ៉ក អ្នករស់នៅទីនោះបានឲ្យលោក Cruz ស្គាល់រសជាតិនៃតម្លៃរបស់ពួកគេ។
អ្នកស្រី Bella អ្នករស់នៅសង្កាត់ Brooklyn ថ្លែងថា៖
«លោក Cruz ត្រូវតែត្រឡប់ទៅផ្ទះរបស់លោកវិញ។ មើលមុខរបស់គាត់ទៅ»។
នៅពេលដែលថ្នាក់ដឹកនាំទីក្រុងនិងរដ្ឋញូវយ៉កបានទាមទារឲ្យលោក Cruz ដែលជាសមាជិកព្រឹទ្ធសភារដ្ឋ Texas សុំទោសចំពោះពាក្យសម្តីរបស់លោកដែលបានលើកឡើងកាលពីខែមករា ដែលលោកបានធ្វើការរិះគន់ទៅលើពាណិជ្ជករលោក Donald Trump ដែលបានគាំទ្រតម្លៃរបស់អ្នកក្រុងញូវយ៉ក ថាជា«តម្លៃសង្គមសេរីនិយម» មួយនោះ លោកសមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ Ted Cruz យល់ស្របធ្វើការសុំទោសដោយមានលក្ខខណ្ឌ។
លោក Ted Cruz បេក្ខជនមកពីគណបក្សសាធារណរដ្ឋថ្លែងថា៖
«ខ្ញុំសូមអភ័យទោសចំពោះពលរដ្ឋញូវយ៉កដែលគាំទ្រជីវិតរស់នៅ (ប្រឆាំងការរំលូតកូន) ដែលគាំទ្រការរៀបអាពាហ៍ពិពាហ៍ (ប្រឆាំងអាពាហ៍ពិពាហ៍មនុស្សស្រឡាញ់ភេទដូចគ្នា) និងអ្នកគាំទ្រវិសោធនកម្មលើកទី២ (គាំទ្រសិទ្ធិកាន់អាវុធ) ដែលអភិបាលរដ្ឋញូវយ៉កគឺលោក Cuomo បានប្រាប់ថា មិនមានកន្លែងសម្រាប់ពួកគេនៅក្នុងរដ្ឋញូវយ៉កនោះពីព្រោះថា អ្នករស់នៅញូវយ៉ក គឺមិនដូច្នោះនោះទេ»។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីទទួលបានការគាំទ្រពីមូលដ្ឋានអភិរក្សនិយមនៅរដ្ឋញូវយ៉ក ប្រហែលមិនបានផលនោះទេ។ ទោះបីជាលោក Cruz ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋក៏ដោយ ពិន្ទុរបស់លោកនៅក្នុងការបោះឆ្នោតនៅរដ្ឋចុងក្រោយនេះគឺតិចជាងលោក Trump ៣៥ពិន្ទុ ហើយលោក Trump បានចាប់យកឱកាសវាយប្រហារចំណុចនេះ។
លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋថ្លែងថា៖
«លោក Cruz មាត់និយាយថាតម្លៃរបស់អ្នកញូវយ៉ក។ ប៉ុន្តែទឹកមុខរបស់គាត់ពោរពេញទៅដោយការប្រមាថ»។
អភិបាលរដ្ឋ Ohio លោក John Kasich ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងនាំមុខលោក Cruz បានចេញការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ថ្មីមួយហៅថា «តម្លៃ»។
ខ្លឹមសារដកស្រង់ខ្លះនៃវីដេអូនេះឃោសនាថា៖
«លោក Ted Cruz មើលងាយពីតម្លៃអ្នកញូវយ៉ក»។
«ខ្ញុំគិតថាមនុស្សភាគច្រើនស្គាល់ច្បាស់ពីអ្វីដែលជាតម្លៃរបស់អ្នកញូវយ៉ក»។
«លោក Ted Cruz បំបែកបំបាក់ដើម្បីទទួលសំឡេងឆ្នោត។ លោក John Kasich សាមគ្គីដើម្បីសម្រេចការងារ»។
ជាមធ្យម អ្នកគាំទ្រគណបក្សសាធារណរដ្ឋនៅក្រុងញូវយ៉កមិនសូវអភិរក្សនិយមនៅក្នុងសង្គមដូចពួកមកពីរដ្ឋស្ថិតនៅភាគខាងត្បូងនោះទេ។
ប៉ុន្តែនេះមិនមែនមានន័យថា លោក Cruz មិនរកបានការគាំទ្រច្រើននោះទេ រួមទាំងពីពីសំណាក់សមាជិកសហគមន៍ជ្វីហ្វ (Jewish) នៅឆ្នេរ Brighton ដែលមនុស្សជាច្រើនមានគំនិតដូចលោកទាក់ទិននឹងតម្លៃគ្រួសារ។
«លោកឈរលើជំហរនៃតម្លៃក្រមសីលធម៌។ វាមានសារៈសំខាន់ក្នុងការមានគ្រួសារមួយជាកោសិកាសង្គមរឹងមាំ»។
អ្នកដទៃទៀតគាំទ្រគោលជំហរដ៏មុតមាំរបស់លោក Cruzទាក់ទិននឹងបញ្ហាអន្តោប្រវេសន៍នេះ។
«ប្រសិនបើនរណាម្នាក់គាស់ចូលផ្ទះរបស់អ្នក អ្នកនឹងមិនឲ្យអ្នកនោះស្នាក់នៅផ្ទះរបស់អ្នកទេ។ ហើយប្រសិនបើនរណាម្នាក់លួចចូលប្រទេសរបស់យើង យើងនឹងបញ្ជូនអ្នកនោះត្រឡប់ទៅវិញផងដែរ»។
ប៉ុន្តែលោក Cruz ដែលបានចូលរួមធ្វើនំ Matzo ជាមួយសហគមន៍ជ្វីហ្វ (Jewish) កាលពីសប្តាហ៍មុន ហាក់ដូចជាអស់វេលាដើម្បីបញ្ចុះបញ្ចូលពលរដ្ឋក្រុងញូវយ៉កក្នុងការជ្រើសរើសលោក ជាជាងជ្រើសរើសយកលោក Trump និងលោក Kasich ហើយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា