សមាជិកព្រឹទ្ធសភាអាមេរិកាំងមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិកនៅគាំទ្រពលរដ្ឋកម្ពុជាដែលចង់បានលទ្ធិប្រជាធិបតេយ្យ ក្នុងពេលដែលមេដឹកនាំគណបក្សប្រឆាំងបានខកខានមិនអាចវិលត្រឡប់ទៅមាតុភូមិតាមកាលកំណត់នៅចំថ្ងៃបុណ្យឯករាជ្យជាតិ។
លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស ដែលមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានឆ្លើយតបតាមសារអេឡិកត្រូនិកទៅនឹងសំណួររបស់វីអូអេថា៖
«នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបំបិទសំឡេងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអ្នកនយោបាយជំទាស់ដែលចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញហើយរុញច្រានរលកនៃរបបផ្តាច់ការ។ សហរដ្ឋអាមេរិកត្រូវតែឈរជាមួយប្រជាពលរដ្ឋកម្ពុជាជាដាច់ខាតក្នុងការស្វែងរកសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំងតាំងពីឆ្នាំ២០១៥ បានប្ដេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ខែវិច្ឆិកា ដើម្បីដឹកនាំចលនាកម្លាំងពលរដ្ឋទាមទារការផ្លាស់ប្តូរចេញពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជិត៣៥ឆ្នាំហើយ។
ប៉ុន្តែផែនការរបស់លោក សម រង្ស៊ី ត្រូវខកខានក្រោយពីអាជ្ញាធរថៃមិនអនុញ្ញាតឱ្យលោកចូលក្នុងប្រទេសថៃដើម្បីជួបជាមួយនឹងអ្នកគាំទ្រដែលភាគច្រើនជាពលករចំណាកស្រុកនៅទីនោះនិងអ្នកគាំទ្រដែលធ្វើដំណើរពីប្រទេសនានាជុំវិញពិភពលោក ដើម្បីដឹកនាំពួកគេធ្វើដំណើរចូលទៅក្នុងប្រទេសកម្ពុជា។
មេបក្សប្រឆាំងដែលមានវ័យ៧០ឆ្នាំរូបនេះ បានចាកចេញពីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះឆ្ពោះទៅបន្តបេសកកម្មនៅអឺរ៉ុបទៀត បន្ទាប់ពីចំណាយពេលនៅប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី អស់រយៈពេលមួយសប្តាហ៍ ធ្វើសកម្មភាពការទូតដែលមានការជួបប្រជុំជាមួយនឹងមន្ត្រីបក្សកាន់អំណាច អ្នកតំណាងរាស្ត្រនិងក្រុមអ្នកការពារសិទ្ធិមនុស្ស។ នេះបើតាមការបញ្ជាក់របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស។
នៅក្នុងសារតាមទំព័រហ្វេសប៊ុកមុនចាកចេញដំណើរលោក សម រង្ស៊ី បានលើកទឹកចិត្តអ្នកគាំទ្រឱ្យបន្តការ «អត់ធ្មត់បន្តិចទៀត» ដោយអះអាងថាជិតទទួលបានជ័យជម្នះហើយ។
ប៉ុន្តែលោកបានបន្ថែមថា៖
«ខ្ញុំ សម រង្ស៊ី មិនអាចលើកទ័ពទៅតទល់ជាមួយលោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែនដីប្រទេសថៃបានដែរ បើរដ្ឋាភិបាលប្រទេសថៃ បិទផ្លូវមិនឲ្យខ្ញុំចូលទៅប្រទេសគេ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជា ដូចបានគ្រោងទុក សម្រាប់ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ តែខ្ញុំកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដោយអហិង្សានិងសន្តិវិធី»។
ប្រទេសកម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីចាត់ការប្រឆាំងនឹងលោក សម រង្ស៊ី តាមអំណាចដីកាស្វែងរកចាប់ខ្លួនរបស់តុលាការកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែមិនត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីអនុវត្តតាម។
សំណើរនេះធើ្វឡើងតាមរយៈស្ថានទូតនៃប្រទេសកម្ពុជាប្រចាំទីក្រុងហ្សាការតា និងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បានទៅដល់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែនៅថ្ងៃសុក្រនេះសេចក្តីថ្លែងការណ៍នេះត្រូវបានដកចេញពីទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដោយមិនមានការពន្យល់អ្វីទេ។
បើតាមសេចក្តីថ្លែងការណ៍ «បន្ទាន់» មួយនៅថ្ងៃសុក្រនេះ ដែលវីអូអេទទួលបានគឺស្ថានទូតបានប្រកាសដកសេចក្តីប្រកាសព័ត៌មានមុនចេញដោយបញ្ជាក់ថា «មានការវិវត្តន៍ថ្មី» ប៉ុន្តែមិនពន្យល់លម្អិតទេ។ សូម្បីតែសេចក្តីថ្លែងការណ៍បន្ទាន់ថ្មីនេះក៏ត្រូវបានដកចេញផងដែរ ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖
«វត្តមានលោក សម រង្ស៊ី នៅប្រទេសអាស៊ីពីរគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីនេះ គឺបញ្ជាក់ឱ្យឃើញថាបណ្ដាប្រទេសសមាជិកអាស៊ានដែលគេគោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ គេមិនធ្វើអ្វីតាមរបបលោក ហ៊ុន សែន ដែលចង់ឱ្យគេធ្វើទេ ទោះបីគេដឹងថារបបលោក ហ៊ុន សែន បានព្យាយាមប្រើប្រាស់មធ្យោបាយគ្រប់យ៉ាង ដើម្បីរារាំងលោក សម រង្ស៊ី មិនឱ្យចូលមកប្រទេសអាស៊ានហ្នឹង ប៉ុន្តែវាអត់បានដូចចិត្តទេ ព្រោះថាប្រទេសនីមួយៗគេមានអធិបតេយ្យភាពរបស់គេ ហើយគេគិតពីតម្លៃកិត្តិយសសម្រាប់ប្រទេសជាតិគេដែរ»។
ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងបណ្ដាញព័ត៌មានឯករាជ្យ។
កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍បឋមមួយទៅរដ្ឋាភិបាលកម្ពុជាដោយទុកពេលឱ្យមួយខែដើម្បីកែលម្អស្ថានការណ៍ឡើងវិញ ជាថ្នូរនឹងការរក្សាឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA)។ សហភាពអឺរ៉ុបនៅតែសម្ដែងក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពសិទ្ធិមនុស្សនិងពលកម្មដែលមិនបានប្រសើរឡើងក្នុងរយៈពេល៩ខែនៃការតាមដានរបស់ខ្លួន។
រយៈពេលពីរថ្ងៃមុនរបាយការណ៍នោះចេញ រដ្ឋាភិបាលកម្ពុជាបានដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំឃាំងដោយមានលក្ខខណ្ឌ។ ក្រោយពីរបាយការណ៍នោះចេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យដោះលែងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសហគមន៍ជាង៧០នាក់ ដែលកំពុងជាប់ឃុំឃាំងនិងបញ្ឈប់ការស្វែងរកចាប់ខ្លួនអ្នកដែលបានរត់ភៀសខ្លួន។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវពួកគេឱ្យវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា៖
«យើងមើលឃើញថា អ្នកទាំងអស់ហ្នឹងពិតជាអត់មានទោសមែន ទោះបីជារបបលោកហ៊ុនសែនចោទថារួមគំនិត ផ្សំគំនិតក៏វាបង្ហាញច្បាស់ថាមនុស្សទាំងអស់ហ្នឹងគាត់អត់មានកំហុស។ អីចឹងហើយស្ថិតក្រោមសម្ពាធពីសហគមន៍អន្តរជាតិលោក ហ៊ុន សែន ត្រូវតែដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញដោយចាំបាច់តែម្តង»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ថេត គ្រូស និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូបទៀតគឺលោក អេដវឺដ ម៉ាគី (Edward Markey) សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋម៉ាស្សាឈូសិត និងលោក ឌិក ដឺប៊ឹន (Dick Durbin) សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋអ៊ីលីណយ បានស្នើសេចក្ដីសម្រេចមួយដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសមាជិកគណបក្សប្រឆាំងនិងសកម្មជនប្រជាធិបតេយ្យបានវិលត្រឡប់វិញដោយសន្តិវិធី៕