លោក​ ទាវ វណ្ណុល​ ស្នើ​ឱ្យ​អយ្យការ​ឥត​ចាត់​រឿង​រិះ​គន់​រដ្ឋាភិបាល​ ព្រោះ​ជា​ការ​បញ្ចេញ​មតិ

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

បន្ទាប់ពី​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​លោក​ ទាវ វណ្ណុល​ ស្នើ​ឱ្យ​អយ្យការ​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល ព្រោះ​លោក​យល់​ឃើញ​ថា អ្វី​ដែល​លោក​បាន​អត្ថាធិប្បាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ គឺ​ជា​សេរី​ភាព​នៃ​ការ​សម្តែង​មតិ។​

នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មេដឹក​នាំ​នយោបាយ​ជំទាស់​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ សម្តី​របស់​លោក​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​ Nikkei Asia ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ខែ​កុម្ភៈ​នោះ ​គឺ​៨០%​ជា​ពាក្យ​ពិត។​

លោក​បន្ថែម​ថា​ អតា្ថធិប្បាយ​របស់​លោក​ធ្វើ​ឡើង​គ្រាន់តែ​ជា​ការ​ប្រៀបធៀប​អំពី​ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​ ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​គឺ ​លោក​ ហ៊ុន ម៉ាណែត​ និង​អតីត​នាយក​រដ្ឋមន្ត្រី ​គឺ​លោក​ហ៊ុន​ សែន។​

លោក​ទាវ វណ្ណុល​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ ​នៅ​ក្នុង​បទ​សម្ភាសន៍​ហ្នឹង​ ដូច​ខ្ញុំ​បាន​លើក​អ៊ីចឹង​វា​៨០% ​ជា​ពាក្យ​ពិត​របស់​ខ្ញុំ។​ ពាក្យ​សម្តី​របស់​ខ្ញុំមែន»។​

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន នៅក្រៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។(លាស់ លីបលីប/វីអូអេ)

លោក​បន្ថែម​ថា៖​ «ខ្ញុំ​និយាយ​ការណ៍​ពិត។ ការណ៍​ពិត​នៅ​ក្នុង​សង្គម​យើង។​ ខ្ញុំ​សង្កេត​ឃើញ​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​តាំងពី​ឯកឧត្តម​ធិបតី ​ហ៊ុន ម៉ាណែត ​បាន​ឡើង​មក​កាន់​តួនាទី​ហ្នឹង​ ការ​រឹត​ត្បិត ​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង ​ហើយ​អ្នក​សម្តែង​មតិ​ ក្នុង​ហ្នឹង ​ខ្ញុំ​បាន​លើក​ករណី​លោក ​នី ណាក់ ​អីអ៊ីចឹង។​ វា​កាន់​តែ​អាក្រក់​ទៅ»។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ​បាន​បដិសេដ​ថា ​លោក​មិន​បាន​និយាយ​ចោទ​រាជរដ្ឋា​ភិបាល​ថា​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក​ដើម្បី​ឃ្លាំមើល​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​២៤​ម៉ោង​នោះ​ទេ ​ ប៉ុន្តែ​លោក​ថា ​អាជ្ញាធរ​ទើប​ជា​អ្នក​ដាក់​កាមេរ៉ា​នោះ។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​ស្នើ​សុំ​អយ្យការ​ លោក​ទម្លាក់​ចោល​ការ​ចោទ​ បទ​ចោទ​ហ្នឹង​ ហើយ​សុំ​ឱ្យ​លោក​អយ្យការ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​ផ្ទាល់​ ដែល​គេ​បាន​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ថ្នាក់ដឹក​នាំ​របស់​គណ​បក្ស​ភ្លើង​ទៀន»។​

ប្រធាន​គណបក្ស​ភ្លើងទៀន ​លោក​ ទាវ​ វណ្ណុល ​ត្រូវ​បាន​មេធាវី​តំណាង​រាជ​រដ្ឋាភិបាល​ គឺ​លោក​ ផូ សុធាផល ​និង​លោក ​ម៉ម ចាន់ណែត ​ប្តឹង​កាល​ពី​ថ្ងៃទី​១៤ ​ខែ​កុម្ភៈ ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ Nikkei Asia​ ក្នុង​ប្រទេស​ជប៉ុន ​និង​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​បារាំង​ (RFI) ​អំឡុង​ពេល​លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​កុម្ភៈ។

លោក ​ជូង ជូងី ​មេ​ធាវីការពារ​ក្តី​ឱ្យ​លោក​ ទាវ វណ្ណុល ​ថ្លែង​ថា ​បើ​តាម​ផ្លូវ​ច្បាប់ ​កាលណា​កូនក្តី​របស់​លោក​និយាយ​ពាក្យ​ពិត ​គឺ​មិន​មាន​កំហុស​នោះទេ។​

លោក​ថ្លែង​ថា៖​ «កាលណា​អ្វី​ដែល​លើក​ឡើង ​នៅ​ចំពោះ​មុខ​ទីសាធារណៈ ​ឬ​ក៏​អ្វី​ដែល​ផ្តល់​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ជា​រឿង​ពិត​ វា​មិន​មាន​កំហុស​ទេ។​ ទោះបី​អ្វី​លើក​ឡើង​នោះ​ ប៉ះ​ពាល់​កិត្តិយស​ក៏​ដោយ។ ​ផ្លូវ​ច្បាប់​លុះត្រា​តែអ្វី​ដែល​លើក​ហ្នឹង​មិន​ពិត​ហើយ​ប៉ះពាល់​កិត្តិយស​ទើប​មាន​កំហុស»។​
វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សុផល ​តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​ក្រុម​មេធាវី​ការពារ​ក្តី​របស់​រដ្ឋាភិបាល​ លោក ​គី តិច​ បញ្ជាក់​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «ជា​ទូទៅ​ លោក ​ទាវ វណ្ណុល​ ត្រូវ​ខំប្រឹង​ឆ្លើយ​ដោះ​បន្ទុក​ ឯ​មេធាវី​រាជរដ្ឋាភិបាល ​ជាដើម​បណ្តឹង​ មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក»។​

លោក​បាន​បន្ថែម​ថា៖​ «ចំពោះ​ភស្តុតាង ​ត្រឹមត្រូវ ​ឬ​មិន​ត្រឹមត្រូវ​ ជា​ការ​ពិនិត្យ​សម្រេច​ដោយ​អយ្យការ ​និង​តុលាការ»។​

ប្រធាន​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក ​លោក​ នី សុខា ​ប្រាប់​វីអូអេថា​ ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ អ្នក​នយោបាយ​ឬ​ពលរដ្ឋ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​បញ្ចេញ​មតិ ​ហើយ​បើ​មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នេះ​ ផល​ប៉ះពាល់​ជា​អវិជ្ជ​មាន​នឹង​កើត​មាន​ទៅ​លើ​គោល​ការណ៍​គ្រឹះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ផ្តល់​តម្លៃ​លើ​សេរីភាព​ភាព​នៃ​ការ​បញ្ចេញ​មតិ។​ ​

លោក​លើក​ឡើង​ថា៖ ​«យើង​ឃើញ​ថា​នៅ​ប្រទេស​ប្រជា​ធិបតេយ្យ ​គេ​មិន​ដាក់​ទោស​ទណ្ឌ​អ្នក​ដែល​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​លើ​រឿង​ព្រហ្មទណ្ឌ​ទេ ​ព្រោះ​អាហ្នឹង​ជា​ការណ៍​មួយ​ដែល​រដ្ឋាភិបាល​ត្រូវតែ​លើក​ទឹកចិត្ត​ឱ្យ​មនុស្ស ​ឬ​ប្រជា​ពលរដ្ឋ​គេ​ហ្នឹង​មាន​ឱកាស​ក្នុង​ការ​និយាយ ​ក្នុង​ការ​បង្ហាញ​ពី​អ្វី​ដែល​គេ​មិន​សប្បាយ​ចិត្ត​ជាមួយ​ហ្នឹង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល»។​

មេដឹក​នាំ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​សម្តែង​មតិ​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច៕