ស្របពេលពិភពលោករង់ចាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ អ្នកវិទ្យាសាស្ត្រនានា កំពុងពិសោធន៍មើលថា តើវ៉ាក់សាំងការពារជំងឺផ្សេងទៀត អាចផ្ដល់ការការពារបានខ្លះដែរឬ ក៏អត់ សម្រាប់ទប់ទល់នឹងផលប៉ះពាល់អាក្រក់បំផុត ដែលបណ្ដាលមកពីជំងឺកូវីដ១៩។
វ៉ាក់សាំងការពារជំងឺរបេង កញ្ជ្រឹល និងស្វិតដៃជើង ប្រហែលជាអាចជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ ដែលអាចជួយទប់ទល់នឹងជំងឺកូវីដ១៩ បាន។
ទោះបីជាវ៉ាក់សាំងទាំងនេះ ប្រហែលជាមិនអាចផ្ដល់ការការពារបានល្អដូចវ៉ាក់សាំងដែលគេកំពុងបង្កើតសម្រាប់ជំងឺកូវីដ១៩ នេះក៏ដោយ ក៏ការស្រាវជ្រាវបានបង្ហាញរួចមកហើយថា វ៉ាក់សាំងទាំងនេះអាចជួយទប់ទល់នឹងជំងឺផ្សេងទៀតក្រៅពីជំងឺដែលជាគោលបំណងរបស់វ៉ាក់សាំងទាំងនេះ។
ជាងនេះទៀត រាប់ទស្សវត្សរ៍កន្លងមកនេះ ភស្តុតាងបានបង្ហាញថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព៕