កញ្ញា Taylor Swift ត្រូវ​បាន​ជ្រើសរើស​ជា​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្តី Time

ទស្សនាវដ្តី Time បាន​ជ្រើសរើស​​កញ្ញា Taylor Swift ជា​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៣

ទស្សនាវដ្តី Time បាន​ជ្រើសរើសកញ្ញា Taylor Swift ជា​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៣ របស់​ខ្លួន។ ​កញ្ញា Taylor Swift ត្រូវបាន​ជ្រើសរើសចេញពី​អ្នក​ប្រកួត​ផ្តាច់ព្រាត់​ដែល​រួមមាន Barbie ព្រះមហាក្សត្រCharles ទីIIIនិង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OpenAI លោក Sam Altman និង​អ្នក​ផ្សេងៗទៀត។

ព្រឹត្តិការណ៍​សំខាន់ៗក្នុង​ឆ្នាំ២០២៣របស់ កញ្ញា Taylor Swift រួមមាន​ការប្រគុំតន្ត្រី​និង​ខ្សែភាពយន្ត​តន្ត្រី​ Eras Tour ​ដ៏ពេញនិយម ការចេញ​អាល់ប៊ុមឈ្មោះថា «ឆ្នាំ១៩៨៩» ដែល​កញ្ញា​ថត​ឡើងវិញ ហើយ​នឹង​ទំនាក់​ទំនង​ជាមួយ​កីឡាករ​បាល់​អោប​អាមេរិកាំង​លោក Travis Kelce នៃ​ក្រុម Kansas City Chiefs ដែល​ត្រូវបាន​គេតាមដាន​យ៉ាង​ជិតស្និត។

កញ្ញា Taylor Swift ថែមទាំង​ជា​មុខវិទ្យា​សម្រាប់​ថ្នាក់សិក្សា​នៅ​មហាវិទ្យាល័យ​ជា​ច្រើន​ទៀត​ផង។

ទស្សនាវដ្តី Timeបាន​និយាយ​អំពី​ការជ្រើសរើសកញ្ញា Taylor Swift ថា«ស្របពេល​ដែល​ប្រជាប្រិយភាព​របស់​កញ្ញាបាន​រីកកាន់តែ​ធំឡើង​រាប់ទសវត្សរ៍ នេះ​គឺ​ជា​ឆ្នាំ​ដែល​កញ្ញា Taylor Swift វ័យ៣៣ឆ្នាំ​ បាន​ទទួល​ជោគជ័យ​ដ៏​ខ្លាំងក្លា​ទាំង​ផ្នែក​សិល្បៈនិង​ពាណិជ្ជកម្ម​ រហូតដល់​ការ​បញ្ចេញ​ថាមពល​នៃ​កម្លាំង​ប្រវត្តិសាស្ត្រមួយ»។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ជា​មនុស្ស​ប្រចាំ​ឆ្នាំ២០២២របស់​ទស្សនាវដ្តី Time។

ទស្សនាវដ្តី​ Time ជា​ទស្សនាវដ្តី​ព័ត៌មាន​ទូទៅ​ប្រចាំ​សប្តាហ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​អាមេរិក៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន