រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃប្រទេសអ្នកមានចំនួន២០ នឹងជួបគ្នាដោយផ្ទាល់ជាលើកទី១នៅថ្ងៃសុក្រចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩នៅឯការជួបប្រជុំនៅទីក្រុង Venice ប្រទេសអ៊ីតាលី ជាទីកន្លែងដែលការធ្វើកំណែទម្រង់ពន្ធសាជីវកម្ម នឹងស្ថិតនៅលើគេនៅក្នុងរបៀបវារៈ។
ក្រុមប្រទេស G-20 រំពឹងថា នឹងផ្តល់ការយល់ព្រមខាងផ្នែកនយោបាយដល់ផែនការសម្រាប់ច្បាប់ថ្មីថា តើនឹងត្រូវយកពន្ធពីក្រុមហ៊ុនចំនួនប៉ុន្មាននៅប្រទេសណាហើយដែលមានការគាំទ្រកាលពីសប្តាហ៍មុនដោយប្រទេសចំនួន១៣០នៅឯអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ឬ OECD ដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីស។
កិច្ចព្រមព្រៀងនោះ គ្រោងនឹងយកពន្ធប្រាក់ចំណូលសាជីវកម្មអប្បបរមាយ៉ាងតិចណាស់១៥ភាគរយ ដែលអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប៉ាន់ស្មានថា អាចប្រមូលប្រាក់ប្រហែល១៥០ពាន់លានដុល្លារបន្ថែមលើប្រាក់ចំណូលពន្ធសាកល ក៏ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតទេ។
ពួកមន្ត្រីនិយាយថា ការជួបប្រជុំគ្នារយៈពេល២ថ្ងៃនៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃប្រទេសអ៊ីតាលីនេះ នឹងបើកចំហឲ្យមានការពិភាក្សាថា តើនឹងអនុវត្តសំណើរបស់ OECD យ៉ាងដូចម្តេច ដោយមានគោលបំណងធ្វើកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនៅឯសន្និសីទកំពូលរបស់មេដឹកនាំប្រទេស G-20 នៅក្នុងទីក្រុងរ៉ូម នៅក្នុងខែតុលា។
សមាជិកក្រុមប្រទេស G-20 មានផលិតផលសរុបក្នុងស្រុកជាង៨០ភាគរយនៃផលិតផលសរុបរបស់ពិភពលោក មាន៧៥ភាគរយនៃពាណិជ្ជកម្មសាកលលោក និងមាន៦០ភាគរយនៃមនុស្សនៅលើផែនដី រួមមានប្រទេសរងការប៉ះពាល់បំផុតដូចជាសហរដ្ឋអាមេរិក ជប៉ុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងឥណ្ឌា៕