អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​បង្គាប់​ម្ចាស់​ក្រុម​ហ៊ុន​បុរី ​និង​ផ្ទះ​ល្វែង​ចំនួន​ពីរឱ្យ​ចូល​មក​ដោះ​ស្រាយ​បញ្ហា​បំណុល​ពន្ធ

រូបឯកសារ៖ សំណង់អគារខ្ពស់ស្កឹមស្កៃស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០។ (AFP)

​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បង្គាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បុរី​ និង​ផ្ទះ​ល្វែង​ចំនួន​២​ក្នុង​រាជធានី​ភ្នំពេញ​ចូល​ខ្លួន​មក​ទូទាត់​បំណុល​ពន្ធ។​ នេះ​បើ​យោង​តាម​លិខិត​ ចុះ​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២២ ​ចេញ​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ និង​ចុះ​ហត្ថលេខា​ដោយ​អគ្គ​នាយក​ពន្ធដារ​ លោក ​គង់ វិបុល។​

បើ​តាម​លិខិត​ដែល​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌មាន​ Freshnews​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ស្នើ​ឲ្យ​អគ្គ​នាយក​ក្រុមហ៊ុន​បុរី ​គីម ស័ង​ អ្នកស្រី ​គន ប៉ោស៊ាង​ និង​អគ្គ​នាយក​ក្រុមហ៊ុន​ផ្ទះ​ល្វែង ​VIP​ លោក ​វន វណ្ណៈ ​ចូល​មក​ដោះ​ស្រាយ​បំណុល​ពន្ធ​រដ្ឋ​ មិន​ឲ្យ​លើស​ពី​១៥​ថ្ងៃ​ ក្រោយ​កាល​បរិច្ឆេទ​នៃ​លិខិត​អញ្ជើញ​នេះ។ ​ យ៉ាង​ណាក្តី​ លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​ទំហំ​បំណុល​ពន្ធ​ដែល​ត្រូវ​បង់​នោះ​ទេ។​

លិខិត​បង្គាប់​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​កន្លង​មក​ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ស្នើ​អគ្គ​នាយក​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មក​ដោះ​ស្រាយ​បំណុល​ពន្ធ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​មក​តាម​ការ​អញ្ជើញ​ និង​មិន​បាន​ទូទាត់​បំណុល​ពន្ធ​នោះ​ទេ។ ​ លិខិត​នេះ​បន្ថែម​ថា​ ក្នុង​ករណី​អគ្គ​នាយក​ក្រុមហ៊ុន​ទាំង​ពីរ​រូប​មិន​បាន​មក​ដោះស្រាយ​តាម​កាល​កំណត់​ អគ្គ​នាយកដ្ឋាន​នឹង​ចាត់​ទុក​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌដូច​មាន​ចែង​ក្នុង​មាត្រា​១២៧ ​មាត្រា​១៣៥ ​និង​មាត្រា​១៣៦ ​នៃ​ច្បាប់​ស្តី​ពី​សារពើ​ពន្ធ ​ហើយ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។​

ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធ​ធំ​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ លោក​ អេង រតនា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ កាតព្វ​កិច្ច​ពន្ធ​ដែល​អគ្គនាយក​ក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ​ត្រូវ​ទូទាត់​គឺ​ជា​បន្ទុក​ពន្ធ​លើ​អាជីវ​កម្ម។​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​ទំហំ​ពន្ធ​ជាប់​បន្ទុក ​ឬ​ថា​ តើ​មាន​ការ​បង់ពន្ធ​ពី​សំណាក់​ម្ចាស់​អាជីវ​កម្ម​បុរី ​និង​ផ្ទះល្វែង​ទាំង​ពីរ​នាក់​នោះ​នៅ​ឡើយ​ឬ​យ៉ាង​ណា​ទេ ​ដោយ​សារ​តែ​លោក​មិន​មាន​ឯកសារ​ជាប់​ខ្លួន។​

លោក​បន្ត​ថា​ ការ​បង់ពន្ធ​ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​ ឬ​អាជីវករ​គ្រប់​រូប​ ហើយ​បើ​សិន​មាន​ករណី​គេច​វេះ​មិន​បង់​ពន្ធ​ នោះ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ក៏ដូច​ជា​ចំណាត់​ការ​បន្ត​បន្ទាប់​បន្ថែម​ទៀត។​

លោក​ថ្លែង​ថា៖​ «ធម្មតា​ អាហ្នឹង​ប្រកប​អាជីវកម្ម​គួរ​តែ​ចូលរួម​ក្នុង​ការ​បង់ពន្ធ។​ បើ​មិន​បង់​ទេ​គឺ​ខាង​ពន្ធ​ដារ​មាន​វិធាន​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​បទប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន។ ​ យើង​អញ្ជើញ​គាត់​មក​ធម្មតា។​ ​យើង​អញ្ជើញ​តាម​លិខិត​ស្នាម​ធម្មតា​ ហើយ​បើ​មិន​មក​ទេ ​អាច​មាន​វិធាន​ការ​បន្ត​ទៀត​ អាច​បង្កក​គណនី​ធនាគារ។​ ហើយ​បើ​គាត់​ប្រកប​អាជីវកម្ម​អី​ផ្សេង​ទៀត ​គឺ​បង្កក​អាជ្ញា​បណ្ណ​គាត់​ ជា​ពិសេស​គាត់​លក់​ផ្ទះ​អី​គាត់​អត់​អាច​លក់​បាន​ កាត់​ឈ្មោះ​អត់​បាន​ ឬ​ទិញ​ដី​អី​ក៏​ទិញ​អត់​កើត​ដែរ»។​

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ពុធ​នេះ។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ប៉ិច ពិសី​ បាន​ប្រាប់​វីអូអេ​ថា​ ការ​ប្រមូល​ពន្ធ​តាម​ច្បាប់​ជាធរមាន​ ជា​កាតព្វ​កិច្ច​ត្រូវ​បំពេញ​របស់​រាល់​សហ​គ្រាស ​ក្រុមហ៊ុន ​និង​អាជីវកម្ម​ផ្សេងៗ។ ​ លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ពន្ធដារ​ឲ្យ​បាន​ស្មើ​ភាព​ផង​ដែរ។ ​

លោក​ថ្លែង​ថា៖ ​«មិន​ថា​ក្រុមហ៊ុន​ហ្នឹង​ជា​ក្រុមហ៊ុន​ធំ​ ក្រុមហ៊ុន​តូច​ ក្រុមហ៊ុន​ខ្សែ​អ្នក​តូច​ទេ ​គឺ​យើង​ធ្វើ​ការ​អនុ​លោម​ហ្នឹង​ឲ្យ​ស្មើភាព​គ្នា​ និង​គ្រប់ជ្រុង​ជ្រោយ។​ កុំ​ឲ្យ​មាន​តែ​ក្រុមហ៊ុន​គាត់ ​ធម្មតា​ ​គាត់​អត់​មាន​ខ្សែ​គាត់​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ពេញ​លេញ​អ៊ីចឹង​ទៅ។​ ចំណែក​ក្រុមហ៊ុន​ដែល​គាត់​មាន​ខ្សែ​បណ្តាញ​ឬ​វិធី​ផ្សេងៗ​ រួម​ទាំង​ ឧទាហរណ៍​ថា​ លទ្ធភាព​នៃ​ការ​សូក​ប៉ាន់​ កេង​បន្លំ​អី​ផ្សេងៗ​ទៀត​ គាត់​អាច​គេច​ពន្ធ​បាន»។​

លោក​ ប៉ិច ពិសី​ក៏​ចង់​ឃើញ​ការ​លុប​បំបាត់​«អំពើ​ពុក​រលួយ ​និង​ការ​ចាប់​ជំរិត​ពន្ធ»​ ក្នុង​ទម្រង់​នៃ​ការ​ទារ​ថ្លៃ​សេវា​ក្រៅ​ផ្លូវ​ការ​បន្ថែម​ជា​ដើម ​ដែល​អាច​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន ​ឬ​អាជីវ​កម្ម​មួយ​ចំនួន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ផង​ដែរ។​

លោក​បាន​និយាយ​ថា៖​ «ទន្ទឹម​នឹង​គ្នា​ហ្នឹង​ គឺ​យើង​ត្រូវ​មើល​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដូចជា ​អំពើ​ពុក​រលួយ​ដែល​អាច​កើត​មាន​នៅ​ក្នុង​នីតិវិធី​រដ្ឋបាល​ ឬ​ក៏​គេ​ហៅ​ថា​ ការិយា​ធិបតេយ្យ​ហ្នឹង​គឺ ​យឺត​យ៉ាវ​ជា​ដើម។​ ហើយ​បើ​គេ​ថា​ បង់​ពន្ធ​ហើយ​ ពិបាក​បង់​ទៅ​ទៀត​ ឧទាហរណ៍ ​ឬ​គេ​សុំ​ច្បាប់​ចុះ​បញ្ជី​ផ្សេងៗ​ ពិបាក​សុំ​ច្បាប់​ទៅ​ទៀត»។​

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​បង់​ពន្ធ​លើ​អាជីវកម្ម​វិស័យ​សាង​សង់​សំណង់​ផ្ទះ​ល្វែង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ ដែល​តម្រូវ​ឲ្យ​មាន​ការ​បង់​ពន្ធ​ទៅ​តាម​ច្បាប់​ ខណៈ​វិស័យ​នេះ​មាន​ការ​រីក​ចម្រើន​ខ្លាំង៕