ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ឧកញ៉ា ស៊ី គង់​ទ្រីវ ឲ្យ​ទូទាត់​បំណុលពន្ធ


លោកឧកញ៉ា​ស៊ី គង់ទ្រីវ ​គឺជានាយក​ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក​គ្រុប​លីមីធីត និងជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​នៅ​ភ្នំពេញ។ (រូបដកស្រង់ពីបណ្តាញសង្គម)

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ឧកញ៉ា​ ស៊ី គង់ទ្រីវ ​អ្នក​រក​ស៊ី​មុខ​ជំនួញ​ច្រើន​នៅ​កម្ពុជា ​ប្រសិន​បើ​មិន​ចូល​មក​ទូទាត់​បំណុល​ពន្ធ​ក្នុង​រយៈ​ពេល ​១៥ ​ថ្ងៃ។​ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ១៩​ ខែ​ឧសភា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល ​VOA​ ទទួល​បាន។​

លិខិត​បញ្ជាក់​ថា​ អគ្គ​នាយកដ្ឋាន​ធ្លាប់​បាន​អញ្ជើញ​ក្រុមហ៊ុន​ឲ្យ​មក​បង់​ពន្ធ​ម្តង​ហើយ​ តែ​ក្រុមហ៊ុន​មិន​ទាន់​ចូល​មក​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ លិខិត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​អញ្ជើញ​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ ​នាយក​ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក​គ្រុប​លីមីធីត​ ដើម្បី​ដោះស្រាយ​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន​ម្តង​ទៀត។

អគ្គ​នាយកដ្ឋាន​មិន​បាន​បញ្ជាក់​អំពី​ទឹក​ប្រាក់​នៃ​បំណុល​ពន្ធ​ និង​មិន​បាន​បង់​ពន្ធ​លើ​ការ​រក​ស៊ី​អ្វី​ខ្លះ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​ តើ​ឧកញ៉ា​ ស៊ី គង់ទ្រីវ ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​ មិន​បាន​បង់​ពន្ធ​តាំង​ពី​ពេល​ណា​នោះ​ទេ។

នៅ​ក្នុង​លិខិត​នោះ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ លោក​ គង់ វិបុល​ បាន​កំណត់​ឲ្យ​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ ​ដែល​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​ ២០០៦​ ចូល​ទៅ​ដោះ​ស្រាយ​បំណុល​ពន្ធ​រដ្ឋ​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​មិន​ឲ្យ​លើស​ពី​ ១៥ ​ថ្ងៃ។​

លិខិត​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ ​«ក្នុង​ករណី​មិនបាន​អញ្ជើញ​មក​តាម​កាល​កំណត់​ខាង​លើ​នេះ​ទេ ​ឧកញ៉ា​នាយក​ត្រូវ​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​បញ្ញត្តិ​ស្ដីពី​ពន្ធដារ ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៧ ​មាត្រា ១៣៥ ​និង​មាត្រា​ ១៣៦ ​នៃ​ច្បាប់​សារ​ពើពន្ធ​ ហើយ​អគ្គ​នាយក​ដ្ឋាន​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្ដឹង​ទៅ​តុលាការ ​ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន»។​

មាត្រា​ ១៣៥​ និង​មាត្រា​ ១៣៦​ នៃ​ច្បាប់​ស្តីពី​សារ​ពើពន្ធ​ ចែង​ថា​ បុគ្គល​គេច​វេស​ពន្ធ​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ពី ​១ ​ឆ្នាំ​ទៅ ​៥ ​ឆ្នាំ។​

VOA​ មិន​អាច​ទាក់ទង​លោក ​គង់ វិបុល​ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​បាន​នៅ​ឡើយ​ទេ។ ​

VOA​ ក៏​មិន​ទាន់​អាច​ទាក់ទង​លោក​ឧកញ៉ា​ស៊ី គង់​ទ្រីវ​ បាន​ដែរ។​ ចំណែក​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​លើ​គេហ​ទំព័រ​ក្រុមហ៊ុន​ ខេ ធី ប៉ាស៊ីហ្វិក​ គ្រុប​លីមីធីត​ របស់​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ​ ក៏​ VOA​ មិន​អាច​ទាក់​ទង​បាន​ដែរ។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​ច្បាប់​ពន្ធ​នៅ​កម្ពុជា​មាន​ភាព​ខ្វះ​ចន្លោះ ​ព្រម​ទាំង​ការ​អនុវត្ត​ការ​បង់​ពន្ធ​ «បែប​បក្ខ​ពួក​និយម» ​បណ្តាល​ឲ្យ​អ្នក​មាន​ជំនួញ​ធំៗ​មួយ​ចំនួន​ មិន​ខ្វល់​ខ្វាយ​ក្នុង​ការ​បង់​ពន្ធ។​ លោក​បន្ត​ថា ​ការ​គេច​វេស​មិន​បង់​ពន្ធ​ ជាពិសេស​អ្នក​ជំនួញ​ធំៗ​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ចំណូល​ថវិកា​ជាតិ ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។​

«ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​មួយ​ដែល​អ្នក​រក​ស៊ី​ក្តី​អ្នក​នយោបាយ​ក្តី​ គាត់​ធ្វើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​ហៅ​ថា​ប្រព័ន្ធ​ខ្សែ​បក្ខ​ពួក​និយម។ ​អ៊ីចឹង​កាល​ណា​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ធំៗ​ ភាគ​ច្រើន​គាត់​ព្យាយាម​បញ្ចៀស​ការ​បង់​ពន្ធ​នៅ​ក្នុង​ទំហំ​ទឹក​ប្រាក់​ធំៗ​ហ្នឹង ​ដោយ​គាត់​ប្រើ​វិធី​ផ្សេង​វិញ ​តាម​រយៈ​ការ​សម្រប​សម្រួល​ពន្ធ ​តាម​រយៈ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​បណ្តាញ​ខ្សែ​ស្រឡាយ​ប្រព័ន្ធ ​ដែល​គាត់​មាន​ហ្នឹង»។​

លោក​ ប៉ិច ពិសី ​ជំរុញ​ឲ្យ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ និង​ស្មើភាព​សម្រាប់​អ្នក​បង់​ពន្ធ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ជំនួញ​ទាំង​ជាតិ ​និង​អន្តរជាតិ។​

«យើង​បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​ខាង​អាជីវកម្ម​ច្រើន​ហ្នឹង ​គឺ​គាត់​បាន​លើក​ឡើង​អំពី​ការ​មិន​ស្មើ​ភាព​គ្នា​ក្នុង​ការ​បង់​ពន្ធ​ហ្នឹង។ ​អ្នក​ខ្លះ​គេច​ពន្ធ​បាន​ អ្នក​ខ្លះ​អត់​អាច​មាន​លទ្ធ​ភាព​គេច​ទេ។ ​អ៊ីចឹង​បង្កើត​បរិយាកាស​រក​ស៊ី​មួយ​ដែល​អត់​ស្មើភាព ​ហើយ​បង្កើត​ជា​ក្រុម​បក្ខ​ពួក។ ​បើ​យើង​ចង់​រក​ស៊ី​ដូចគេ​ដូច​ឯង​ ទាល់​តែ​យើង​ចូល​ក្រុម​មាន​បក្ខ​មាន​ពួក​ ទៅ​ …​ធ្វើ​ឲ្យ​ប្រទេស​យើង​មិន​អាច​មាន​លទ្ធភាព​ទាក់ទាញ​វិនិយោគ​ទុន ​ដែល​គេ​រក​ស៊ី​ច្បាស់​លាស់​ទេ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ថា​ លោក​មិន​ជឿ​ថា​ អ្នក​រក​ស៊ី​ធំៗ​នៅ​ប្រទេស​កម្ពុជា​មិន​បង់​ពន្ធ​នោះ​ទេ។ ​លោក​ស្នើ​ឲ្យ​សួរ​សំណួរ​នេះ​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ថាតើ​ជា​បំណុល​ពន្ធ​យូរ​ឆ្នាំ​ ឬ​យ៉ាង​ណា។ ​ប៉ុន្តែ​លោក​ថា ​ម្ចាស់​ជំនួញ​មិន​អាច​មិន​បង់​ពន្ធ​យូរ​ឆ្នាំ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​ «គ្មាន​ជន​ណា​ដែល​អនុញ្ញាត​មិន​ឲ្យ​បង់​ពន្ធ​ក្នុង​មួយ​ឆ្នាំ​ទេ»។​

គេហ​ទំព័រ​វីគីលីកស៍ ​(Wikileaks) ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០០៧ ​បាន​រៀបរាប់​អំពី​ឧកញ៉ា​ ១០ ​នាក់​ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា ​ក្នុង​នោះ​ក៏​មាន​ឧកញ៉ា​ ស៊ី គង់ទ្រីវ​ ផង​ដែរ។​ គេហ​ទំព័រ​វីគីលីកស៍​ក៏​លើក​ឡើង​ទៀត​ថា ​លោក​ ស៊ី គង់ទ្រីវ​ ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ដែល​គេ​ស្គាល់​ថា ​SCA។ ​លោក​ក៏​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ថ្នាំ​ជក់​ឈ្មោះ ​British American Tabacco ​ និង​ក្រុមហ៊ុន ​Eastern Steel Industry Corporation​ ជា​ដើម ​ដែល​ផលិត​ស័ង្កសី​ឈ្មោះ​ស័ង្កសី​បូព៌ា។​

កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​មីនា ​ឆ្នាំ ​២០២០​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ​ ដែល​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​រដ្ឋា​ភិបាល​កម្ពុជា​សម្រាប់​សកម្ម​ភាព​បង្ការ​ និង​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩។ ​បន្ទាប់​មក​ក្នុង​ខែ​ឧសភា ភរិយា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ គឺ​លោកស្រី​ ប៊ុន រ៉ានី​ ក៏​បាន​ចេញ​បណ្ណ​ថ្លែង​អំណរ​គុណ​ក្នុង​នាម​ជា​ប្រធាន​កាកបាទ​ក្រហម​ដល់​លោក​ឧកញ៉ា ស៊ី គង់ទ្រីវ ​និង​ភរិយា​របស់​លោក​គឺ​លោកស្រី ​ភូ ហុងស៊ួន ​ក្នុង​ការ​ផ្តល់​ប្រាក់​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​ទៀត​ ដល់​កាក​បាទ​ក្រហម​កម្ពុជា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG