ប្រធានាធិបតីតង់សានីអ្នកស្រី Samia Suluhu Hassan បានប្ដេជ្ញាស្តារនយោបាយប្រកួតប្រជែងនិងការពិនិត្យលើរដ្ឋធម្មនុញ្ញឡើងវិញកាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅនេះក្នុងអំឡុងពេលការជួបជុំរបស់សមាជិកគណបក្សប្រឆាំងក្នុងការអបអរសាទរទិវាសិទ្ធិនារី ដែលអ្នកស្រីត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស។
អ្នកស្រី Hassan បានថ្លែងថា៖ «រាល់ដំណើរការនៃការអភិវឌ្ឍចាប់ផ្តើមជាមួយនឹងការបោះជំហានមួយ និងថាការវិវឌ្ឍទៅមុខនឹងកើតមានជាសន្សឹមៗស្របតាមច្បាប់និងគោលការណ៍របស់ប្រទេសតង់សានី»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសន្យាចំពោះជនរួមជាតិរបស់ខ្ញុំថា កំណែទម្រង់ផ្សេងៗនឹងធ្វើឡើង ហើយនឹងមានការកសាងប្រជាជាតិថ្មីមួយ ដែលជាប្រជាជាតិតង់សានីប្រកបដោយនយោបាយប្រកួតប្រជែងនិងគ្មានអំពើហិង្សា»។
ចាប់តាំងពីចូលកាន់អំណាចនៅឆ្នាំ ២០២១ បន្ទាប់ពីមរណភាពរបស់លោកអតីតប្រធានាធិបតី John Magufuli មក អ្នកស្រី Hassan បានធ្វើការកែប្រែគោលនយោបាយមួយចំនួនរបស់លោក Magufuli ដែលក្នុងនោះរួមមានទាំងការដកបម្រាមលើបាតុកម្មផ្នែកនយោបាយផងដែរ។
រដ្ឋាភិបាលរបស់លោក Magufuli បានអនុម័តច្បាប់តឹងរ៉ឹងមួយចំនួនដូចជាច្បាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីរឹតត្បិតក្រុមអ្នករិះគន់ អ្នកនយោបាយគណបក្សប្រឆាំង និងអ្នកសារព័ត៌មានជាដើម។ ច្បាប់នេះបាននាំឱ្យមានការផ្អាកស្ថាប័នសារព័ត៌មានចំនួនបួននិងបណ្តាញផ្សព្វផ្សាយព័ត៌មានអនឡាញមួយចំនួន។
នៅក្រោមការដឹកនាំរបស់លោក Magufuli សមាជិកគណបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ខ្លួននិងដាក់ក្នុងពន្ធនាគារចំពោះការចូលរួមក្នុងសកម្មភាពនយោបាយ។
អ្នកស្រី Devotha Minja ដែលជាសមាជិកនៃផ្នែកក្រុមស្ត្រីរបស់គណបក្ស Democracy and Progress ដែលជាគណបក្សប្រឆាំង បាននិយាយថា៖ «តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី យើងជឿថា យើងនឹងមាននយោបាយបែបប្រជាធិបតេយ្យដែលផ្តល់ឱ្យប្រជាពលរដ្ឋនូវសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំដែលពួកគេចង់បាន។ នេះគឺការជឿថា មេដឹកនាំដែលពួកគេជ្រើសរើសនឹងត្រូវប្រកាសឡើងដោយគណៈកម្មការបោះឆ្នោត ហើយនឹងជាមេដឹកនាំម្នាក់ដែលបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ មិនដូចស្ថានភាពបច្ចុប្បន្ននេះទេ»។
សកម្មជនសិទ្ធិមនុស្សតង់សានីមានសុទិដ្ឋិនិយមអំពីអនាគតលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោក Kumbusho Dawson ដែលជានាយកប្រតិបត្តិនៃអង្គការ Reach Out Tanzania ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្តោតលើការលើកកម្ពស់សិទ្ធិស៊ីវិលនិងនយោបាយ បាននិយាយថា៖ «ខ្ញុំយល់ឃើញថានេះជាការបោះជំហានដ៏ធំមួយ ហើយវាបង្ហាញថា អ្នកស្រីប្រធានាធិបតីកំពុងបង្កើតឱកាសសម្រាប់គណបក្សនយោបាយដទៃទៀតនិងឆាកនយោបាយបែបប្រកួតប្រជែង។ នេះរួមមានទាំងការអនុញ្ញាតឱ្យមានការជួបជុំផ្នែកនយោបាយផងដែរ»។
លោកបានបន្ថែមថា នៅពេលនិយាយអំពីរដ្ឋធម្មនុញ្ញថ្មី នេះជាការទាមទារជាយូរមកហើយមួយ។ មេដឹកនាំមុនអ្នកស្រីបានបដិសេធយ៉ាងដាច់អហង្ការថា លោកផ្តល់អាទិភាពលើការអភិវឌ្ឍជាមុន។
អ្នកវិភាគនយោបាយលោក Deus Kibamba ដែលជាសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ (Center for Foreign Relations) នៅក្នុងប្រទេសតង់សានី បាននិយាយថា ការលើកឡើងរបស់អ្នកស្រីប្រធានាធិបតីពាក់ព័ន្ធនឹងការស្តារនយោបាយប្រកួតប្រជែងនិងការពិនិត្យលើរដ្ឋធម្មនុញ្ញឡើងវិញគឺទទួលបានការស្វាគមន៍។
ទោះជាយ៉ាងណាក៏ដោយ លោកបានបង្ហាញមន្ទិលថាតើសមាជិកគណបក្ស Chama Cha Mapinduzi ដែលជាគណបក្សកាន់អំណាច នឹងគាំទ្រចំណាត់ការដូចនេះដែរ ឬក៏អត់។
លោក Kibamba និយាយដូច្នេះថា៖ «មាននិន្នាការដែលបេក្ខជនឈរឈ្មោះឈ្នះការបោះឆ្នោតដោយមិនមានការប្រកួតប្រជែង។ គណបក្សដែលធ្លាប់ឆ្លងកាត់ដូចនេះមិនអាចធ្វើតាមចិត្តរបស់អ្នកស្រីប្រធានាធិបតីដែលមានបំណងចង់បានការប្រកួតប្រជែងពិតប្រាកដនោះទេ»។
ស្របពេលនេះដែរ អ្នកនយោបាយគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សសង្ឃឹមថា ការប្រកួតប្រជែងនយោបាយដោយស្មើភាពនឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែពួកគេបានបង្ហាញការព្រួយបារម្ភដោយសារតែគណបក្សរបស់អ្នកស្រីប្រធានាធិបតី Hassan គឺជាអ្នកដែលបានបង្កើតឱ្យមាននូវបរិយាកាសនយោបាយនាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា