ប្រជា​សហ​គមន៍​រស់​នៅ​ជាប់​បឹង​តាមោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋមន្ត្រី

ពលរដ្ឋដែលឡើងមកសុំអន្តរាគន៍នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យដោះស្រាយរឿងទំនាស់ដីធ្លី ឈរឱបរូបថតលោកនាយករដ្ឋមន្ត្រី ដោយទឹកមុខស្រពោធ នៅសួនវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

តាំង​ពី​ព្រលឹម​ស្រាង​ៗ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​សំរោង​ត្បូងជាប់​ផ្ទៃ​បឹង​តា​មោក​ប្រមាណ​១០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោមដើម​ពោធិ៍​មួយ​ក្នុង​ទីធ្លា​សួន​វត្ត​បទុមវតី ដើម្បី​សុំ​កិច្ច​អន្តរា​គមន៍​ពី​ខុទ្ទ​កា​ល័យ​នាយក​រដ្ឋមន្ត្រី។

ពលរដ្ឋ​ដែល​កំពុង​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​បាន​ស្នើ​សុំ​ឱ្យ​កាត់​ឆ្វៀល​ដី​៥​ហិកតា​ដល់​ពលរដ្ឋ​ជាង​១០០​ខ្នង​ផ្ទះ​ ដែល​ពួកគេ​អះ​អាង​ថា​បាន​រស់​នៅ​ទី​នោះ​ជាង​២០​ឆ្នាំ ឬ​តាំង​ពី​អំឡុង​ឆ្នាំ​១៩​៩០។

ប្រជា​ពល​រដ្ឋ​រំពឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹងផ្តល់​យុត្តិធម៌​ដល់​ពួកគេ ដូច​ជា​ការ​ស្នើ​សុំ​ឱ្យ​កាត់​ឆ្វៀល​ដី និង​ការ​ធ្វើ​សៀវភៅ​គ្រួសារ​ សៀវ​ភៅ​ស្នាក់នៅ និង​ការ​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​អំពី​ការ​ចាក់​ដី និង​ថ្ម​ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួក​គេ ដោយ​ស្នើ​ពេល​មួយ​រយៈ​ទៀត ដើម្បី​ប្រមូល​ផលត្រី​ ដែល​ចិញ្ចឹម​ក្នុង​បឹង ។ ពលរដ្ឋ​ទាំង​នោះ​បន្ត​ថា​ពួក​គេ​អស់​ជំនឿ​លើ​ពាក្យ​សម្តី​របស់​អាជ្ញាធរ​មូល​ដ្ឋាន និង​ព្រួយ​បារម្ភ​ខ្លាច​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ពេល​ណា​មួយ។

ស្រ្តី​វ័យ​អាយុ​៥៦​ឆ្នាំ ដែល​ឡើង​មក​សុំ​អន្តរាគមន៍​ជាមួយ​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ទៀត គឺ​អ្នកស្រី ​ផន សុំ ថ្លែង​ថា​ប្រជាពលរដ្ឋ​មិន​ទុក​ចិត្តពាក្យ​សម្តី​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ទើប​មក​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី។

អ្នកស្រី​ថ្លែង​ថា៖ «គាត់​[អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​]​បាន​តែ​សន្យា​យើង​ចោល ​យើង​ទៅ​ដាក់ញត្តិ​យើង​ទៅ​ដាក់​ពាក្យ ​គាត់​បាន​តែ​ទទួល​ហើយ គាត់​យក​របស់​យើង​ធីប​ចោល ​កប់​ចោល គាត់​មិន​ទទួល​ស្គាល់​យើង។ ហើយ​គាត់​មក​ដៀងពួក​ខ្ញុំ​ថា​ពួក​ខ្ញុំ​នៅ​លើ​ដី​ចំណី​ផ្លូវ នៅ​លើ​ដី​អនុក្រឹត្យ​មិន​ស្រប​ច្បាប់។ អ៊ីចឹង​ប្រជាពលរដ្ឋ​សួរ​ថា​២០​ ឬ​៣០​ឆ្នាំ​ហើយ​ នៅ​តែ​អត់​ស្រប​ច្បាប់​ទៀត​ឬ​អី​ពួក​ខ្ញុំ​ហ្នឹង មាន​ដល់​ទៅ​ចៅ​រៀង​ៗ​ខ្លួន​អស់​ហើយ​នែក! ហេតុ​អ្វី​បាន​ជា​ថា​ពួក​ខ្ញុំ​អត់​ស្រប​ច្បាប់​ ថា​ពួក​គាត់​ស្រប​ច្បាប់​ ហើយ​គាត់​ដៀលខ្ញុំ​ថា​ខ្ញុំ​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ចុះ​គ្រប់​គ្នា​គេ​អត់នៅ​ចិញ្ចើម​ផ្លូវ? ចុះ​បើ​មិនឱ្យ​ខ្ញុំ​នៅ​ចិញ្ចើម​ផ្លូវ​ កាត់​ទៅ​ដី​រាប់​ហិកតា ​កាត់​ឱ្យ​ខ្ញុំ​ថយ​ក្រោយ​ទៅ។ ខ្ញុំ​ចាក់​ដី​ក៏​បិទ​សិទ្ធិ​ ខ្ញុំ​ធ្វើ​អ្វី​មួ​យ​ ក៏​បិទ​សិទ្ធិ​ពួក​ខ្ញុំ​ទាំង​អស់ ​[និង]​មិន​ផ្តល់​ឱ្យ​ខ្ញុំ​ទាំង​អស់»។

ប្រជាសហគមន៍សំរោងត្បូងរស់នៅជាប់បឹងតាមោក អង្គុយលើកបដា នៅទីធ្លាសួនវត្តបុទុមវត្តី ដើម្បីសុំអន្តរគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ស្ត្រី​រូប​នេះ​ដែល​បាន​អះអាងថា​ខ្លួនរស់​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ បន្ថែម​ថា​ ការ​ឡើង​មក​ដាក់​លិខិត​ស្នើ​សុំ​នេះ​ គឺ​គ្រាន់​តែ​ចង់​ឱ្យ​លោក​នាយ​ក​រដ្ឋ​មន្ត្រី​បា​ន​ដឹង​ព័ត៌​មាន​ពិត​ប្រាកដ និង​ដោះ​ស្រាយ​កាត់​ឆ្វៀល​ដី​ឱ្យ​ប្រជាពលរដ្ឋ ព្រោះ​ពល​រដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ​មូល​ដ្ឋាន និង​ព្រួយ​ខ្លាច​ថា​ត្រូវ​បាត់​បង់​ទី​ជម្រក​នៅ​ថ្ងៃ​ណា​មួយ។

អ្នកស្រី​បន្ថែម​ថា៖ ​«​អ៊ីចឹង​ខ្ញុំ​មាន​តែ​រត់​ឱ្យ​សម្តេច​ហ្នឹង​ហើយ​ដែល​ជួយជា​ឪពុក​ជា​ម្តាយ​របស់​ខ្ញុំ​ អ៊ីចឹង​មាន​សម្តេច​ទេ​ដែល​ជួយ​កូន​ចៅ​បាន។ បើ​ដឹង​ដល់​សម្តេច​ គឺ​សម្តេច​ជួយ​កូន​ចៅ​ហើយ​។ អ៊ីចឹង​ខ្ញុំ​មក​នេះ​មាន​តែ​រំពឹង​ថា​ពិត​ជា​ឪពុក​ជួយ​ដល់​ខ្ញុំ គឺ​ឪពុក​ជួយ​កូន​ជួយ​ចៅ​ហើយ​ ពីព្រោះ​កូន​ចៅ​នេះ​មិន​មែន​មក​ប្លន់ មិន​មែន​មក​លួច​ មិន​មែន​មក​ធ្វើ​អ្វី​ទេ ​គឺ​មក​លើក​ដៃ​សុំ​ឪពុក​ជួយ»។

ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​សំរោង​ត្បូង ក្នុង​ខណ្ឌ​ព្រែកព្នៅ ភាគ​ច្រើន​បានសង់​ផ្ទះ​ឈើ​ជាប់ផ្លូវ​លេខ​១៣០ ដោយជើង​សសរ​ផ្ទះ​នៅ​ក្នុង​ទឹក​បឹង​តាមោក​ ​ទៅ​តាម​ទំហំ​ផ្ទះ​នៃលទ្ធភាព​គ្រួសារ​នីមួយ​ៗ​ ដែល​ផ្ទះខ្លះ​មាន​ទទឹង៣​ម៉ែត្រ ខ្លះ​៤​ម៉ែត្រ​ និង​ខ្លះ​៨​ម៉ែត្រ​ជា​ដើម។ ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ប្រកប​របរ​នេសាទ ចិញ្ចឹម​ត្រី​ និង​ដាំ​បន្លែ​លើ​ទឹក​ ​រក​និងលក់​ដូរ​ខ្ចៅ​ខ្ចង ក្រអៅ​ឈូក​ និង​លក់អីវ៉ាន់​ចាប់​ហួយ​នៅ​តាម​មុខ​ផ្ទះ​របស់​ពួក​គេ​នីមួយ​ៗ។

លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា​ទទួល​លិខិត​របស់​ពល​រដ្ឋ។

អាជ្ញាធរថតរូបប្រជាសហគមន៍សំរោងត្បូងរស់នៅជាប់បឹងតាមោក អង្គុយនៅទីធ្លាសួនវត្តបុទុមវត្តី ដែលឡើងមកដាក់លិខិតសុំអន្តរគមន៍អំពីរឿងទំនាស់ដីធ្លីរបស់ពួកគេ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ស្ត្រី​ម្នាក់​ទៀត​ដែលកំពុង​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​បណ្តើរ​ ស្រក់​ទឹក​ភ្នែក​បណ្តើរ អ្នកស្រី ហុន ស្រីណាក់ អាយុ​៣៧​ឆ្នាំ​ បានរៀប​រាប់​ផល​លំបាក​របស់​ខ្លួន​ ដែល​នឹង​ប្រឈម​នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​មិន​មាន​កន្លែង​ស្នាក់​នៅ។ អ្នកស្រី​ស្នើ​សុំ​ដូច​គ្នា​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​ការ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ដោយ​ស្រប​ច្បាប់​ ​ផ្តល់​សៀវ​ភៅ​គ្រួសារ និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កុំ​ទាន់​លុប​បឹង​ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​អ្នកស្រី ​និង​របស់​ពលរដ្ឋ​ផ្សេង​ទៀត។

អ្នកស្រី​បន្ថែម​ថា៖ «ខ្លះ​មាន[ផ្ទះ​ទំហំ]​៦​ម៉ែត្រ មាន៧​គ្រួសាររស់​នៅ​លើ​ហើយ​ ​ដាក់​គ្រែ​ដេក​នៅ​ក្រោម​ហ្នឹង​ទៀត។ ហើយ​បើ​ខ្ញុំ​វិញ​ដី​តែ​៣​ម៉ែត្រ​ ដេក​លើ​ផ្ទះ​មិន​អស់​ កូន​ទៅ​ដេក​លើ​ទូក​ រក​កំពឹស រក​ត្រី នៅ​ទូក​ទៀត​ ៤​នាក់​ដេក​ទូក។ បើ​ដឹក​លើ​ផ្ទះ​ទាំង​អស់​គ្នា​ ដេក​អត់​អស់​ទេ​បង​ ព្រោះ​ផ្ទះ​ទំហំ​តែ​២​ម៉ែត្រ​៧​តឹក​រស់​នៅ​ដល់​តែ​១២​នាក់ មាន​ប្រុស​មាន​ស្រី​ ដេក​ច្របូល​ច្របល់​គ្នា​ វា​មិន​កើត​ក្មេង​វា​ទ្រើស​[ធំ]។ ដល់​អ៊ីចឹង​អា​ខ្លះ​ដេក​ទូក​ទៅ អា​ប្រុស​ៗ ដេក​ទូក​ទៅ ស្រីៗ​ដេក​លើ​ផ្ទះ​ជាមួយ​ម៉ែ ជាមួយ​យាយ​ហ្នឹង​ទៅ​ អា​ប្រុស​ៗ​ដេក​ទូក​ជាមួយ​ឪ​វា​ហ្នឹង»។

អ្នកស្រី​ដែល​មាន​កូន​៩​នាក់ និងបាន​ខ្ចី​លុយ​ធនាគារ​ប្រមាណ​៨​ពាន់​ដុល្លារ​អាមេរិក បាន​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ខ្លាច​ថា​ខ្លួន​នឹ​ងត្រូវ​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ​លំបាក​បន្ថែម​ទៀត ឬ​ជាប់​បំណុល​ធនាគារ ដោយ​សារ​មិន​អាច​ប្រមូល​ផល​ត្រី​ដែល​អ្នកស្រី​ដាក់ចិញ្ចឹម​ក្នុង​បឹង​តាមោក​បាន ព្រោះ​អាជ្ញាធរ​កំពុង​លុប​ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​អ្នកស្រី។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​មិន​ទទួល​យក​ការ​ដោះ​ដូរ ឬ​ទៅ​កន្លែង​ណា​ ក្រៅ​ពី​កន្លែង​រស់​នៅ​រាល់​ថ្ងៃ​នេះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ធ្លាប់​រក​នៅ​តាម​ថ្នល់​ដាក់​លក់​ទឹក​សុទ្ធ​ រើស​ខ្ចង បេះ​ត្រកូន​ ខ្ញុំ​ដាក់​លក់​តែ​តាម​ថ្នល់​ក៏​មាន​អ្នក​ទេស​ចរ​ អ្នក​ដើរ​លេង​ដំណើរ​តាម​ផ្លូវ​ហ្នឹង គេ​ជួយ​ទិញ ក៏​ខ្ញុំ​អាច​ចិញ្ចឹម​ជីវិត​បា​ន​ដែរ​បង​ ដល់​ពេល​ឱ្យ​ខ្ញុំ​ទៅ​នៅ​វាល​រហោ​ឋាន​មាន​តែ​ពួក​ខ្ញុំ​ប៉ុន្មាន​នាក់​ហ្នឹង​ទៅ​រក​ស៊ី​អី​បង»។

អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ បាន​ប្រាប់​វី​អូអេ​កាល​ពីថ្ងៃ​ចន្ទ​ថា​ការ​ដែល​អាជ្ញា​ធរ​មិន​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ឱ្យ​ប្រជាពល​រដ្ឋ​ដែល​កំពុង​រស់នៅ​ម្តុំ​បឹង​តា​មោក គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​ឯក​សារ​កាន់​កាប់​គ្រប់​គ្រាន់។

គួរ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​កាត់​ដី​បឹង​តាមោក​ផ្នែក​ខ្លះ​ ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ ​ក្រុម​ហ៊ុន​ឯក​ជន និង​នីតិ​បុគ្គល។ គ្រឿង​ចក្រ​កំពុង​ធ្វើ​សកម្ម​ភាព​លុប​បឹង​តាមោកយ៉ាង​សកម្ម ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​ទាំង​នោះ។ ការ​អភិវឌ្ឍ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ក៏​រង​ការ​រិះគន់​ផង​ដែរ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​បឹង​ស្តុក​ទឹក​ធម្មជាតិ​នេះ៕