ក្រុមតាលីបង់បានបញ្ចេញយុទ្ធនាការប្រចាំឆ្នាំដែលពួកគេដាក់ឈ្មោះថា «ការវាយបករដូវផ្ការីក» ក្នុងប្រទេសអាហ្វហ្គានីស្ថានដោយបញ្ជាក់ថា ពួកគេនឹងដាក់គោលដៅវាយប្រហារតែលើកងកម្លាំង «កាន់កាប់» បរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះដើម្បីបណ្តេញកងទ័ពទាំងនោះចេញពីប្រទេស។
នៅក្នុងសេចក្តីប្រកាសជាផ្លូវការដែលបានផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃសុក្រនេះ ក្រុមបះបោរឥស្លាមបានអះអាងថា «ប្រតិបត្តិការ Mansouri» បានដំណើរការតាំងពីព្រឹកថ្ងៃសុក្រនៅខេត្តទាំង៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមនេះបានពន្យល់ថាប្រតិបត្តិការវាយបកនេះគឺដាក់តាមឈ្មោះ របស់មេដឹកនាំក្រុមតាលីបង់ឈ្មោះ Mullah Akhtar Mansour ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថានលោក Mohammad Radmanesh បានច្រានចោលការប្រកាសរបស់ក្រុមបះបោរនេះថាវាគ្រាន់តែជាឈ្មោះមួយទៀតដែលក្រុមភេរវករប្រើប្រាស់ក្នុងគោលបំណងឃោសនា និងការវាយប្រហារមកលើជនស៊ីវិលស្លូតត្រង់តែប៉ុណ្ណោះ។ លោកបានប្រាប់ VOA ថា កងកម្លាំងអាហ្វហ្គានីស្ថានត្រៀមខ្លួនជាស្រេចហើយ និងថាដូចឆ្នាំមុនដែរគឺនឹងធ្វើឱ្យ «ប្រតិបត្តិការ Mansouri» ថ្មីរបស់ក្រុមតាលីបង់បរាជ័យ។
ការប្រកាសនៅថ្ងៃសុក្រនេះកើតមានឡើងរយៈពេលមួយសប្តាហ៍បន្ទាប់ពីក្រុមតាលីបង់បានធ្វើការវាយឆ្មក់ដ៏ប្រល័យបំផុតលើមូលដ្ឋានកងទ័ពរបស់អាហ្វហ្គានីស្ថាននៅទីក្រុង Mazar-i-Sharif ដែលនៅភាគខាងជើងប្រទេស៕