ក្រុម​តាលីបង់​វាយ​ប្រហារ​ទីរួមខេត្ត​អាហ្វហ្គានីស្ថាន​ហើយ​អ្នក​ទោស​រាប់​រយ​នាក់​រត់

  • Ayaz Gul

ក្រុម​សន្តិសុខ​អាហ្វហ្គានីស្ថាន ឈរ​យាម​តាម​បណ្តោយ​ផ្លូវ​មួយ​ខណៈ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​​កង​កម្លាំង​អាហ្វហ្គានីស្ថាន​និង​​តាលីបង់​នៅ​ទី​ក្រុង Qala-i- Naw ទី​រួម​ខេត្ត Badghis កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។

លោក​ប្រធានាធិបតី ​Joe Biden ​គ្រោង​នឹង​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​ដកទ័ព​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កំពុង​រងការ​រិះគន់​ចំពេល​ក្រុម​យុទ្ធជន​តាលីបង់​កំពុង​វាទី។​លោក​ Biden​ នឹង​ថ្លែង​សុន្ទរកថា​បន្ទាប់ពី​លោក​និង​អ្នកស្រី​អនុ​ប្រធានាធិបតី​ Kamala Harris​ ជួប​ជាមួយ​មេ​ដឹកនាំ​សន្តិសុខ​ជាតិ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​អំពី​ការ​ដកទ័ព​នេះ។​

កាលពី​ថ្ងៃ​អង្គារ​យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ដំណើរការ​ដកទ័ព​នេះ​បាន​បញ្ចប់​ជាង​៩០%ហើយ។ ​ក្រុម​មន្រ្តី​បាន​និយាយ​ថា​ដំណើរការ​ទាំង​មូល​រំពឹង​ថា​នឹង​បញ្ចប់​នៅចុង​ខែ​សីហា។​កងទ័ព​អូតង់​ក៏​ដក​ចេញ​ដែរ​ហើយ​ពួកគេ​ភាគច្រើន​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ​រួច​ហើយ។​

អ្នកស្រី ​Jen Psaki​ អ្នក​នាំពាក្យ​សេតវិមាន​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​សហ​រដ្ឋ​អាមេរិក​គាំទ្រការ​ចរចា​ការទូត​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ​ថា​ បន្ទាប់​ពី​ការ​ដកទ័ព​ចេញស.រ.អា.មានបំណង​រក្សា​កិច្ចការ​ការទូត​និង​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ។

អ្នកស្រី​ Psaki ​មាន​ប្រសាសន៍​ថា៖ ​«ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​នាំ​ឱ្យ​លោក​ប្រធានាធិបតីធ្វើការ​សម្រេច​ចិត្ត​នេះ​គឺ​ដោយ​សារ​តែ​គាត់​មាន​អារម្មណ៍​ថា​នឹង​មិន​មាន​ដំណោះ​ស្រាយ​យោធា​សម្រាប់​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ​នេះ​ទេ»។​

យុទ្ធជន​តាលីបង់​បាន​វាទី​យ៉ាង​លឿននៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ចាប់តាំង​ពីថ្ងៃ​ទី​១​ខែ​ឧសភា​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​អូតង់​បាន​ចាប់ផ្តើម​ដក​កងទ័ព​ដែលចុង​ក្រោយ។​ ចាប់តាំង​ពីពេល​នោះ​មក​ក្រុម​បះបោរ​បាន​លុក​លុយ​ស្រុក​យ៉ាង​ហោច​ណាស់​១៥០​នៃ​ស្រុក​ជាង​៤០០​ក្នុង​ប្រទេស​អាហ្គានីស្ថាន​ហើយ​អ្នក​ទោស​រាប់​រយ​នាក់​បាន​រត់​ចេញ៕