ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់​ទីរួម​ខេត្ត​សំខាន់ៗ​ជា​ច្រើន​នៅ​​អាហ្វហ្គានីស្ថាន​

ក្រុម​ប្រយុទ្ធ​តាលីបង់​ឈរ​យាម​​តាម​​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ​នៅ​ទី​ក្រុង Herat ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​ទី​៣​របស់​អាហ្វហ្គានីស្ថាន ក្រោយ​​​ទាហាន​រដ្ឋាភិបាល​​បាន​ដក​ថយ​មួយ​ថ្ងៃ​មុន​នោះ។

ក្រុម​តាលីបង់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រថា​ការ​វាយ​លុក​រយៈ​ពេល​មួយ​យប់​របស់​ខ្លួន​បាន​កាន់​កាប់​ទីរួម​ខេត្ត​សំខាន់ៗ​ចំនួន​៥នៅប្រទេស​អាហ្វហ្គានីស្ថាន​រួម​មាន​ទី​រួម​ខេត្ត​ Kandahar, Herat, Qahar-e-Naw, Lashkar Gah និង​ទីរួមខេត្ត​ Ghazni ដែល​ជាទីក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់។​

ជ័យ​ជម្នះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​ធ្វើ​ឲ្យ​ពួក​បះបោរ​អ៊ីស្លាម​ខិត​កាន់តែ​ជិត​ទៅ​រដ្ឋធានី​កាប៊ុល​ដែល​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Ashraf Ghani​ ដែល​ត្រូវ​ឡោមព័ទ្ធ​នឹង​មិនឆ្លើយ​សំណួរ​របស់​បណ្តាញ​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​សមរភូមិ​ទេ។​

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​លោក ​Zabihullah Mujahid​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រថា​ការ​រុល​ទៅ​មុខ​របស់​ក្រុម​តាលីបង់​បាន​ធ្វើ​ឲ្យ​ក្រុម​បះបោរនេះ ត្រួតត្រា​ខេត្ត​ចំនួន​១៤​នៃ​ខេត្ត​ចំនួន​៣៤​របស់​អាហ្វហ្គានីស្ថានមួយ​សប្តាហ៍​កន្លង​មក​នេះ។​

លោក ​Mujahid ​បាន​ព្រមាន​ថា​ក្រុម​តាលីបង់​បាន​តាំងចិត្ត​រុល​ទៅ​មុខ​ដោយវាយ​ប្រហារ​កាន់​កាប់​ខេត្ត​ទាំង​អស់​ដោយ​ជំរុញ​ឲ្យ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​តំបន់​ដែល​នៅ​សេសសល់​«បញ្ចប់​ការ​តស៊ូ​និង​កុំ​ប្រថុយ​អាយុ​ជីវិត»។​

Kandahar ដែលទីក្រុង​ធំ​ទី២​របស់​អាហ្វហ្គានីស្ថាន​បាន​រង​ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់ច្រើន​ថ្ងៃ​មក​ហើយ។​

កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​តស៊ូ​ដើម្បី​ខ្ទប់​ការ​រុល​ទៅមុខ​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​ក្រុមបះបោរមួយ​សប្តាហ៍​នេះ។​

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Antony Blinken​ និង​រដ្ឋមន្ត្រីការពារ​ជាតិ​លោក ​Lloyd Austin​បាន​និយាយ​ជាមួយ​លោក ​Ghani ​ដើម្បី​ប្រាប់​លោក​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​កាត់​បន្ថយ​បុគ្គលិក​ស៊ីវិល​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ដោយសារ​ស្ថានភាព​សន្តិសុខ​នេះ។

សេចក្តី​ថ្លែង​ការណ៍​ក្រោយ​កិច្ច​សន្ទនា​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា​«លោក​Blinken បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​គាំទ្រ​ដំណោះ​ស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នេះ»។​

ក្រុម​អ្នក​រិះគន់​និង​អ្នក​ជំនាញ​យោធា​អន្តរជាតិ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​វិធី​ដែល​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ដែល​មានការ​បណ្តុះ​បណ្តាល​ដោយ​ស.រ.អា. ដែល​បាន​ចំណាយ​រាប់​សិប​ពាន់​លាន​ដុល្លារ​បាន​ដួល​រលំ​នៅ​ចំពោះ​មុខ​ការ​វាយ​លុក​របស់​ពួក​បះបោរ៕​