នៅថ្ងៃចន្ទនេះ ក្រុមតាលីបង់ហាក់ដូចជាមានភាពជឿជាក់ថាខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកនៅត្រឹមចុងខែកុម្ភៈនេះ ដោយមានវត្តមានអ្នកធានាអន្តរជាតិចូលរួមជាមួយផងដែរ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៨ ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Abdul Salam Hanafi មេដឹកនាំកំពូលមួយរូបនៃក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មានដែលមានទំនោរទៅរកពួកតាលីបង់ថា ភាគីទាំងសងខាងបានសម្រេចរួមគ្នានៅក្នុងការរៀបចំពិធីចុះហត្ថលេខានេះនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដែលជាកន្លែងដែលបានរៀបចំការចរចារយៈពេល ១៨ ខែរវាងសហរដ្ឋអាមេរិក និងពួកតាលីបង់កន្លងមក។
លោក Hanafi ដែលជាសមាជិកស្នូលមួយរូបនៃក្រុមចរចារបស់ពួកតាលីបង់ ក៏ដូចជាការិយាល័យនយោបាយរបស់ក្រុមតាលីបង់នៅក្នុងទីក្រុងដូហា មិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃពិធីចុះហត្ថលេខានេះទេ ប៉ុន្តែប្រភពពីពួកតាលីបង់ធ្លាប់បានបញ្ជាក់កន្លងមកថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ២៩ ខែកុម្ភៈខាងមុខនេះ។
លោក Hanafi បាននិយាយថា អ្នកតំណាងមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានទាំងអស់ ក៏ដូចជាមកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បណ្ដាប្រទេសឥស្លាម និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខានេះ។
លោក Hanafi បានបន្តថា ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងពួកតាលីបង់បានបញ្ចប់រួចរាល់ហើយ ហើយ «ពួកយើងបានចុះហត្ថលេខាទទួលស្គាល់សេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពនេះរួចហើយ»។
លោកបានបន្ថែមថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាភ្លាម សហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងដោះលែងពួកតាលីបង់ដែលជាប់ឃុំចំនួន ៥ ពាន់នាក់ ហើយក្រុមតាលីបង់ក៏នឹងដោះលែងអ្នកដែលខ្លួនដាក់ឃុំចំនួនប្រហែល ១ ពាន់នាក់ផងដែរ៕