លោក Zalmay Khalilzad អ្នកតំណាងពិសេសរបស់អាមេរិកសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថាន បានរៀបចំកិច្ចពិភាក្សាមួយផ្សេងទៀតជាមួយក្រុមមន្រ្តីតាលីបាន (Taliban) ដែលមានមូលដ្ឋាននៅប្រទេសកាតា ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយដែលចរចាអំពីសង្គ្រាមរយៈពេល១៧ឆ្នាំ។
ប្រភពព័ត៌មានរបស់តាលីបានជាច្រើនបាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំ៣ថ្ងៃរបស់លោក Khalilzad ជាមួយក្រុមបះបោរឥស្លាមបានបញ្ចប់កាលពីថ្ងៃសុក ហើយភាគីទាំងពីរមានសុទិដ្ឋិនិយមអំពីដំណើរការចរចា។ ភាគីទាំងសងខាងមិនបានបញ្ជាក់ជាផ្លូវការ ហើយក៏មិនបានចេញផ្សាយព័ត៌មានលម្អិតនៃកិច្ចចរចានៅសប្តាហ៍នេះនៅក្នុងទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា ដែលមានការិយាល័យដែលគេហៅថា «ការិយាល័យនយោបាយ» របស់ពួកតាលីបាន អាហ្វហ្គានីស្ថាន។
នេះគឺជាទំនាក់ទំនងលើកទីពីររបស់លោក Khalilzad ជាមួយពួកតាលីបាន ក្នុងរយៈពេលជាងមួយខែមកនេះ។ រដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានតែងតាំងលោក Khalilzad ឱ្យទៅដឹកនាំការិយាល័យនេះនៅកាលពីខែកញ្ញា ដោយមានគោលដៅធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមបះបោរទៅកាន់តុចរចា។ ប្រភពព័ត៌មានមានពីក្រុមបះបោរបានកត់សម្គាល់ថា លោក Mullah Fazal និង Mullah Khairkhaw អតីតអ្នកទោសគុក Guantanamo ក៏បានចូលរួមជាមួយគណៈប្រតិភូ តាលីបាន នៅក្នុងកិច្ចចរចាជាមួយអាមេរិកផងដែរ។
ពួក តាលីបាននិយាយថា ដំណើរការចរចារបស់គេជាមួយមន្ត្រីវ៉ាស៊ីនតោនគឺសំដៅកំណត់ពេលវេលាសម្រាប់ការដកកងទ័ពអាមេរិកនិងកងទ័ពអូតង់ចេញពីអាហ្វហ្គានីស្ថានដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថាន៕