ក្រុម​តាលីបង់​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កាតា

មន្ត្រី​តាលីបង់​ចូលរួម​កិច្ចចរចា​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​សង្ឃឹម​ថា​នឹង​ទទួល​បាន «លទ្ធផល​ច្បាស់លាស់​ប្រកប​ដោយ​ផ្លែផ្កា» ពី​ការ​ចរចា​នា​ពេល​បច្ចុប្បន្ន​នេះ​ជាមួយ​នឹង​មន្ត្រី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដែល​បាន​ចាប់ផ្ដើម​ចាប់​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ទៅ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Suhail Shaheen អ្នក​នាំ​ពាក្យ​របស់​ក្រុម​តាលីបង់។

លោក​បាន​បន្ថែម​ថា ការ​ពិភាក្សា​នេះ​គឺ​ផ្ដោត​លើ​បញ្ហា​ដដែល​ចំនួន ២ ដែល​ភាគី​ទាំង​ពីរ​បាន​ទទួល​ស្គាល់​ថា​ជា​បញ្ហា​ស្នូល​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈពេល ១៧ ឆ្នាំ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ បញ្ហា​ទាំង​ពីរ​នោះ​គឺ ការ​ដក​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​ការ​ធានា​ថា ទឹកដី​អាហ្វហ្គានីស្ថាន​នឹង​មិន​ត្រូវ​ប្រើ​ដោយ​ក្រុម​ភេរវកម្ម​ណា​មួយ ឬ​ក៏​ភេរវជន​ណា​ម្នាក់​ដើម្បី​វាយ​ប្រហារ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នោះ​ទេ។

ស្រប​ពេល​នោះ​ដែរ លោក Mullah Abdul Ghani Baradar ស្ថាបនិក​ម្នាក់​នៃ​ក្រុម​តាលីបង់ ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ខែ​តុលា ឆ្នាំ​មុន និង​ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ការិយាល័យ​នយោបាយ​ក្រុម​តាលីបង់​ក្នុង​ប្រទេស​កាតា​កាល​ពី​ខែ​មុន ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ដូហា​ផង​ដែរ។

ក្រុម​ចរចា​តាលីបង់ ដែល​បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ មាន​សមាជិក ១៤ នាក់ ដែល​ក្នុង​នោះ​មាន​លោក Anas Haqqani ដែល​ជា​ប្អូន​ប្រុស​របស់​លោក Sirajuddin Haqqani ដែល​ជា​ប្រធាន​បណ្ដាញ​ក្រុម Haqqani ផង​ដែរ។ បណ្ដាញ​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​មួយ​ចំនួន​លើ​កង​កម្លាំង​អង្គការ​អូតង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

រី​ឯ​ក្រុម​ចរចា​អាមេរិកាំង​វិញ​គឺ​ដឹកនាំ​ដោយ​លោក Zalmay Khalilzad អ្នក​តំណាង​ពិសេស​សម្រាប់​ការ​ផ្សះផ្សា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ លោក​បាន​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​កាន់​តំបន់ តាំង​ពី​លោក​ត្រូវ​បាន​តែងតាំង​ដំបូង​ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន​មក៕