ក្រុម​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​នៅ​តួកគី

រូបឯកសារ៖ សហស្ថាបនិក​ក្រុម​តាលីបង់ លោក Mullah Abdul Ghani Baradar (កណ្ដាល) និង​ប្រតិភូ​មួយ​ចំនួន​ទៀត​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដី​ពី​ដំណោះស្រាយ​សន្ដិភាព​នៅ​អាហ្វហ្គានីស្ថាន ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ក្រុម​តាលីបង់ (Taliban) និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន នឹង​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នៅ​ពេល​ខាង​មុខ ដើម្បី​ចាប់ផ្តើម​ដំណើរការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​តួកគី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ក្រសួង​ការបរទេស​តួកគី​បាន​បញ្ជាក់​ថា ភាគី​ចម្បាំង​នានា​នឹង​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​កាតា​នៅ​ក្នុង​សន្និសីទ​កំពូល​រយៈពេល ១០ ថ្ងៃ ដែល​នឹង​រៀបចំ​ឡើង​ដោយ​ប្រទេស​តួកគី​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ​មេសា​តទៅ ក្នុង​គោល​បំណង​បញ្ចប់​សង្គ្រាម ២០ ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន និង​ដាក់​ចេញ​នូវ​គម្រោង​ការងារ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ដ៏ «យុត្តិធម៌​និង​ស្ថិតស្ថេរ​មួយ»។

រដ្ឋាភិបាល​តួកគី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​ចរចា​នេះ​មាន​គោល​បំណង «បង្កើន​និង​បង្គ្រប់» ការ​ចរចា​ផ្ទៃ​ក្នុង​របស់​អាហ្វហ្គានីស្ថាន ដែល​កំពុង​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ដូហា​នៃ​ប្រទេស​កាតា។

សន្និសីទ​កំពូល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ចាប់ផ្តើម​ការ​ចរចា​មុន​កាល​បរិច្ឆេទ​ផុត​កំណត់​ថ្ងៃ​ទី ១ ខែ​ឧសភា សម្រាប់​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​អង្គការ​អូតង់ (NATO) ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តាលីបង់​និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀង​គ្នា​កាលពី​ជាង​មួយ​ឆ្នាំ​មុន​ដើម្បី​ដក​កងទ័ព​អាមេរិក​ចេញ​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា​ខាង​មុខ ក៏ប៉ុន្តែ​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នឹង​រក្សាទុក​កងទ័ព​មួយ​ចំនួន​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ថ្ងៃ​ទី ១១ ខែ​កញ្ញា។

ការ​ប្រកាស​របស់​តួកគី​ដែល​ថា ក្រុម​តាលីបង់​នឹង​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នេះ គឺជា​ការ​ភ្ញាក់ផ្អើល​មួយ ដោយសារតែ​អ្នក​នាំពាក្យ​ក្រុម​តាលីបង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​នេះ​នឹង​មិន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ៕