ប្រធានាធិបតី​តៃវ៉ាន់​កំពុង​ឈប់​សំចត​នៅ​អាមេរិក​មុន​បន្ត​ដំណើរ​ទៅ​កាន់​អាមេរិក​កណ្តាល

លោកស្រី​ប្រធានាធិបតី Tsai Ing-wen (រូប​កណ្តាល) ចាកចេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅ​អាមេរិក​ឡាទីន នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Taoyuan កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​បាន​មក​ដល់​ទីក្រុង Houston រដ្ឋ Texasនៅ​ថ្ងៃ​សៅរ៍​នេះ​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មុន​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​អាមេរិក​កណ្តាល។

លោកស្រី​ប្រធានាធិបតី Tsai Ing-wen នឹង​មិន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump ឬ​ក្រុម​មន្ត្រី​ណា​ម្នាក់​របស់​លោក​នោះ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​រៀប​ចំ​ការ​ផ្ទេរ​តំណែង​របស់​លោក បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ធ្លាប់​និយាយ​ទូរស័ព្ទ​ជា​មួយ​គ្នា​កាល​ពី​ខែ​មុន​ដែល​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ក៏​ដោយ។

លោកស្រី Tsai មិន​បាន​និយាយ​ថា​លោក​ស្រី​នឹង​ទាក់​ទង​ជាមួយ​អ្នក​ណា​ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Houston រយៈពេល​ប្រហែល​មួយ​ថ្ងៃ​មុន​នឹង​លោកស្រី​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​អាមេរិក​កណ្តាល ហើយ​លោក​ស្រី​ក៏​មិន​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោកស្រី​នឹង​ទាក់​ទង​ជាមួយ​អ្នក​ណា​ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ស្ថិត​នៅ​ក្នុង​ទីក្រុង​ San Francisco តាម​ផ្លូវ​ដែល​លោកស្រី​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​លោក​ស្រី​ត្រឡប់​ទៅ​កោះ​តៃវ៉ាន់​វិញ។

ការ​ធ្វើ​ដំណើរ​នេះ​ ដែល​ត្រូវ​បាន​តៃវ៉ាន់​មើល​ឃើញ​ថា​ជា​ការ​សាកល្បង​ទៅ​លើ​ស្ថិរភាព​នៅ​កោះតៃវ៉ាន់ ប៉ុន្តែ​ជា​ទំនាក់​ទំនង​ការបរទេស​ដ៏​ផុយ​ស្រួយ​នៅ​ក្នុង​ទ្វីប​អាមេរិក​ទាំង​ពីរ​នោះ​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​បាន​ធ្វើ​ការ​តវ៉ា​ទៅ​លើ​ការ​ដែល​លោកស្រី Tsai ឈប់​សំចត​នៅ​អាមេរិក ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រតិកម្ម​ប្រសិន​បើ​លោកស្រី Tsai បង្ហាញ​សញ្ញា​ថ្មី​ថា​លោកស្រី​ជិតស្និត​ជាមួយ​លោក Trump។

លោកស្រី Tsai នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស Hondoras ប្រទេស Nicaragua ប្រទេស Guatemala និង​ប្រទេស El Salvador ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​៩ថ្ងៃ​របស់​លោកស្រី៕