ក្រោយកោះតៃវ៉ាន់បរាជ័យមិនបានចូលរួមនៅក្នុងការប្រជុំរបស់អង្គការសុខភាពពិភពលោក WHO នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលតៃវ៉ាន់ប្តេជ្ញាថានឹងចូលរួមយ៉ាងសកម្មជាមួយនឹងអង្គការពិភពលោកនានានិងមិនឲ្យប្រទេសចិនមើលងាយទេ។
នេះជាសារប្តេជ្ញាដែលគេរំពឹងថានឹងត្រូវថ្លែងដោយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងពិធីស្បថចូលកាន់តំណែងអាណត្តិទី២របស់លោកស្រីនៅថ្ងៃពុធនេះ។
គណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រី Tsai បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមករា ដោយសន្យាថានឹងប្រកាន់ជំហរតឹងរ៉ឹងជាងមុនជាមួយនឹងប្រទេសចិន។ កន្លងមក ចិនបានទាមទារថា តៃវ៉ាន់ជាដែនដីរបស់ចិន ហើយក្រុងប៉េកាំងអាចត្រូវច្បាំងយកមកវិញបើចាំបាច់។
ប៉ុន្តែអ្នកស្រី Tsai ថា តៃវ៉ាន់បានក្លាយទៅជារដ្ឋឯករាជ្យមួយរួចទៅហើយ ដោយប្រើឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន»។
នៅពេលនេះតៃវ៉ាន់ត្រូវការចូលរួមជាមួយអង្គការនានាដូចជាអង្គការសុខភាពពិភពលោកដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ ដែលត្រូវគេរកឃើញដំបូងនៅចិនដីគោក។
កោះតៃវ៉ាន់តែងត្រូវគេរារាំងមិនឲ្យចូលរួមក្នុងអង្គការអន្តរជាតិដូចជា WHO ដោយសារមានការប្រឆាំងពីប្រទេសចិន ហើយក្នុងសប្តាហ៍នេះតៃវ៉ាន់មិនបានចូលរួមសន្និបាតសុខភាពពិភពលោករបស់ WHO ទេ បើទោះបីជាមានការជំរុញពីសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀតក៏ដោយ៕