តៃវ៉ាន់​ថា​ការ​ចំណាយ​​ការពារ​ជាតិ​នឹង​ផ្ដោត​លើ​ការ​ត្រៀម​ពេលចិន​«បិទ​ខ្ទប់​ទាំងស្រុង»

  • ​Reuters

រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​នៅ​លើ​នាវា​មួយ​គ្រឿង​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធយោធា​​មួយ​នៅ​ក្រុង Kaohsiung City កោះ​តៃវ៉ាន់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ការ​ចំណាយ​ផ្នែក​ការពារ​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​ផ្ដោត​លើ​ការ​ត្រៀម​សព្វាវុធ​សម្រាប់ «ការ​បិទ​ខ្ទប់​ទាំងស្រុង» ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន ដោយ​ការ​ចំណាយ​មួយ​ផ្នែក​ក្នុង​ចំណោម​នោះ​គឺ​លើគ្រឿង​បន្លាស់​សម្រាប់​យន្តហោះ​ចម្បាំង F-16 និង​ការ​បំពេញ​បន្ថែម​នូវ​សព្វាវុធ​ផ្សេងៗ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​របាយការណ៍​របស់​យោធា​តៃវ៉ាន់។

ប្រទេស​ចិន​ដែល​ចាត់ទុក​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា​ឆ្នាំ​មុន ដោយ​បាន​បាញ់​មីស៊ីល​កាត់​ពី​លើ​ទីក្រុង​តៃប៉ិ​និង​ប្រកាស​តំបន់​គ្មាន​ការ​ហោះហើរ​និង​គ្មាន​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ការ​ហាត់​សម​ឱ្យ​ដូច​មែនទែន​ក្នុង​ស្ថានការណ៍​ដែល​ខ្លួន​កាត់ផ្ដាច់​តៃវ៉ាន់​នៅ​ក្នុង​សង្គ្រាម។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​មាន​បំណង​ចង់​ឱ្យ​មាន​ការ​អនុម័ត​ពី​សភា​លើ​កញ្ចប់​ថវិកា​ចំណាយ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា ខ្លួន​បាន​ចាប់ផ្ដើម​ពិនិត្យ​លើ​ធនធាន​ប្រេង​ឥន្ធនៈ​បម្រុង​ទុក​ផ្នែក​យុទ្ធសាស្ត្រ​និង​សមត្ថភាព​ជួសជុល​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បន្ថែម​ថា ដោយ «ប្រមើល​មើល​ទុក​ជា​មុន​អំពី​ការ​បិទ​ខ្ទប់​ទាំងស្រុង​លើ​ច្រក​សមុទ្រ​តៃវ៉ាន់» ការ​ចំណាយ​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​រួម​មាន​នូវ​ការ​បំពេញ​បន្ថែម​នូវ​ស្តុក​កាំភ្លើង​ធំ​និង​គ្រាប់​រ៉ុក្កែត និង​គ្រឿង​បន្លាស់​សម្រាប់​យន្តហោះ​ចម្បាំង F-16 ផង​ដែរ «ដើម្បី​ពង្រឹង​និរន្តភាព​នៃ​ការ​ប្រយុទ្ធ»។

នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការ​វាយតម្លៃ​លើ​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​លើកឡើង​ថា យោធា​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​កង​កម្លាំង​រួម​ដោយ​សម្លឹង​លើ​ការ​ត្រួតត្រា​លើ​ចំណុច​បិទ​ខ្ទប់​យុទ្ធសាស្ត្រ​និង​ការ​រារាំង​លទ្ធភាព​របស់​កង​កម្លាំង​បរទេស​មិន​ឱ្យ​ចូល​ដល់​ទីនោះ។

ក្រសួង​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដូច្នេះ​ថា៖ «កាលពី​ពេល​ថ្មីៗ​នេះ ទម្រង់​សមយុទ្ធ​និង​ហ្វឹកហាត់​របស់​យោធា​កុម្មុយនីស្ត [ចិន] បាន​កែ​សម្រួល​ពី​ប្រភេទ​យោធា​តែមួយ​ទៅ​ជា​ប្រតិបត្តិការ​រួម​នៃ​កងកម្លាំង​ជើង​គោក ជើង​ទឹក ជើង​អាកាស និង​រ៉ុក្កែត»។ របាយការណ៍​នេះ​បាន​ចេញផ្សាយ​នៅ​មុន​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​លោក Chiu Kuo-cheng ទទួល​សំណួរ​ពី​សមាជិក​សភា​នៅ​ក្នុង​សភា​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ចិន​ត្រូវតែ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ក្លាយទៅជា «ជញ្ជាំង​ដែក​ថែប​ដ៏​រឹងមាំ​អស្ចារ្យ»។

លោក Xi ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ ចិន​ត្រូវតែ​ប្រឆាំង​នឹង​សកម្មភាព​គាំទ្រ​ឯករាជ្យភាព​និង​ផ្ដាច់​ខ្លួន​ណា​មួយ ហើយ​នឹង​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​កង​កម្លាំង​ខាង​ក្រៅ៕