ក្រុមមន្ត្រីតៃវ៉ាន់បាននិយាយថា កងយន្តហោះចម្បាំងនិងកងនាវាចម្បាំងចិន នៅថ្ងៃសោរ៍ បានធ្វើសមយុទ្ធឱ្យដូចការវាយប្រហារលើកោះតៃវ៉ាន់មែនទែន ជាការសងសឹកដល់ទស្សនកិច្ចមួយនៅទីនោះដោយលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដែលបណ្តាលឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់កិច្ចចរចាអំពីសន្តិសុខនិងបញ្ហាឯទៀតៗជាមួយសហរដ្ឋអាមេរិក។
ទស្សនកិច្ចខ្លីមិនត្រូវប្រកាសជាមុនរបស់លោកស្រី Pelosi ក្នុងសប្តាហ៍នេះនៅកោះនេះដែលគ្រប់គ្រងដោយខ្លួនឯង ហើយដែលប្រទេសចិនបានទាមទារថាជាដែនដីខ្លួនបាននាំរដ្ឋាភិបាលប៉េកាំងខឹងសម្បាខ្លាំង ហើយបានឱ្យចិនធ្វើសមយុទ្ធយោធាមិនធ្លាប់មានពីមុនដែលមានរួមការបាញ់មីស៊ីលផ្លោងពីលើក្រុងតៃប៉ិផងដែរ។
សមយុទ្ធរបស់ចិនដែលផ្តោតលើកន្លែង៦នៅជុំវិញកោះនេះមានកំណត់ធ្វើរហូតដល់ពេលថ្ងៃត្រង់នៅថ្ងៃអាទិត្យ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាចម្បាំងនិងយន្តហោះចម្បាំងចិនច្រើនគ្រឿងបានបំពេញបេសកកម្មក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយមានកប៉ាល់និងយន្តហោះខ្លះបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដែលជាតំបន់ទ្រនាប់មិនផ្លូវការបែងចែកប្រទេសចិនដីគោកពីកោះតៃវ៉ាន់នៅក្នុងអ្វីដែលកងយោធាតៃវ៉ាន់បានពណ៌នាថាជាសមយុទ្ធធ្វើឱ្យដូចការវាយប្រហារលើកោះនេះ។
បុគ្គលម្នាក់ដែលដឹងអំពីផែនការសន្តិសុខបានថ្លែងថា នាវាចម្បាំងនិងយន្តហោះចម្បាំងចិនបន្ត«រុល»ចូលក្នុងខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់កាលពីរសៀលថ្ងៃសៅរ៍។
បុគ្គលនេះបានបន្ថែមថា ក្នុងលំហសមុទ្រទល់មុខឆ្នេរសមុទ្រខាងកើតកោះតៃវ៉ាន់និងនៅជិតកោះនៃប្រទេសជប៉ុន កងនាវាចម្បាំងចិននិងដ្រូនចិនបានធ្វើសមយុទ្ធឱ្យដូចជាការវាយប្រហារមែនទែនលើកងនាវាសហរដ្ឋអាមេរិកនិងជប៉ុន។
កងទ័ពតៃវ៉ាន់បានផ្សាយការព្រមានឱ្យប្រុងប្រយ័ត្ន ហើយបានឱ្យយន្តហោះឈ្លបយកការណ៍ និងបញ្ជូនកងនាវាឱ្យតាមពិនិត្យមើលស្ថានការណ៍ នៅពេលដាក់កងមីស៊ីលឱ្យប្រុងប្រៀប។
ក្រសួងការពារជាតិតៃវ៉ាន់ក៏បាននិយាយដែរថា ខ្លួនបានបាញ់ភ្លើងជាសញ្ញាកាលពីថ្ងៃសុក្រដើម្បីព្រមានដ្រូន៧គ្រឿងឱ្យហោះចេញពីលើប្រជុំកោះ Kinmen របស់ខ្លួននិងយន្តហោះគ្មានអត្តសញ្ញាណដែលហោះពីលើប្រជុំកោះ Matsu របស់តៃវ៉ាន់។ ប្រជុំកោះទាំងពីរនេះឋិតនៅជិតឆ្នេរសមុទ្រចិនដីគោក។
កាលពីថ្ងៃសុក្រ កងយោធាចិនបានថ្លែងថា ខ្លួនបានធ្វើសមយុទ្ធតាមអាកាសនិងក្នុងសមុទ្រ ក្នុងដែនសមុទ្រនៅខាងជើង ខាងនិរតីនិងខាងកើតកោះតៃវ៉ាន់ដើម្បីសាកល្បង«សមត្ថភាពប្រយុទ្ធរួមគ្នា»របស់កងកម្លាំងខ្លួន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ