មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខម្នាក់របស់កោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងសម្លឹងមើលលើបទពិសោធន៍នៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើតយុទ្ធសាស្ត្រ «សង្គ្រាមកូនកាត់» ប្រឆាំងនឹងតៃវ៉ាន់ ដែលក្នុងនោះរួមមានទាំងការប្រើដ្រូននិងការដាក់សម្ពាធចិត្តសាស្ត្រផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់លោក Chen Ming-tong បានថ្លែងនៅក្នុងសភាតៃវ៉ាន់ថា ប្រទេសចិនក៏កំពុងយកចិត្តទុកដាក់លើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោកបានប្រាប់សមាជិកសភាតៃវ៉ាន់ថា៖ «នៅឆ្នាំនេះ យោធាកុម្មុយនីស្ត [របស់ចិន] បានដកយកបទពិសោធន៍ពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដើម្បីបង្កើត [យុទ្ធសាស្ត្រ] «សង្គ្រាមកូនកាត់» ប្រឆាំងនឹងតៃវ៉ាន់ និងដើម្បីពង្រឹងការហ្វឹកហាត់ប្រយុទ្ធនិងការត្រៀមលក្ខណៈរបស់ខ្លួនប្រឆាំងនឹងសត្រូវខ្លាំងក្លានានា»។
លោក Chen បានបន្ថែមថា បន្ទាប់ពីបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហាមក ប្រទេសចិនបានពង្រីកសកម្មភាពបង្កហេតុបែបកូនកាត់របស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ជាពិសេសបានបង្ហោះដ្រូនទៅជិតកោះនានាដែលកាន់កាប់ដោយតៃវ៉ាន់និងបង្ហោះចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់។
ការិយាល័យរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់មិនទាន់បានឆ្លើយតបចំពោះសំណើសុំបញ្ចេញមតិលើរឿងនេះទេ។
លោក Chen បានបញ្ជាក់ថា ការគំរាមកំហែងបែបយោធារបស់ចិនបានធ្វើឱ្យតៃវ៉ាន់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកនិងពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាអ្វីដែលបានកើតឡើងចំពោះអ៊ុយក្រែននឹងមិនកើតឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នោះឡើយ។
លោកបានបន្ថែមថា ករណីនេះនឹងជួយពង្រឹងសមត្ថភាពរបស់តៃវ៉ាន់នៅក្នុងការតតាំងជាមួយនឹងចិន និងរារាំង «ផែនការសម្ងាត់របស់ចិននៅក្នុងការវាយប្រហារលើតៃវ៉ាន់»៕
តៃវ៉ាន់ថា ចិនមើលលើសង្គ្រាមនៅអ៊ុយក្រែនដើម្បីបង្កើតយុទ្ធសាស្ត្រ«សង្គ្រាមកូនកាត់»ប្រឆាំងនឹងតៃវ៉ាន់
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ —