ក្រុមសកម្មជននៅក្រុងតៃប៉ិ ដែលត្រូវបានជំរុញទឹកចិត្តដោយច្បាប់អនុម័តថ្មីនៅផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការមួយនៅខែមេសាកន្លងទៅនេះដើម្បីទាមទារការដាក់កញ្ឆាឲ្យស្របច្បាប់ ប៉ុន្តែមានលទ្ធភាពតិចតួចប៉ុណ្ណោះដែលពួកគេអាចសម្រេចតាមបំណងរបស់ខ្លួន ដរាបណានៅមានផ្នត់គំនិតប្រឆាំងនឹងគ្រឿងញឿននៅកោះតៃវ៉ាន់។
មនុស្សប្រមាណ ៣០០នាក់បានចេញធ្វើបាតុកម្មកាលពីថ្ងៃទី២០ ខែមេសាកន្លងនេះនៅខាងក្រៅសភាក្នុងក្រុងតៃប៉ិ។ ពួកគេបានស្នើឲ្យមានការអនុម័តច្បាប់ដាក់កញ្ឆាឲ្យស្របច្បាប់សម្រាប់ការប្រើប្រាស់ជាឱសថ មិនមែនជាគ្រឿងញៀន ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅបីឆ្នាំ។
លោក Luo Yi អ្នកនាំពាក្យឲ្យក្រុម Green Sensation ដែលបានរៀបចំការធ្វើបាតុកម្មនេះ បាននិយាយថា៖
«យើងជឿថា រឿងនេះអាចធ្វើបាន បើយោងទៅតាមច្បាប់ស្តីពីឱសថ។ ការញែកកញ្ឆាចេញ ហើយចាត់ទុកកញ្ឆាជាគ្រឿងញៀន យើងគិតថា វានឹងមិនជួយក្នុងការដោះស្រាយបញ្ហានានាទេ។ យើងសង្ឃឹមថា កញ្ឆាអាចត្រូវបានដាក់ឲ្យស្របច្បាប់ និងត្រូវបានលើកកម្ពស់សម្រាប់ការប្រើប្រាស់ជាឱសថ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌តៃវ៉ាន់បាននិយាយថា យុទ្ធនាការគាំទ្រការដាក់កញ្ឆាឲ្យស្របច្បាប់ទំនងនឹងមិននាំឲ្យមានការផ្លាស់ប្តូរនោះទេ។ សមាជិកគណបក្សកាន់អំណាចតៃវ៉ាន់រូបនេះបាននិយាយថា សង្គមតៃវ៉ាន់អភិរក្សខ្លាំងណាស់ មិនអាចដាក់កញ្ឆាឲ្យមានភាពស្របច្បាប់ទេ។
ប្រសិនបើតៃវ៉ាន់ដាក់កញ្ឆាឲ្យស្របច្បាប់ នោះតៃវ៉ាន់នឹងក្លាយជាទឹកដីទីពីរនៅអាស៊ីបូព៌ា ដែលដើរលើទិសទៅដូចនេះបន្ទាប់ពីប្រទេសថៃ។ ក្រុមអ្នកតាក់តែងច្បាប់ថៃបានព្រមព្រៀងកាលពីខែធ្នូកន្លងទៅនេះដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ជាជាឱសថ ក្នុងករណីមានបណ្ណអនុញ្ញាតត្រឹមត្រូវ។ ប៉ុន្តែប៉ូលិសក្នុងតំបន់នៅតែចាត់ទុកកញ្ឆាជាគ្រឿងញៀនដែលត្រូវប្រឈមនឹងការផាកពិន័យ និងការដាក់ពន្ធនាគារ។
អំឡុងពេលបាតុកម្មកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ តូបដែលមានតាំងខោអាវត្រូវបានដាក់បិទផ្លូវមួយក្នុងក្រុងតៃប៉ិ។ តន្រ្តីករចាក់ភ្លេងម្នាក់បានចាក់ចង្វាក់ភ្លេងរាំនៅឆាកបាតុកម្ម ទីដែលមនុស្សវ័យពី២០ទៅ៣០ឆ្នាំបានរាំដោយស្លៀកពាក់សម្លៀកបំពាក់រលុង និងមានពណ៌ចម្រុះ។
លោក Luo បាននិយាយថា កញ្ឆាបង្ហាញពី«វប្បធម៌មួយ» ដូចជាវប្បធម៌បែប«Hippies» នៅសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា នាពេលបច្ចុប្បន្ន យុវជនតៃវ៉ាន់មាន«ភាពបើកចំហ» ចំពោះវប្បធម៌នេះ។ លោក Luo បាននិយាយថា៖
«ពលរដ្ឋតៃវ៉ាន់មួយចំនួនបានអានការស្រាវជ្រាវ និងរបាយការណ៍ផ្សេងៗពីប្រទេសដទៃទៀត និងបានដឹងថា អូ! កញ្ឆាដូចជាមិនអាក្រក់ណាស់ណានោះទេ»។
ក្រុមសកម្មជនកំពុងតែយកគំរូតាមសហរដ្ឋអាមេរិកផងដែរអំពីកញ្ឆាស្របច្បាប់។ រដ្ឋជាង៣០នៅសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាស្របច្បាប់នៅក្នុងទម្រង់ខ្លះ។
ជនជាតិអាមេរិកាំងនៅកោះតៃវ៉ាន់តែងតែមានភាពភ្ញាក់ផ្អើលនៅក្នុងការប្រឈមមុខទៅនឹងការជាប់ពន្ធនាគារនៅពេលដែលត្រូវបានគេរកឃើញថា មានកញ្ឆាបរិមាណតិចតួចជាប់ខ្លួនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ កាលពីខែមេសាឆ្នាំទៅស្ថានទូតអាមេរិកប្រចាំកោះតៃវ៉ាន់បានចេញការណែនាំសម្រាប់ពលរដ្ឋខ្លួន ដោយលើកឡើងពី «ការកើនឡើងនៃករណីចាប់ខ្លួនពាក់ព័ន្ធនឹងកញ្ឆានៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ» និងជាសាររំឭកមួយថា «ទោសទណ្ឌក្នុងករណីមាន ប្រើប្រាស់ លក់ដូរ ឬការជួញដូរគ្រឿងញៀនខុសច្បាប់នៅតៃវ៉ាន់គឺធ្ងន់ធ្ងរ»។
ក្រុម Green Sensation មានបំណងនឹងធ្វើកម្មវិធីជាបន្តបន្ទាប់នៅឆ្នាំក្រោយ ដែលរួមមានការធ្វើបាតុកម្មខ្នាតធំដើម្បីជំរុញឲ្យការទាមទាររបស់ខ្លួនទទួលបានជោគជ័យ។ លោក Luo បាននិយាយថា ក្រុម Green Sensation មានគម្រោងនឹងទៅជួបជាមួយតំណាងរាស្រ្ត និងក្រុមប្រឹក្សាយោបល់ក្រុងនៅដើមឆ្នាំ២០២០ ដើម្បីជំរុញឲ្យមានការកែប្រែមួយចំនួននៅក្នុងច្បាប់ពាក់ព័ន្ធនឹងកញ្ឆា។
ការផ្លាស់ប្តូរយឺតយ៉ាវ
តំណាងរាស្រ្តមកពីគណបក្សកាន់អំណាច លោក Lee Chun-yi បាននិយាយថា គ្មានអ្នកតាក់តែងច្បាប់ណាចង់ស្នើច្បាប់ដែលដាក់ឲ្យកញ្ឆាស្របច្បាប់នោះទេ។ លោកបានបន្ថែមថា ពលរដ្ឋតៃវ៉ាន់ទូទៅបានបង្ហាញចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះក្នុងការទាមទារឲ្យមានការកែប្រែច្បាប់នោះ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ជាទូទៅតៃវ៉ាន់មានភាពអភិរក្សនិយមបន្តិច។ ដូច្នេះការអនុញ្ញាតឲ្យមានការបើកចំហរបៀបនោះក្នុងសង្គម ខ្ញុំគិតថា សង្គមនៅមិនទាន់អាចទទួលយកបានទេ»។
លោក Liao You-lu សាស្រ្តាចារ្យផ្នែកស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ Central Police កោះតៃវ៉ាន់ បាននិយាយថា ទោះបីយ៉ាងណាក៏ដោយ បញ្ញវន្តផ្នែកអនុវត្តច្បាប់ និងមន្រ្តីសុខាភិបាលបានចាប់ផ្តើមពិភាក្សាលើច្បាប់ស្តីពីកញ្ឆាខណៈការប្រើប្រាស់កញ្ឆាមាន«កាន់តែខ្លាំងឡើង» នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមអាជ្ញាធរសង្ឃឹមថា នឹង«នៅតែអាចគ្រប់គ្រងបាន»។
លោក Liao បាននិយាយថា ករណីកញ្ឆាគឺមានជាច្រើនណាស់ទៅហើយដែលប៉ូលិសមិនអាចរកឃើញទាំងអស់នោះទេ ស្របពេលកញ្ឆាបានក្លាយជាសារធាតុប្រើប្រាស់ដ៏ថ្លៃសម្រាប់ពលរដ្ឋថ្នាក់កណ្តាលនៅតៃវ៉ាន់។ លោកបានបន្ថែមថា មន្រ្តីសុខាភិបាលនៅតែយល់ឃើញថា កញ្ឆានៅតែជាសារធាតុបង្កគ្រោះថ្នាក់ ហើយត្រូវដាក់ឲ្យស្របច្បាប់។
លោក Liao បាននិយាយថា «ស្ថានភាពប្រើប្រាស់កញ្ឆានៅកោះតៃវ៉ាន់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយប្រសិនបើអ្នកចាប់ផ្តើមអនុញ្ញាតវា ដំបូងវានឹងបង្កបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា