ប្រទេសអែលសាល់វ៉ាឌ័របានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងកោះតៃវ៉ាន់ និងបានងាកទៅភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិន ដែលករណីនេះគឺជាការដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលតៃវ៉ាន់ឲ្យទទួលស្គាល់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។
កិច្ចព្រមព្រៀងទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិននេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអែលសាល់វ៉ាឌ័រលោក Carlos Castaneda បានចុះហត្ថលេខាជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក Wang Yi បាននិយាយថា ប្រជាពលរដ្ឋអែលសាល់វ៉ាឌ័រនឹងត្រេកអរជាមួយនឹងផលប្រយោជន៍ដ៏ជាក់ច្បាស់ដែលទទួលបានពីទំនាក់ទំនងទ្វេភាគីនេះ។
នៅក្នុងសុន្ទរកថាថ្លែងក្នុងអំឡុងពេលប្ដូរទំនាក់ទំនងការទូតនេះ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Salvador Sanchez Ceren បាននិយាយថា រដ្ឋាភិបាលរបស់លោកច្បាស់ក្នុងចិត្តថា «ការភ្ជាប់ទំនាក់ទំនងជាមួយនឹងចិនគឺជាជំហានមួយនៅក្នុងទិសដៅត្រឹមត្រូវ»។
ប្រទេសអែលសាល់វ៉ាឌ័រគឺជាប្រទេសទី ៣ ហើយ ដែលលះបង់តៃវ៉ាន់ដើម្បីរត់រកចិននៅក្នុងឆ្នាំនេះ បន្ទាប់ពីសាធារណរដ្ឋដូមីនីក និងប្រទេស Burkina Faso បានផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់មក។ នាពេលបច្ចុប្បន្ននេះ មានប្រទេសតូចៗ និងក្រីក្រតែ ១៧ ប្រទេសប៉ុណ្ណោះ ដែលទទួលស្គាល់កោះតៃវ៉ាន់ថាជាជាតិអធិបតេយ្យមួយ។
នៅក្នុងសន្និសីទកាសែតមួយឆ្លើយតបទៅនឹងការវិវត្តន៍នេះនៅព្រឹកថ្ងៃអង្គារនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing Wen បានសន្យាថា កោះតៃវ៉ាន់នឹងមិនចុះចាញ់នឹងសម្ពាធនេះទេ ដោយតៃវ៉ាន់ប្ដេជ្ញាថានឹងរក្សានូវភាពឯករាជ្យរបស់ខ្លួនឲ្យបាន៕