ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានប្រាប់សមាជិកសភាមកពីប្រទេសលីទុយអានី ឡេតូនី និងអេស្តូនី ដែលជាបណ្ដាប្រទេសនៅតំបន់សមុទ្របាល់ទិក (Baltic Sea) នៅថ្ងៃចន្ទនេះថា តៃវ៉ាន់និងទ្វីបអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងលទ្ធិផ្តាច់ការនិយម និងព័ត៌មានមិនពិត។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសលីទុយអានី បានប្រឈមការគាបសង្កត់ជាប្រចាំពីប្រទេសចិន តាំងពីពេលដែលប្រទេសនេះ បានអនុញ្ញាតឲ្យមានវត្តមានស្ថានទូតតៃវ៉ាន់នៅក្នុងរដ្ឋធានីរបស់ខ្លួនមក។
រដ្ឋាភិបាលចិន បានបង្កើនសម្ពាធយោធានិងការទូតលើរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីឲ្យតៃវ៉ាន់ឯកភាពតាមខ្លួនថាតៃវ៉ាន់ជាដែនដីរបស់ខ្លួន និងដើម្បីដាក់កំហិតលើការចូលរួមរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់នឹងមិនខ្លបខ្លាចការគំរាមកំហែងនេះទេ ហើយតៃវ៉ាន់នឹងការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
អ្នកស្រី Tsai Ing-wen បានប្រាប់សមាជិកសភាទាំងនោះនៅឯខុទ្ទកាល័យរបស់អ្នកស្រីថា តៃវ៉ាន់និងប្រទេសទាំង ៣ មានបទពិសោធន៍ប្រហាក់ប្រហែលគ្នានៃការរំដោះខ្លួនចេញពីការគ្រប់គ្រងបែបផ្តាច់ការ និងការតស៊ូប្រយុទ្ធដើម្បីសេរីភាព។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «លទ្ធិប្រជាធិបតេយ្យដែលយើងមាននៅពេលសព្វថ្ងៃនេះបានមកដោយលំបាក។ នេះជាអ្វីដែលយើងទាំងអស់គ្នាយល់យ៉ាងជ្រាលជ្រៅ»។
លោក Matas Maldeikis មេដឹកនាំក្រុមមិត្តភាពតៃវ៉ាន់នៃសភាប្រទេសលីទុយអានី បានប្រាប់អ្នកស្រី Tsai Ing-wen ថា ក្រុមរបស់លោកមកតៃវ៉ាន់ពេលនេះដើម្បីបង្ហាញនូវសាមគ្គីភាពរបស់ខ្លួនជាមួយនឹងតៃវ៉ាន់៕