អ្នកវិភាគនិយាយថា ជម្លោះរវាងកោះតៃវ៉ាន់ និងសហភាពអឺរ៉ុបដោយសារតែការហាមឃាត់លើអ្នកដំណើរតៃវ៉ាន់ អាចនឹងបង្ហាញឱ្យឃើញពីជម្លោះការទូតនៅពេលអនាគតក្នុងចំណោមរដ្ឋាភិបាលនានានៅជុំវិញពិភពលោក នៅពេលពួកគេព្យាយាមស្វែងរកការយល់ព្រមជាឯកច្ឆន្ទក្នុងការអនុញ្ញាតឱ្យមានការធ្វើដំណើរអន្តរជាតិ ក្នុងពេលមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
ក្រសួងការបរទេសនៅក្នុងក្រុងតៃប៉ិបាននិយាយនៅពាក់កណ្តាលខែកក្កដាថា តៃវ៉ាន់សង្ឃឹមថា សហភាពអឺរ៉ុបនឹងដាក់តៃវ៉ាន់ក្នុងបញ្ជីប្រទេសមានសុវត្ថិភាព។ ពលរដ្ឋមកពីប្រទេសក្នុងបញ្ជីនេះ អាចធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុបបាន។ តៃវ៉ាន់មានករណីជំងឺកូវីដ១៩សកម្ម ស្ទើរតែសូន្យ ប៉ុន្តែតៃវ៉ាន់នឹងមិនយល់ព្រមអនុញ្ញាតឱ្យពលរដ្ឋមកពីសហភាពអឺរ៉ុប ចូលក្នុងប្រទេសខ្លួននោះទេ។ នេះជាបញ្ហាមួយសម្រាប់ភាគីសហភាពអឺរ៉ុប។ តៃវ៉ាន់និយាយថា សហភាពអឺរ៉ុប មិនទាន់មានសុវត្ថិភាពពីជំងឺនេះនៅឡើយទេ។ អ្នកវិភាគមួយចំនួននិយាយថា ប្រទេសចិន ដែលជាគូប្រជែងនយោបាយរបស់តៃវ៉ាន់ អាចនឹងស្នើសុំឱ្យសហភាពអឺរ៉ុប ផ្តាច់ទំនាក់ទំនងពីតៃវ៉ាន់ផងដែរ។
ករណីរបស់តៃវ៉ាន់ បង្ហាញពីការខ្វះខាតស្តង់ដារនៃការអនុវត្តផ្នែកកុងស៊ុល ដែលអាចទទួលយកបានជាអន្តរជាតិចំពោះរបៀបដែលរដ្ឋាភិបាល គួរតែបើកព្រំដែនឡើងវិញដើម្បីទទួលយកអ្នកដំណើរបរទេស ដែលពួកគេ គឺជាប្រភពនៃពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចនៅក្នុងពិភពលោក ដែលការគ្រប់គ្រងជំងឺនេះដោយជោគជ័យ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង។
អ្នកជំនាញជឿថា ប្រទេសមួយចំនួនចង់ទទួលបានគោលការណ៍ទៅវិញទៅមក ដូចនឹងការដែលពួកគេសម្រេចលើតម្លៃទិដ្ឋាការអ៊ីចឹងដែរ។ ក្រុមអ្នកជំនាញនិយាយថា ប្រទេសផ្សេងទៀត ចង់បង្ហាញពីសញ្ញានៃការអនុញ្ញាតឱ្យតែអ្នកដំណើរធុរកិច្ចទេ ដែលអាចចូលក្នុងប្រទេសខ្លួនបានក្នុងរយៈពេលខ្លី ហើយប្រទេសជាច្រើននៅអាស៊ីត្រូវបានគេរំពឹងថា នឹងបិទព្រំដែនទាំងស្រុងរបស់ខ្លួនរហូតទាល់តែមានវ៉ាក់សាំង។
លោក Stuart Orr សាស្ត្រាចារ្យផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Deakin ក្នុងប្រទេសអូស្ត្រាលីបាននិយាយក្នុងសម្តីដើមថា៖
«ការផ្តាច់ខ្លួនពីសាកលលោកនឹងបន្តកើតមាន ក្នុងពេលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដោយមានការដួលរលំប្រព័ន្ធជាច្រើនដែលទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសាកលលោក។ វិបត្តិនេះ នឹងបន្តរំលេចឱ្យឃើញពីភាពដាច់ពីគ្នាផ្នែកវប្បធម៌ក្នុងចំណោមរដ្ឋអធិបតេយ្យ ហើយនឹងនាំឱ្យមានការរំពឹងទុកខុសគ្នាៗកាន់តែច្រើនឡើងៗ អំពីការបើកព្រំដែនឡើងវិញ។
លោក Orr បានថ្លែងបន្ថែមថា៖
«ក្នុងការប្រឈមមុខនឹងការផ្តាច់ខ្លួនពីសាកលលោក ការយោគយល់គ្នារវាងរដ្ឋអធិបតេយ្យកំពុងធ្លាក់ចុះ ជាជាងកើនឡើង»។
សារព័ត៌មាន Kyodo ដែលមានមូលដ្ឋាននៅក្នុងក្រុងតូក្យូបានរាយការណ៍នៅក្នុងខែមិថុនាថា ប្រទេសជប៉ុនមានគម្រោងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរដោយអនុញ្ញាតឱ្យអ្នកដំណើរធុរកិច្ចចំនួន២៥០នាក់មកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ ថៃ និងវៀតណាម ចូលក្នុងប្រទេសខ្លួនក្នុងមួយថ្ងៃៗ។ ប្រទេសគោលដៅទាំងអស់ សុទ្ធតែមានចំនួនអ្នកជំងឺកូវីដ១៩តិចតួច។
ក្រសួងការបរទេសសិង្ហបុរីបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសសិង្ហបុរី និងទីក្រុង និងខេត្តចំនួន៦ របស់ចិន បានព្រមព្រៀងគ្នាបើកឱ្យមាន «ច្រករហ័ស» ផ្នែកអន្តោប្រវេសន៍សម្រាប់អ្នកដំណើរធុរកិច្ច។ ជំងឺដ៏កាចសាហាវ ដែលជាញឹកញាប់អាចបណ្តាលឱ្យស្លាប់នេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសចិន ដែលជាប្រភពដ៏សំខាន់នៃចំណូលពីការធ្វើដំណើរសម្រាប់ប្រទេសសិង្ហបុរី។
សារព័ត៌មានអូស្ត្រាលី បានស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍អូស្ត្រាលីកាលពីខែមិថុនា ដោយមានសេចក្តីថា ព្រំដែនអាចនឹងបន្តបិទរហូតដល់ឆ្នាំ២០២១។ ផ្ទុយទៅវិញ សហភាពអឺរ៉ុប បានបើកព្រំដែនរបស់ខ្លួនសម្រាប់ប្រទេសសមាជិកទាំង២៧របស់ខ្លួន នៅថ្ងៃទី១៥ ខែមិថុនា ទោះជាការផ្ទុះឡើង នៅតែបន្តកើតមាននៅកន្លែងមួយចំនួនក្តី។
ឥឡូវនេះ អ្នកដំណើរត្រូវត្រៀមខ្លួនសម្រាប់ការហាមឃាត់មិនឱ្យចាកចេញពីប្រទេសរបស់ខ្លួន និងការវិលត្រឡប់ទៅកាន់ប្រទេសដែលពួកគេមានប័ណ្ណស្នាក់នៅរយៈពេលយូរ។ ជាឧទាហរណ៍ ប្រទេសហ្វីលីពីន នឹងមិនអនុញ្ញាតឱ្យពលរដ្ឋភាគច្រើនរបស់ខ្លួនចេញក្រៅប្រទេសនោះទេ ខណៈដែលប្រទេសចិន បានហាមឃាត់មិនឱ្យអ្នកកាន់ប័ណ្ណអនុញ្ញាតដែលជាជនបរទេស ចូលក្នុងប្រទេសចិនវិញទេ។
លោក Rajiv Biswas ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit នៅក្នុងប្រទេសសិង្ហបុរី បាននិយាយក្នុងសម្តីដើមថា៖
«វាជាបញ្ហាដ៏ពិតប្រាកដមួយនៅទូទាំងពិភពលោក។ ក្រមវិធានច្បាប់ត្រូវការរយៈពេលយូរ ហើយវាពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការព្យាយាមស្វែងយល់ថា តើមានអ្វីកំពុងកើតឡើង។ មិនមានស្តង់ដារអ្វីទេ។ ប្រទេសនីមួយៗធ្វើការសម្រេចចិត្តពីរបៀបដោះស្រាយបញ្ហានេះដោយខ្លួនឯង»។
លោក Biswas ទស្សន៍ទាយថា រដ្ឋាភិបាលនៅអាស៊ីភាគច្រើន នឹងរង់ចាំទាល់តែមានវ៉ាក់សាំងសិន មុននឹងបើកព្រំដែនឡើងវិញក្នុងទ្រង់ទ្រាយធំណាមួយនោះទេ៕