ការបោះឆ្នោតនៅតៃវ៉ាន់ធ្វើតេស្តនៅដើមឆ្នាំ​២០២៤ អំពី​គោលដៅ​សហរដ្ឋអាមេរិក​សំដៅ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​នឹង​ចិន​មាន​ស្ថិរភាព

  • ​Reuters

ក្រុម​អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ Taiwan People's Party (TPP) ចូលរួម​ការ​ដើរ​ហែក្បួន​យុទ្ធនាការ​មួយ​ នៅ​ក្រុង Kaohsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ការបោះឆ្នោត​នៅ​តៃវ៉ាន់​ នៅ​ថ្ងៃសៅរ៍​ ទី ១៣ ខែមករានេះ​ បង្ក​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ ដោយ​មិន​ថាគណបក្សណា​ឈ្នះ​ឆ្នោតក៏ដោយ។​ បើជ័យជម្នះ​បាន​ទៅ​គណបក្ស​កាន់​អំណាច ​គឺ​ប្រាកដ​ជា​នឹង​ធ្វើឱ្យ​មាន​ភាពតានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាមួយ​ប្រទេស​ចិន​ ខណៈដែល​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង​អាច​នឹង​បង្ក​ឱ្យ​មាន​សំណួរ​ដ៏​ឆ្គាំឆ្គង​អំពី​គោល​នយោបាយ​ការពារ​កោះ​នេះ។

ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ និង​សភា​នៅ​ថ្ងៃទី​ ១៣​ ខែមករានេះ​ តំណាង​ឱ្យ​សន្លឹក​បៀ​មាន​តម្លៃ​មិន​អាច​កំណត់​បាន​យ៉ាង​ពិតប្រាកដ​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​ ២០២៤​ សម្រាប់​គោលដៅ​របស់​រដ្ឋបាល​លោក​ Biden ​ក្នុង​ការធ្វើឱ្យ​ទំនាក់​ទំនង​មាន​ស្ថិរភាព​ជាមួយ​ប្រទេស​ចិន។

ទីក្រុង​ប៉េកាំង​អះអាងថា​កោះតៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​ ហើយ​ថែមទាំងបាន​ហៅ​ការបោះឆ្នោត​នៅ​កោះ​នេះ​ថា​ជា​ជម្រើស​រវាង​សង្រ្គាម​ និង​សន្តិភាព​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់​ ដោយ​ព្រមាន​ថា​ការប៉ុនប៉ង​ណា​មួយ​ដើម្បី ទាមទារ​ឯករាជ្យ​ជាផ្លូវការ​របស់​តៃវ៉ាន់​មាន​ន័យ​ថា​នឹង​ឈាន​ដល់ជម្លោះ។ រដ្ឋាភិបាល​តៃវ៉ាន់​បដិសេធ​ការ​អះអាង​អំពី​អធិបតេយ្យភាព​របស់​ចិន។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រយ័ត្ន​ប្រយែង​ដើម្បី​ជៀសវាង​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​លូក​ដៃ​កាច់​ចង្កូត​ឬ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​កោះ​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ លោក Nicholas Burns​ បាន​និយាយ​កាលពី​ខែធ្នូ​ថា៖ «ការរំពឹងទុក ​និង​ក្តីសង្ឃឹម​ដ៏​មុតមាំ​របស់​យើង​ គឺ​ការបោះឆ្នោត​ទាំងនោះ​គ្មាន​ការគំរាម​កំហែង​ ឬ​ការបង្ខិត​បង្ខំ​ ឬ​ការជ្រៀតជ្រែក​ពី​គ្រប់ភាគី។ សហរដ្ឋ​អាមេរិក​មិន​ចូល​រួម​ពាក់ព័ន្ធ​ហើយ​នឹង​មិន​ពាក់ព័ន្ធ​ក្នុង​ការបោះឆ្នោត​នេះ​ទេ»។​

ការ​ផ្ដាច់​ខ្លួន​បែប​នេះ​បាន​បង្ហាញ​ថា​ពិបាក​កំណត់ក្នុង​ពេល​អតីតកាល។ រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ជ្រួញចិញ្ចើម​នៅ​មុន​ការ​បោះឆ្នោត​របស់​តៃវ៉ាន់​នៅ​ឆ្នាំ​ ២០១២​ នៅពេលដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​បញ្ចេញ​ការ​សង្ស័យ​អំពី​ថា​តើ​បេក្ខជន​ប្រធានាធិបតី​នៅពេលនោះ​លោកស្រី Tsai Ing-wen អាច​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ជាមួយ​ចិន​ឬទេ។

រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ថ្លែងសុន្ទរកថា​ចុង​ឆ្នាំ នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

លោកស្រី Tsai ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម ​(DPP) ​បាន​ចាញ់​នៅ​ឆ្នាំ​នោះ​ ប៉ុន្តែ​បាន​ឈ្នះ​តំណែង​ប្រធានាធិបតី​នៅឆ្នាំ​ ២០១៦​ និង​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០ ហើយ​ភាពតានតឹង​ជាមួយ​ប្រទេស​ចិន​កើនឡើង​ ដែល​បង្កើន​ការភ័យខ្លាច​ថា​ទីក្រុង​ប៉េកាំង​អាចនឹង​ធ្វើ​តាម​ការប្តេជ្ញា​របស់ខ្លួន​ក្នុង​ការនាំយក​តៃវ៉ាន់​មក​ដាក់ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ដោយ​កម្លាំង​យោធា​ប្រសិនបើ​ចាំបាច់។

ការកំណត់​អាណត្តិ​បាន​រារាំង​លោក​ស្រី​ Tsai ​មិន​ឱ្យ​ឈរ​ឈ្មោះ​ម្តង​ទៀត​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ចាត់ទុក​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ នៅ​ឆ្នាំ​នេះ​ និង​ជាអនុ​ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន​លោក Lai Ching-te ​ថា​ជា​អ្នកផ្តាច់ខ្លួន​ ហើយ​អ្នកវិភាគ​រំពឹង​ថា​ទីក្រុង​ប៉េកាំង​នឹង​បង្កើន​សម្ពាធ​ផ្នែក​យោធា ​ប្រសិនបើ​លោក​ឈ្នះ​ឆ្នោត។

ទាំង​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ និង​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​របស់​តៃវ៉ាន់​ គឺ​ គណបក្ស​គួកមីញតាំង ​(Kuomintang (KMT) ​និយាយ​ថា​ មានតែ​ពួកគេ​ទេ​ដែល​អាច​រក្សា​សន្តិភាព​ និង​បាន​ប្តេជ្ញា​ពង្រឹង​ការការពារ​របស់​តៃវ៉ាន់។ គណបក្ស​ទាំងពីរ​និយាយ​ថា​មាន​តែ​ប្រជាជន ​២៣ លាន​នាក់​របស់​តៃវ៉ាន់​ប៉ុណ្ណោះ ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ​បាន​ ទោះបីជា​គណបក្ស​គួកមីញតាំង​ និយាយ​ថា​ខ្លួន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​ឯករាជ្យ​ភាព​ក៏ដោយ។

ទីក្រុង​វ៉ាស៊ីនតោន​ក៏​និយាយ​ផងដែរ​ថា ​ខ្លួន​មិនគាំទ្រ​ឯករាជ្យភាព​ទេ​ ប៉ុន្តែ​មាន​ការព្រួយបារម្ភ​ខ្លះ​នៅក្នុង​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក​ថា ​ជ័យជម្នះ​របស់​លោក​ Hou Yu-ih ​នៃ​គណបក្ស​គួកមិញ​តាំង​ អាច​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការពង្រឹង​សមត្ថភាព​ទប់ស្កាត់​ជាមុន​របស់យោធា​តៃវ៉ាន់។ ជាប្រពៃណី ​គណបក្ស​នេះ​ចូលចិត្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ ទោះបីជា​បដិសេធ​ថា​មិន​គាំទ្រ​ទីក្រុង​ប៉េកាំង​ក៏ដោយ។

លោក Douglas Paal ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ក្រៅផ្លូវការ​ប្រចាំ​នៅ​តៃវ៉ាន់​បាន​និយាយ​ថា​៖ «បបូរមាត់​របស់​មន្ត្រី​រដ្ឋបាល​អាមេរិក​និយាយ​ថា​ពួកគេ​អព្យាក្រឹត​ ប៉ុន្តែ​ភាសា​កាយវិការ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​ទាំងមូល​អំពី​ប្រទេស​ចិន​ និយាយ​ថា​ពួកគេ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ដែល​ពួកគេ​ស្គាល់​ជាង​គណបក្ស​គួកមិញតាំងហើយ​ ដែល​ពួកគេ​មិន​សូវ​ប្រាកដ​ច្បាស់​ពី​ជំហរ»។

លោក Paal ​បាន​និយាយ​ថា ​មាន​ភាពមិនច្បាស់លាស់​នៅក្នុង​កោះតៃវ៉ាន់​ អំពី​ការវិនិយោគ​លើ​វិស័យ​ការពារ​ជាតិ​ ហើយ​គណបក្ស​គួកមិញតាំង​ មើលឃើញ​វិធី​ប្រសើរ​ជាង​ក្នុង​ការថែរក្សា​សន្តិភាព​ ជាង​ការចំណាយ​លើ​ផ្នែកយោធា ​ដែល​មាន​ន័យ​ថា ​យក​ពន្ធកាន់តែ​ខ្ពស់​ ដោយ​មិនមាន​លទ្ធភាព​សមស្រប​នឹង​សមត្ថភាព​របស់​ប្រទេស​ចិន​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «ដោយសារ​មានសង្គ្រាម​នៅ​ហ្កាហ្សា ​និង​អ៊ុយក្រែន​ សមត្ថភាព​របស់​អាមេរិក​បាន​ស្តួចស្តើង​ ហើយ​ទិសដៅ​នាពេល​អនាគត​របស់​កោះនេះ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ស្រុក​ ស្ថានភាព​នៅ​ដដែល​ត្រូវតែ​មើល​ទៅ​មាន​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន» ។

មន្ត្រី​អាមេរិក​មួយ​ចំនួនទន្ទឹង​ថា​ ចិន​នឹង​បង្កើន​សម្ពាធ​លើ​កោះតៃវ៉ាន់​ ទាំង​ផ្នែកយោធា​ សេដ្ឋកិច្ច​ និង​ការទូត ​ដោយ​មិនគិត​ថា​អ្នកនយោបាយ​ណាបាន​ជាប់​ឆ្នោត​ទេ។

«នេះ​ទំនងជា​រយៈពេល​នៃ​ភាពតានតឹង​កាន់តែ​ខ្លាំង​ឡើង​ ដែល​ទាមទារ​ឱ្យ​មាន​ការទូត​ បណ្តាញ​ទំនាក់ទំនង​ច្បាស់លាស់ ​និង​ការបញ្ជាក់​ឡើងវិញ​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ ស្ថិរភាព​ និង​ស្ថានភាព​បច្ចុប្បន្ន​»។ ​នេះ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់មួយ​រូប​នៃរដ្ឋបាល​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ។

មន្ត្រី​រូបនេះ​បាន​និយាយ​ថា៖ «យើង​បាន​និយាយ​ច្បាស់លាស់​នៅក្នុង​កិច្ចប្រជុំ ​(ជាមួយ​ប្រទេស​ចិន) ដោយ​បង្ហាញ​ពី​ការព្រួយ​បារម្ភ​របស់​យើង​អំពីការបង្ខិត​បង្ខំខាងវិស័យ​យោធា ​សេដ្ឋកិច្ច​ និងវិស័យ​គ្រប់​ជាន់ថ្នាក់​ផ្សេង​ទៀត» ។

ក្រុម​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ Kuomintang (KMT) ចូលរួម​កម្មវិធី​ហែក្បួន​យុទ្ធនាការ​បក្ស នៅទីក្រុង Keelung កោះតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ពន្យារ​វេលា​សម្រាប់​ការពារ?

មនុស្ស​ម្នាក់​ដែល​ដឹង​ពី​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ «បង្កើត​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ» ​ជាមួយ​បេក្ខជន​នីមួយៗ​ ហើយ​បាន​សង្កត់ធ្ងន់​លើ ​«សារៈសំខាន់​នៃ​ការបន្តគោលនយោបាយ​សំខាន់ៗ»​ រួមទាំង​ការការពារ​ និង​ការរក្សា​ស្ថានភាព​ច្រកសមុទ្រ​ឱ្យនៅ​ដដែល។

ជាច្រើន​ឆ្នាំ​កន្លង​មកនេះ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​សង្កត់ធ្ងន់​ថា​ ខ្លួន​មិនអាច​យក​បញ្ហា​ការពារ​ជាតិ​របស់​តៃវ៉ាន់​ឱ្យ​ខ្លាំង​ជាង​កោះ​នេះ​ប្រកាន់​យក​ដោយ​ខ្លួនឯង​នោះ​ទេ​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុង​តៃប៉ិ​ខិតខំ​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ «បន្លា​មួយ»​ ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​ចិន​ដែល​អាច​កើត​មាន​ឡើង​បាន ​ដោយ​ការវិនិយោគ​លើ​ធនធាន​យោធា​ដែល​មាន​ប្រសិទ្ធភាព ​ងាយ​ចល័ត​ និង​ពិបាក​បំផ្លាញ។

ក្រុមអ្នកវិភាគ​បាន​និយាយ​ថា ​ការគាំទ្រ​របស់​សភា​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់​គឺ​ខ្លាំង​ ប៉ុន្តែ​រឿង​មួយ​ក្នុង​ចំណោម​រឿង​មួយ​ចំនួន​ដែល​អាច​នាំឱ្យការគាំទ្រ​នេះថមថយ គឺ​ការផ្លាស់ប្តូរ​ណាមួយ​ដោយ​កោះ​អ្នកមាន​ទ្រព្យធន​នេះ​ក្នុង​ការផ្អាក ​ឬ​បញ្ច្រាស​ការប្តេជ្ញាចិត្ត​ដើម្បី​បង្កើន​សមត្ថភាព​ការពារខ្លួន​របស់​កោះ​នេះ។

បើសិនជា​មានការជាប់គាំង​ណាមួយ​ក្នុងគោលនយោបាយ​ការពារជាតិ​នៅតៃវ៉ាន់ ដោយសារ​ការបោះឆ្នោត​នាំឱ្យគណបក្ស​មួយឈ្នះតំណែង​ប្រធានាធិបតី ហើយគណបក្ស​មួយទៀត​ឈ្នះ​សំឡេង​ភាគច្រើន​ក្នុងសភានោះ ទីក្រុងវ៉ាស៊ីនតោន​ទំនង​ជានឹង​មាន​ការព្រួយបារម្ភ។

ខណៈពេល​ដែល​អ្នកខ្លះសួរថាតើ​គណបក្ស​គួកមិញតាំង​ នឹង​មាន​ការប្តេជ្ញាចិត្ត​ចំពោះ​កំណែ​ទម្រង់​វិស័យ​ការពារ​ជាតិ ​និង​ការចំណាយ​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ដែរ​ឬទេនោះ ជ័យ​ជម្នះ​របស់​គណបក្ស​គួកមិញតាំង​ អាច​នាំ​ឲ្យ​មាន​ការថយ​កម្តៅ​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​ ដែល​ចិន​និយាយ​ថា​ជា​បញ្ហា​គ្រោះថ្នាក់​បំផុត​នៅក្នុង​ទំនាក់ទំនង​អាមេរិក​និង​ចិន៕