ជំនួបជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃសៅរ៍រវាងមេដឹកនាំនៃកោះតៃវ៉ាន់ និងមេដឹកនាំចិនសំបូរមានភាពប្រកបដោយនិមិត្តរូបនិយម ក៏ប៉ុន្តែមិនសូវមានខ្លឹមសារទេ។
ការរិះគន់ដល់ការធ្វើដំណើរ និងការប្រព្រឹត្តរបស់លោកប្រធានាធិបតីតៃវ៉ាន់ Ma Ying-Jeou នៅក្នុងជំនួបជាមួយលោកប្រធានាធិបតី Xi Jinping នៃប្រទេសចិននៅក្នុងប្រទេសសិង្ហបូរីកំពុងមានកាន់តែច្រើនឡើងៗនៅក្នុងកោះតៃវ៉ាន់។ហើយនៅពេលដែលមេដឹកនាំទាំងពីររូបបាននិយាយថា ជំនួបគ្នានេះគ្មានទាក់ទិនអ្វីជាមួយនឹងការបោះឆ្នោតក្នុងពេលខាងមុខនេះក្នុងកោះតៃវ៉ាន់ក៏ដោយ ក៏ជំនួបនេះបានក្លាយជាប្រធានបទសំខាន់មួយនៃការឃោសនាបោះឆ្នោតក្នុងកោះតៃវ៉ាន់រួចស្រេចទៅហើយ។
លោកស្រី Tsai Ing-wen បេក្ខនារីប្រធានាធិបតីតៃវ៉ាន់ខាងគណបក្សប្រជាធិបតេយ្យអភិវឌ្ឍន៍បានមានប្រសាសន៍ថា អ្វីសំខាន់មួយដែលលោកប្រធានាធិបតីតៃវ៉ាន់មិនបានគូសបញ្ជាក់នៅក្នុងជំនួបរបស់លោក ឬនៅក្នុងសេចក្តីថ្លែងរបស់លោកទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីការបញ្ចប់កិច្ចចរចាបិទទ្វារនោះគឺ សេចក្តីថ្លៃថ្នូរផ្នែកប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ សេរីភាពនិងឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។
ថ្លែងទៅកាន់ការប្រមូលផ្តុំមួយនៅក្នុងក្រុង Taichung ក្នុងផ្នែកកណ្តាលនៃកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានកោះហៅក្រុមអ្នកបោះឆ្នោតឲ្យបោះឆ្នោតទម្លាក់គណបក្សរបស់លោក Ma ពីការិយាល័យប្រធានាធិបតីនិងពីអង្គការនីតិបញ្ញត្តិ៕