សេចក្តីសម្រេចរបស់ប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះក្នុងការបន្តរក្សាទុកកម្មវិធីហ្វឹកហ្វឺនយោធាមានរយៈពេល៤០ឆ្នាំមកហើយជាមួយកោះតៃវ៉ាន់ ទោះណាជាមានការគាបសង្កត់ពីប្រទេសចិនក៏ដោយនោះ បានផ្តល់ឱ្យគោលនយោបាយការបរទេសនៃកោះតៃវ៉ាន់ នូវជ័យជំនះមួយមិនសូវមានក្នុងទ្វីបអាស៊ី។
ពួកមន្ត្រីនៅក្នុងកោះតៃវ៉ាន់ បាននិយាយក្នុងសប្តាហ៍នេះថា ប្រទេសសិង្ហបុរីនឹងបន្តកម្មវិធីហ្វឹកហ្វឺនយោធាឈ្មោះគម្រោងការណ៍ Starlight ទោះណាជាមានដំណើរទស្សនកិច្ចមួយកាលពីខែមុនរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបូរី Lee Hsien Loong ទៅកាន់ប្រទេសចិនក៏ដោយ។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ថាជាផ្នែកមួយរបស់ដែនដីខ្លួនផ្ទាល់ហើយចិនមិនបានលើកទឹកចិត្តរដ្ឋាភិបាលឯទៀតៗឱ្យមានទំនាក់ទំនាងខាងការទូតឬខាងយោធាជាមួយតៃវ៉ាន់ ទេ។
ភាគីទាំងពីរបានចាប់ផ្តើមកម្មវិធីនេះកាលពីឆ្នាំ១៩៧៥ នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Lee Kuan Yew ដែលជាអ្នកបង្កើតប្រទេសសិង្ហបុរី និងមិត្តរបស់លោកគឺលោក Chiang Ching-Kuo នាយករដ្ឋមន្ត្រីតៃវ៉ាន់ នៅពេលនោះដែលក្រោយមកបានកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់។
ប្រទេសសិង្ហបូរីបានជ្រើសរើសយកកោះតៃវ៉ាន់ ជាកន្លែងហ្វឹកហ្វឺនពីព្រោះរដ្ឋជាក្រុងនេះខ្វះផ្ទៃដីសម្រាប់ធ្វើសមយុទ្ធយោធាធំដុំដោយមានរួមទាំងការធ្វើដូចជាមានសង្គ្រាមមែនទែនផង។
លោក Nathan Liu ជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យ Ming Chuan ក្នុងកោះតៃវ៉ាន់ បាននិយាយថា៖ «ខ្ញុំយល់ថាប្រទេសសិង្ហបុរីបានខិតខំព្យាយាមយ៉ាងហោចណាស់ ធ្វើជាអ្នកអព្យាក្រឹតទោះណាជាពួកគេទទួលគំនាបសង្កត់នេះពីប្រទេសចិនក៏ដោយ។ ទំនាក់ទំនងនេះជាមួយកោះតៃវ៉ាន់ មិនគួរត្រូវបញ្ឈប់ឬត្រូវផ្អាកនោះទេ»៕