បើតាមរបាយការណ៍កោសល្យវិច្ច័យចេញផ្សាយកាលពីថ្ងៃពុធ ទី៣ខែមិថុនា បង្ហាញថា ការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្រែកថា «ខ្ញុំដកដង្ហើមមិនរួចទេ» នៅក្នុងពេលចាប់ខ្លួនដោយប៉ូលិសក្នុងទីក្រុង Tacoma រដ្ឋWashington ត្រូវបានកំណត់ថាជាករណីឃាតកម្ម។ ចាប់ពីពេលនោះមកអភិបាលក្រុង Tacoma បានអំពាវនាវឲ្យមានការចាប់ខ្លួនប៉ូលិសបួននាក់ដែលពាក់ព័ន្ធនឹងករណីនេះ។
អ្នកស្រី Victoria Woodards អភិបាលក្រុង Tacoma បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយកាលពីយប់ថ្ងៃទី៤ខែមិថុនាថា៖ «មន្ត្រីប៉ូលិសដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះគួរតែត្រូវបានបណ្ដេញចេញពីការងារ និងកាត់ទោសតាមច្បាប់។ ខ្ញុំសូមទាមទារនៅក្នុងយប់នេះ ឲ្យមេប៉ូលិសប្រចាំស្រុក Pierce County ត្រួតពិនិត្យ និងបញ្ជាក់ឡើងវិញ ពីរាល់សកម្មភាពដែលបានប្រព្រឹត្តដោយមន្ត្រីប៉ូលិស [ដែលពាក់ព័ន្ធ] គ្រប់រូប។ ខ្ញុំសូមទាមទារឲ្យមេប៉ូលិសផ្ដល់ព័ត៌មានលម្អិតពីសកម្មភាពរបស់ប៉ូលិសទាំងបួននាក់ នៅកន្លែងកើតហេតុ ហើយខ្ញុំសូមបញ្ជាឲ្យប្រធានរដ្ឋបាលទីក្រុងបណ្ដេញប៉ូលិសដែលពាក់ព័ន្ធចេញពីការងារ»។
លោក Manuel Ellis បានស្លាប់ទាំងដៃទាំងពីរជាប់ខ្នោះ ក្នុងអំឡុងលោកពេលប៉ូលិសឃាត់ខ្លួនលោកក្រាបនឹងដី បន្ទាប់ពីមន្ត្រីប៉ូលិសថាពួកគេបានឃើញលោក លោក Ellis ព្យាយាមចូលទៅក្នុងរថយន្តដែលមានមនុស្សបើក កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប៉ូលិសក្រុង។
ព័ត៌មានទាក់ទង៖ រដ្ឋអាជ្ញាចោទប្រកាន់ប៉ូលិស ៣ នាក់ទៀតក្នុងករណីស្លាប់របស់លោក George Floydការិយាល័យកោសល្យវិច្ច័យប្រចាំសង្កាត់ Pierce បានកំណត់ថា លោក Ellis ត្រូវបានស្លាប់ដោយការស្ទះដង្ហើម ដែលបណ្ដាលមកពីខ្វះអ៊ុកស៊ីហ្សែន នៅពេលរងការរឹតសង្កត់រាងកាយ។ កត្តាគួបផ្សំផ្សេងៗទៀតអាចជា ការស្រវឹងថ្នាំញៀនមេតំហ្វេតាមីន និងជំងឺបេះដូង។ ទោះបីជារបាយការណ៍កំណត់ថាការស្លាប់របស់លោក Ellis ជាករណីមនុស្សឃាតក្តី ក៏ការណ៍នេះមិននាំឲ្យមានការចោទប្រកាន់(បទល្មើល)ព្រហ្មទណ្ឌដោយស្វ័យប្រវត្តិនោះទេ។
វីដេអូថតដោយទូរស័ព្ទអំពីការចាប់ខ្លួនដោយហិង្សានេះត្រូវបានលេចធ្លាយ កាលពីយប់ថ្ងៃទី៤ខែមិថុនា និងបង្ហាញថាប៉ូលិសបានដាល់ និងចាប់ខ្លួនលោក Ellis យ៉ាងកំរោល។ នៅពេលមួយនោះ គេឃើញប៉ូលិសម្នាក់នៅពីលើគាត់ ហើយប្រាប់គាត់ថា៖ «ដាក់ដៃមកក្រោយខ្នង»។
អភិបាលក្រុង Tacomaអ្នកស្រី Woodards បាននិយាយថា វីដេអូបានគ្រាន់តែបញ្ជាក់ពីអ្វីដែលរបាយការណ៍កោសល្យវិច្ច័យបានបង្ហាញរួចទៅហើយ។
អ្នកស្រី Woodards និយាយថា៖ «យប់នេះ [គ្រួសារលោក Ellis ] បានសួរថា៖ «ហេតុអ្វីបានជាសាធារណជនតែងតែត្រូវការឃើញវីដេអូ ទើបជឿថា ជីវិតរបស់ពលរដ្ឋអាមេរិកាំងដើម្បីកំណើតអាហ្រ្វិកម្នាក់ត្រូវបានគេសម្លាប់យ៉ាងអយុត្តិធម៌? ក្នុងនាមជាស្រ្តីអាមេរិកាំងដើមកំណើតអាហ្វ្រិកមួយរូប «ខ្ញុំមិនត្រូវការវីដេអូដើម្បីជឿនោះទេ។ ពេលខ្ញុំមើលវីដេអូនោះ ខ្ញុំកាន់តែខឹង និងកាន់តែខកចិត្ត»។
ហេតុការណ៍នេះកើតឡើងចំ(អំឡុង)ពេលដែលមានការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស ដែលបណ្ដាលមកពីការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅមួយរូបទៀតគឺលោក George Floyd ក្រោយពេលដែលប៉ូលិសស្បែកសម្នាក់នៅក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់កលោក ជិតប្រាំបួននាទី។ ការស្លាប់របស់លោក Ellis បានក្លាយទៅជាចំណុចពិភាក្សាមួយមួយទៀត សម្រាប់ការសន្ទនាថ្នាក់ជាតិអំពីការប្រព្រឹត្តរបស់ប៉ូលិសទៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិក។
អ្នកស្រី Woodards ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែមិថុនានោះថា៖ «ប្រឈមមុខនឹងការរើសអើងដ៏យូរអង្វែងមកហើយ និងព្រឹត្តិការណ៍ថ្នាក់ជាតិកើតឡើងថ្មីៗនេះ យើងមានការរន្ធត់យ៉ាងខ្លាំងដែលមរណភាពរបស់លោក Manuel Ellis បានក្លាយជាផ្នែកមួយនៃ កិច្ចសន្ទនាថ្នាក់ជាតិ»។
លោក Ellis និងលោក Floyd បានស្លាប់ក្នុងពេលប៉ូលិសចាប់ខ្លួនក្នុងកាលៈទេសៈដូចគ្នា ហើយអ្នកទាំងពីរត្រូវបានគេឮថាបានស្រែកមុនពេលស្លាប់ថា៖ «ខ្ញុំដកដង្ហើមមិនរួចទេ»។
មានការតវ៉ាជាច្រើនកើតឡើងក្នុងសប្ដាហ៍នេះនៅក្នុងទីក្រុង Tacoma ប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស ការរើសអើងពូជសាសន៍ និងដើម្បីរករយុត្តិធម៌ជូនលោក Ellis លោក Floyd និងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រិ្វកជាច្រើនរូបទៀត ដែលត្រូវបានសម្លាប់ក្រោមស្នាដៃរបស់ប៉ូលិស។
លោក Don Ramsdell មេប៉ូលិសប្រចាំទីក្រុង Tacoma បានឲ្យដឹងតាមការចេញផ្សាយព័ត៌មានមួយថា ប៉ូលិសក្រុង Tacoma បានបង្ហាញអត្តសញ្ញាណប៉ូលិសទាំងបួនរូបដែលជាប់ពាក់ព័ន្ធនឹងករណីរបស់លោក Ellis ដែលក្នុងនោះរួមមានលោក Christopher Burbank លោក Matthew Collins លោក Masyih Ford និងលោក Timothy Rankine។ លោក Burbank និង លោក Collins ជាពលរដ្ឋអាមេរិកាំងស្បែកស លោក Fordជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ និងលោក Rankine មានដើមកំណើតអាស៊ី។ បុគ្គលទាំងបួនរូបត្រូវបានផ្អាកពីការងារ៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា