ទោះបីជាជំងឺកូវីដ១៩ (COVID-១៩) នៅតែដដែលពេលឆ្លងព្រំដែនពោលគឺវារាលដាលយ៉ាងឆាប់រហ័ស និងជាញឹកញយបង្កឲ្យស្លាប់ក៏ដោយ ក៏របៀបដែលប្រទេសនានាឆ្លើយតបនឹងមេរោគនេះ អាចមានន័យស្មើនឹងការផ្លាស់ប្តូរលទ្ធផលសម្រាប់ប្រជាជនរបស់ខ្លួន។
ប្រទេសចិនបានដាក់ចេញវិធានការតឹងរ៉ឹងដែលបានគ្រប់គ្រងការរីករាលដាលនៃវីរុសនេះ។
ប្រទេសកូរ៉េខាងត្បូងបានងាកទៅរកការធ្វើតេស្តតាមដាន និងព្យាបាលមនុស្សដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។
នៅក្នុងប្រទេសទាំងពីរនេះ គ្រាលំបាកបានញ៉ាំងឱ្យមានវិធានការយ៉ាងម៉ឹងម៉ាត់។
ទីក្រុងប៉េកាំងបានរាយការណ៍មុនគេអំពីជំងឺរលាកសួតថ្មីមួយដែលបានលេចឡើងនៅទីក្រុងវូហានទៅកាន់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ប្រទេសចិនបានរាយការណ៍ថា គ្មានករណីឆ្លងថ្មីក្នុងប្រទេសទៀតទេ។ នៅចន្លោះពេលនេះ ប្រទេសចិនបានបូកសរុបចំនួនអ្នកឆ្លងមេរោគនេះដែលត្រូវបានបញ្ជាក់ត្រឹមត្រូវប្រមាណ៨០.០០០ ករណីហើយមានអ្នកស្លាប់ជាង ៣.០០០ នាក់។
បន្ទាប់ពីការបិទបាំងពីដំបូង ប្រទេសចិនបានដាក់ការគ្រប់គ្រងសង្គមតឹងរ៉ឹងដែលរឹតត្បិតការធ្វើដំណើរ តាមដានបុគ្គល និងថែមទាំងប្រើយន្តហោះដ្រូនដើម្បីបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់។
លោក ចិន ស៊ី (Chen Xi ) សាស្ត្រាចារ្យជំនួយផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចនៃសាលាសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Yale បានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា៖
«កាលដើមឡើយ ខ្វះព័ត៌មាន។ ហេតុដូច្នេះហើយនៅពេលដែលវាហួសពីសមត្ថភាពរបស់ខេត្តហ៊ូប៉ី ក្នុងការព្យាបាលអ្នកជំងឺរដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយទប់ស្កាត់ជំងឺដ៏ម៉ឺងមាត់ដែលជាការបិទសេដ្ឋកិច្ទទូទៅដើម្បីបង្ការករណីឆ្លងថ្មីណាមួយ។
វិធានការទាំងនេះដែលត្រូវបានដាក់ចេញក្រោយថ្ងៃទី២៣ ខែមករា រួមមានការបិទទាំងស្រុងនូវទីក្រុងជាច្រើនទូទាំងខេត្តហ៊ូប៉ីរួមទាំងក្រុងវូហានផង ការសាងសង់មន្ទីរពេទ្យដែលបត់បែនតាមស្ថានការណ៍ និងមន្ទីរពេទ្យក្នុងតំបន់ចំនួន២ ដើម្បីព្យាបាលប្រជាជនដែលមានចំនួនច្រើនលើសលប់។
រដ្ឋាភិបាល ក៏បានដាក់ទណ្ឌកម្មនិងផ្តល់រង្វាន់ដើម្បីលើកទឹកចិត្តដល់ការប្រកាន់ខ្ជាប់នូវវិធានការនេះ។
ដោយប្រើវិធានការបិទនេះ ប្រទេសចិនចង់ធានាថាប្រជាជនភាគច្រើនមិនបានប៉ះពាល់វីរុសនេះទេ។ ការអនុញ្ញាតឱ្យដើរហើរសេរី «នឹងនាំឱ្យមានការឆ្លងមេរោគនៅជុំទីពីរក្នុងប្រទេសចិន ប្រសិនបើលំហូរប្រជាជនមិនត្រូវបានគ្រប់គ្រងយ៉ាងល្អទេនោះ»។
គន្លឹះក្នុងការឆ្លើយតបរបស់កូរ៉េខាងត្បូងគឺការធ្វើតេស្ត និងការស្កែនរកវីរុសនេះ។ កូរ៉េខាងត្បូងធ្វើតេស្តលើមនុស្សចំនួន១៥.០០០នាក់ជារៀងរាល់ថ្ងៃ។ មន្ត្រីសុខាភិបាលបានធ្វើតេស្តមនុស្ស២៥០.០០០នាក់ ឬម្នាក់ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង២០០នាក់ ចាប់តាំងពីករណីឆ្លងដំបូងត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញកាលពីថ្ងៃទី២០ ខែមករា។ ករណីឆ្លងខ្លះ ត្រូវបានរកឃើញនៅតាមស្ថានីយ៍ធ្វើតេស្តពេលប្រជាជនគ្រាន់តែបើកឡានកាត់ម៉ាស៊ីនស្កែន។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាអត្រាមរណភាពក្នុងសកលលោកដោយសារជំងឺកូវីដ១៩នេះ គឺមាន៣,៤ ភាគរយ។ គិតត្រឹមថ្ងៃទី១៧ ខែមីនាការស្លាប់នៅកូរ៉េខាងត្បូងសរុបទាំងអស់មាន៨២នាក់ ដែលអត្រាមរណភាពនេះ ស្មើត្រឹមតែ ០,៩៩% ប៉ុណ្ណោះគឺទាបជាងមធ្យមភាគសាកលលោក។
អាជ្ញាធរកូរ៉េខាងត្បូង បានប្រើប្រាស់កំណត់ត្រាធនាគារ ទិន្នន័យ GPS តាមទូរស័ព្ទដៃ និងវីដេអូឃ្លាំមើលក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីរកទីតាំងក្រុមមនុស្សដែលមានផ្ទុកវីរុសនេះ ស៊ើបអង្កេតរបៀបនៃការឆ្លងមេរោគ ដាក់ឲ្យនៅដាច់ដោយឡែកពីគេភ្លាមៗនូវអ្នកដែលពាក់ព័ន្ធ និងផ្តល់សារព្រមានដល់សាធារណជន។
លោក Chen បាននិយាយថា៖
«នៅប្រទេសកូរ៉េខាងត្បូង មន្ត្រីសុខាភិបាលនឹងធ្វើតេស្តមិនថាអ្នកបង្ហាញរោគសញ្ញា ឬអត់ទេ» ។
លោកបន្តថាបុគ្គលិកថែទាំសុខភាពធ្វើតេស្តរកវីរុសនេះនៅតាមគេហដ្ឋានរបស់ប្រជាជនដោយឥតកំណត់ផ្ទះណាមួយជាក់លាក់ និងនៅតាមផ្លូវប្រសព្វចរាចរណ៍»។
លោកបន្ថែមថា៖
«នេះពិតជាឆ្លុះបញ្ចាំងពីគំរូនៃតំបន់អាស៊ីបូព៌ាដែលមានន័យថារដ្ឋាភិបាលមានសិទ្ធិអំណាចច្រើន។ នៅពេលមនុស្សម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឆ្លង អ្នកនោះនឹងត្រូវដាក់ឲ្យនៅដាច់ឆ្ងាយពីគេយ៉ាងម៉ត់ចត់ ហើយខ្សែសង្វាក់ចម្លងរោគនឹងត្រូវបានត្រួតពិនិត្យ» ។
ការធ្វើតេស្តមិនគិតថ្លៃសម្រាប់អ្នកជំងឺដែលមានចំណារពីវេជ្ជបណ្ឌិត និងអ្នកដែលទើបនឹងទើបវិលត្រឡប់មកពីប្រទេសចិន ឬអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលណាម្នាក់ដែលត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ។ ប្រសិនបើពលរដ្ឋកូរ៉េខាងត្បូងណាម្នាក់គ្រាន់តែចង់បញ្ជាក់ឲ្យអស់ចិត្តថាខ្លួនពិតជាគ្មានមេរោគនេះ អ្នកនោះអាចចំណាយប្រាក់ថ្លៃធ្វើតេស្តមួយដែលមានតម្លៃ ១៣៥ ដុល្លារ។
អ្នកជំនាញគ្រប់គ្រងវិបត្តិសុខភាពសាធារណៈគឺលោកវេជ្ជបណ្ឌិត Randall Hyer គឺជាសមាជិកម្នាក់នៃក្រុមវេជ្ជបណ្ឌិតសុខភាពពិភពលោកដែលបានឆ្លើយតបនឹងការផ្ទុះជំងឺ SARS កាលពីឆ្នាំ២០០៣ ។ លោកបានប្រាប់ VOA ថា នៅប្រទេសកូរ៉េខាងត្បូងប្រជាជនមានការលើកទឹកចិត្តក្នុងការធ្វើតេស្ត។
សូម្បីតែនៅដំណាក់កាលកើនឡើងខ្ពស់បំផុតនៃការផ្ទុះឡើងមេរោគនេះក៏ដោយ ក៏រដ្ឋាភិបាលបានធ្វើឱ្យប្រាកដថានៅតែមានឧបករណ៍សម្រាប់ធ្វើតេស្ត។ ការធ្វើតេស្តនេះ សំខាន់ខ្លាំងណាស់។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Randall Hyer ដែលបាននិយាយថា «បើគ្មានការធ្វើតេស្តទេ វាស្មើនឹងការរត់ឆ្ពោះទៅរកព្រៃដែលពោរពេញទៅដោយដើមឈើដោយបិទភ្នែក។ អ្នកនឹងបុកដើមឈើមិនខាន»។
កូរ៉េខាងត្បូងអាចជៀសវាងការបិទសេដ្ឋកិច្ចរបស់ខ្លួនបានហើយក៏អាចជៀសវាងការដាក់កំហិតលើការគ្រប់គ្រងសង្គមដូចដែលចិនបានដាក់ដែរ។
លោកវេជ្ជបណ្ឌិត Hyer បានប្រដូចប្រទេសកូរ៉េខាងត្បូងទៅនឹងកោះតៃវ៉ាន់សិង្ហបុរីនិងហុងកុង ដែលប្រទេសឬដែនដីទាំងនេះសុទ្ធតែមានគំនិតប្រហាក់ប្រហែលគ្នា។
លោកបន្ថែមថា៖
«គំនិតមួយក្នុងចំណោមនោះគឺការរក្សាគម្លាតឲ្យឆ្ងាយពីគ្នាតាំងពីដំបូងដើម្បីបន្ថយអត្រានៃការឆ្លងរាលដាលហើយបន្ទាប់មកគឺការធ្វើតេស្ត និងការស្កែនរកវីរុសនេះ ព្យាបាលអ្នកដែលបានឆ្លង ដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីគេ និងតាមដានទំនាក់ទំនងរបស់ពួកគេ។ នេះហើយគឺជាវិធីដែលយើងនឹងអាចពន្យឺតការឆ្លងហើយទីបំផុតនឹងបញ្ឈប់ជំងឺនេះបាន»៕