ពួក​ឧទ្ទាម​ស៊ីរី​ដែល​បាន​ទម្លាក់​លោក Assad បាន​តែងតាំង​មេដឹកនាំ​រដ្ឋាភិបាល​អន្តរកាល

រូបឯកសារ៖ លោក Mohammed Bashir ធ្វើសន្និសីទសារព័ត៌មាននៅទីក្រុង Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី ដែលកាន់កាប់ដោយក្រុមឧទ្ទាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពួក​ឧទ្ទាម​ដែល​បាន​ទម្លាក់​លោក Bashar al-Assad មេដឹកនាំ​កណ្តាប់​ដៃ​ដែក​យូរ​អង្វែង​កាលពី​ថ្ងៃ​អង្គារ​បានតែងតាំង​ប្រមុខ​រដ្ឋាភិបាល​អន្តរកាល​ដើម្បី​ដឹកនាំ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី១ ខែ​មីនា។

បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីរបស់​ពួក​មេដឹកនាំ​ឧទ្ទាម​និង​ពួក​មន្ត្រី​ដែល​បណ្តេញ​ចេញ​ពី​តំណែងមកពី​រដ្ឋាភិបាល​របស់​លោក Assad មក លោក Mohammed al-Bashir ជា​ឥស្សរជន​ដែល​មាន​គេ​ស្គាល់​តិចតួច​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​កាលពីពេល​មុន​បាន​ដឹកនាំ​រដ្ឋបាល​ដ៏​តូច​មួយ​នៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​បាន​និយាយ​ថា​លោក​បាន​ត្រូវ​គេ​ជ្រើសរើស​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាល។

លោក Bashir បាន​និយាយ​ថា«ជំនួប​នេះ​បាន​ស្ថិត​នៅ​ក្រោម​ប្រធានបទ​នៃ​ការផ្ទេរ​ឯកសារ​និង​ស្ថាប័ន​ដល់​រដ្ឋាភិបាល​ចាំផ្ទះ»។

មាន​ទិដ្ឋភាព​នៃ​ការវិលត្រឡប់​ទៅកាន់ភាពប្រក្រតី​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី ដោយ​ការធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​នូវ​ចំនួន​ជន​ប្រដាប់​អាវុធ​នៅ​តាម​ផ្លូវ​នានា។ ប្រភព​នានា​ដែល​ជិត​ស្និទ្ធ​នឹង​ពួក​ឧទ្ទាម​បាន​និយាយ​ថា​ពួក​មេបញ្ជាការ​បាន​បញ្ជា​ឱ្យ​ពួក​អ្នក​ប្រយុទ្ធ​ដកចេញ​ពី​ទីក្រុង​នានា​ហើយនិង​ឱ្យ​ប៉ូលិស​និង​កង​កម្លាំង​សន្តិសុខដែល​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ដ៏​សំខាន់​មួយ​ដាក់ពង្រាយ​ជា​ជំនួស​វិញ។

ធនាគារ​និង​ហាងលក់​ដូរ​ទំនិញ​នានា​បាន​បើកឡើងវិញ​ជា​លើក​ទី១​ចាប់តាំង​ពី​ការដួល​រលំ​របស់​លោក Assad កាលពី​ថ្ងៃ​អាទិត្យ​ហើយលោក​បាន​ជិះ​យន្តហោះ​ទៅ​ជ្រក​ពួក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ចរាចរណ៍​បាន​វិលត្រឡប់​ទៅកាន់​ផ្លូវ​ថ្នល់​នានា កម្មករ​សំណង់​បាន​វិល​ត្រឡប់​ទៅជួសជុល​នៅ​ជិត​ៗកណ្តាល​ក្រុង​ដាម៉ាស់​ហើយ​អ្នក​សម្អាត​ផ្លូវ​បាន​បោស​សម្អាត​ផ្លូវ។

ទោះ​ជា​យ៉ាងណាក៏ដោយ សញ្ញា​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈឹមបូព៌ា​នៅតែ​មាន។ អ៊ីស្រាអែល​បាន​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​មូលដ្ឋាន​កងទ័ព​ស៊ីរី​ដែល​កងទ័ព​របស់​ពួកគេ​បាន​រលាយបាត់​នៅ​ក្នុង​ការប្រឈម​នៃ​ការរុលទៅមុខ​តិចតួច​របស់​ពួក​ឧទ្ទាមដែល​បាន​បណ្តេញ​លោក Assad ក្នុង​ពេល​តែ​២សប្តាហ៍។

អ៊ីស្រាអែល​បាន​បញ្ជូន​កងទ័ព​ឆ្លងកាត់​ព្រំដែន​ចូលក្នុង​តំបន់​គ្មាន​យោធា​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី​ដោយ​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​មាន​គោលបំណង​ធ្វើ​ឱ្យ​អាវុធ​កុំ​ឱ្យ​ធ្លាក់​ចូល​ក្នុហ​កណ្តាប់​ដៃ​របស់​សត្រូវ។ អ៊ីស្រាអែល​បាន​ច្រានចោល​សេចក្តីរាយការណ៍​ថា​កងទ័ព​របស់​ខ្លួន​បាន​រុលទៅមុខ​ហួសពី​តំបន់​ទ្រនាប់​នៅ​ក្នុង​តំបន់​ជនបទ​ភាគ​នារតី​រដ្ឋធានី​ដាម៉ាស៕