ការ​ចរចា​សន្តិភាព​អំពី​ប្រទេស​ស៊ីរី​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​បាន​ត្រូវ​លើក​ថ្ងៃច័ន្ទ

លោកMohammed Alloush ប្រធាន​ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ (រូប​កណ្តាល) ថ្លែង​ទៅ​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ចចរចា​ស្តី​ពី​សន្តិភាព​ស៊ីរី​នៅ​ក្នុង​ក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី​និយាយ​ថា ​ការ​ចរចា​សន្តិភាព​អំពី​ប្រទេស​ស៊ីរី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៨ ​ខែ​កុម្ភៈ​បាន​ត្រូវ​លើក​ថ្ងៃ​ទៅ​ធ្វើ​នៅចុង​ខែ​កុម្ភៈ​វិញ។ លោក Sergei Lavrov រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះនៅ​ក្នុង​ជំនួប​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ជាមួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ជា​ច្រើន​ទៀត។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស Lavrov មិន​បាន​និយាយ​ថា ​តើ​ហេតុ​អ្វី​បាន​ជា​អង្គការ​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​ត្រូវ​ពន្យារ​ពេល​នោះ​ទេ។

នៅ​ដើម​សប្តាហ៍​នេះ ប្រទេស​តួកគី ​និង​រុស្ស៊ីរួម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​បាន​នាំ​គណៈ​ប្រតិភូ​មក​ពី​រដ្ឋាភិបាល​ស៊ីរី ​និង​ក្រុម​ឧទ្ទាម​ទៅ​កាន់​ប្រទេស​កាហ្សាក់ស្ថាន​ដើម្បី​ធ្វើ​ការ​ចរចា​សន្តិភាព​ដែល​បាន​បញ្ចប់​ដោយ​ប្រទេស​ទាំង៣​នោះបាន​ព្រម​ព្រៀង​គ្នាជួយ​ឃ្លាំ​មើល​ការ​ឈប់​បាញ់​គ្នា​ហើយ​និង​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​ខាង​នយោបាយ​ដល់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Muftuoglu អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​តួកគី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​របស់​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រយុទ្ធ​ខ្លះ​ធ្វើ​ឲ្យ​ខូច​ការ​ឈប់​បាញ់​គ្នាដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​ទៅ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​គោល​ជំហរ​របស់​តួកគីថា ​ប្រធានា​ធិបតី បាសា អាល់​អាសាដ ​នៃ​ប្រទេស​ស៊ីរី​គ្មាន​ទី​កន្លែ​ង​នៅ​ពេល​អនាគត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។ តួកគី​បាន​គាំទ្រ​ពួក​ឧទ្ទាម​នៅក្នុង​ការ​ប្រយុទ្ធ​ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១១​ដែល​ជា​ការ​តវ៉ា​ដោយ​សន្តិវិធី​មុនពេល​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល។

ជោគ​វាសនា​របស់​លោក​អាសាដ​បាន​ក្លាយ​ជា​ចំណុច​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​អំឡុងពេល​នៃ​កិច្ច​ខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។ រុស្ស៊ី​ និង​អ៊ីរ៉ង់ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ប្រធានា​ធិបតី ​អាសាធ​ បាន​និយាយ​ថា ​លោក​អាសាធ​ត្រូវ​តែ​កាន់​អំណាច៕