រដ្ឋមន្ត្រីការបរទេសស៊ីរីនិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមនៅក្នុងកិច្ចចរចាសន្តិភាពក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស «ដោយគ្មានការជ្រៀតជ្រែកពីបរទេសណាមួយ» ឡើយ។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសដដែលរូបនេះមិនបានពន្យល់ទេថា លោកបានសំដៅដល់ប្រទេសណា នៅពេលដែលលោកនិយាយអំពី «ការជ្រៀតជ្រែកពីបរទេសនោះ»។
ការលើកឡើងនេះកើតឡើងជិតមួយសប្ដាហ៍ ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តផែនការមួយសម្រាប់ដំណើរការអន្តរជាតិដើម្បីស្វែងរកសន្តិភាពនៅស៊ីរី ដែលមានគោលបំណងបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសនោះ។
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Muallem បានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបមួយក្នុងទីក្រុងប៉េកាំងជាមួយនឹងសមភាគីចិនរបស់លោកគឺលោក Wang Yi។
លោក Muallem មានប្រសាសន៍ថា គណៈប្រតិភូស៊ីរីនឹងត្រៀមខ្លួនរួចជាស្រេច ដរាបណាពួកគេទទួលបានបញ្ជីឈ្មោះគណៈប្រតិភូពីខាងក្រុមប្រឆាំង។
លោក Muallem បានបន្ថែមថា រដ្ឋាភិបាលស៊ីរី សង្ឃឹមថា ការចរចានោះនឹងទទួលបានជោគជ័យក្នុងការជួយប្រទេសស៊ីរីឲ្យបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ។
ប្រទេសចិន គឺជាប្រទេសមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការឆ្ពោះទៅរកសន្តិភាពនោះ កាលពីសប្តាហ៍មុន។
ការចរចា អាចចាប់ផ្ដើមនៅខែមករាឆ្នាំក្រោយនេះ។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានហៅផែនការអន្តរជាតិនោះ ថាជាបង្ហាញសាមគ្គីភាពដ៏កម្រមួយ ក្នុងចំណោមប្រទេសមហាអំណាចសំខាន់ៗ ទាក់ទងនឹងជម្លោះមួយដែលបានឆក់យកអាយុជីវិតមនុស្សអស់ជាង២៥ម៉ឺននាក់ហើយនោះ៕