ប្រទេសស៊ីរីដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញានេះ ត្រូវបានគេរាយការណ៍មកថា បានប្រើគ្រាប់បែកចង្កោមតាំងពីពាក់កណ្ដាលឆ្នាំ ២០១២ មក គឺប្រហែលជាមួយឆ្នាំក្រោយមកបន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសនេះ។
អង្គការសម្ព័ន្ធភាពប្រឆាំងការប្រើគ្រាប់បែកចង្កោម (Cluster Munition Coalition) បានបញ្ជាក់ថា ប្រទេសស៊ីរីបានបដិសេធថា ខ្លួនមិនមាន ឬក៏ប្រើប្រាស់អាវុធបែបនេះនោះទេ។
លោកស្រី Mary Wareham នៃអង្គការសិទ្ធិមនុស្ស Human Rights Watch គឺជាអ្នកមើលការខុសត្រូវលើរបាយការណ៍របស់អង្គការ Cluster Munition Coalition ស្ដីពីគ្រាប់បែកចង្កោមនេះ។ លោកស្រីបាននិយាយថា ការប្រើគ្រាប់បែកចង្កោមដែលបាញ់ពីលើអាកាស និងការប្រើគ្រាប់បែកចង្កោមដែលបាញ់ចេញពីលើដី បានកើនឡើងចាប់តាំងពីប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងប្រតិបត្តិការយោធាក្នុងប្រទេសស៊ីរីកាលពីឆ្នាំ ២០១៥ មក ប៉ុន្តែការប្រើប្រាស់របស់ពួកគេបានធ្លាក់ចុះនៅក្នុងឆ្នាំនេះ។
លោកស្រី Mary Wareham បាននិយាយថា៖ «មានហេតុផលជាច្រើនចំពោះរឿងនេះ។ ហេតុផលមួយគឺថា ...ដែនដីដែលកាន់កាប់ដោយកងកម្លាំងប្រឆាំងបានរួចតូចទៅៗកាលពីមួយឆ្នាំកន្លងទៅនេះ។ ភាគច្រើននៃការវាយប្រហារដោយគ្រាប់បែកចង្កោមនេះផ្ដោតលើក្រុង Idlib...។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលភ្ជាប់ជាមួយនឹងគ្រាប់បែកចង្កោមកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Idlib បានបណ្ដាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន។ ហើយគេឃើញមានការប្រើប្រាស់គ្រាប់បែកចង្កោមដែលបាញ់ចេញពីលើអាកាសផងដែរនៅក្នុងក្រុង Dhouma និងនៅតាមតំបន់ផ្សេងៗទៀត»។
អង្គការ Cluster Muniton Coalition បានរកឃើញថា សម្ព័ន្ធភាពដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប្រទេសយេម៉ែន បានបន្តប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងឆ្នាំ ២០១៧។ ប៉ុន្តែ លោកស្រី Wareham បាននិយាយថា មានភស្តុតាងតិចតួចដែលបង្ហាញថា ការវាយប្រហារបែបនេះបានបន្តធ្វើឡើងនៅក្នុងឆ្នាំនេះ។
លោកស្រី Wareham បានបញ្ជាក់ថា៖ «វាបានបង្ហាញថា ក្នុងករណីប្រទេសយេម៉ែន កិច្ចប្រឹងប្រែងបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោមនេះជះលទ្ធផលមួយចំនួន។ អ្នកប្រហែលជាបានឃើញកិច្ចប្រឹងប្រែងមួយចំនួនដែលបានធ្វើឡើងដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធភាពដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតកុំឲ្យប្រើប្រាស់គ្រាប់បែកចង្កោម ហើយខ្ញុំគិតថាកិច្ចប្រឹងប្រែងទាំងនោះទទួលបានជោគជ័យ»។
អ្នកនិពន្ធនានានៃរបាយការណ៍នេះបានបញ្ជាក់ថា បណ្ដាប្រទេសដែលជាសមាជិកសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមនេះ បានបំផ្លាញឃ្លាំងស្តុកអាវុធរបស់ពួកគេបាន ៩៩ ភាគរយហើយ ដែលធ្វើឲ្យពិភពលោកអាចលុបបំបាត់គ្រាប់បែកចង្កោមជាង ៣ ម៉ឺន ៣ ពាន់ ៥ រយគ្រាប់ និងគ្រាប់បែកតូចៗជាង ១ លាន ៧ សែនគ្រាប់ផ្សេងទៀត ដែលជាផ្នែកមួយនៃប្រព័ន្ធអាវុធទាំងនេះ។
កាលពីឆ្នាំ ២០១៧ អង្គការ Cluster Munition Coalition បានកត់ត្រាថា អ្នកស្លាប់និងរងរបួសដោយសារគ្រាប់បែកចង្កោមមានចំនួន ២៨៩ នាក់ ដែលនេះជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ៩៧១ នាក់កាលពីឆ្នាំ ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការ Cluster Munition Coalition បានបន្ថែមថា ចំនួនជនរងគ្រោះសរុបនៅទូទាំងពិភពលោកប្រហែលជាខ្ពស់ជាងនេះច្រើន ដោយសារតែមានចំនួនអ្នកស្លាប់ និងរងរបួសជាច្រើនដោយសារគ្រាប់បែកចង្កោមនេះមិនត្រូវបានគេរាយការណ៍ឲ្យដឹង៕
ប្រែសម្រួលដោយ ហេង រស្មី