ព្រឹត្តិការណ៍ SXSW៖ កន្លែង​ដែល​តន្ត្រី បច្ចេកវិទ្យា និង​ភាពយន្ត​ប្រមូល​ផ្តុំ​គ្នា

  • Elizabeth Lee

កិច្ច​ពិភាក្សា​នៅ​ក្នុងព្រឹត្តិការណ៍ South by Southwest ឆ្នាំ២០១៨ ក្នុង​ទីក្រុង Austin រដ្ឋ តិចសាស សហរដ្ឋអាមេរិក។​

ស្រម៉ៃ​ថា​មាន​ការ​ភ្ជាប់​បណ្តាញ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ថ្មី​និង​ពិធី​ជប់លៀង​ជាង​មួយ​សប្តាហ៍។ នោះ​ហើយ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Austin រដ្ឋ តិចសាស។ តន្ត្រីករ អ្នក​ផ្សព្វផ្សាយ​ភាពយន្ត និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​មក​ពី​ជុំវិញ​ពិភពលោក​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​សន្និសីទ​ South by Southwest (SXSW)។ កម្មវិធី​ដែល​ចាប់​ផ្តើម​ដំបូង​ជា​ព្រឹត្តិការណ៍​តន្រ្តី​នៅ​ក្នុង​ទសវត្សរ៍ ១៩៨០ មួយ​នេះ បាន​វិវត្តន៍​ទៅ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ធំ​ជាង​មុន​ខ្លាំង​ហើយ​កាន់​តែ​ពិបាក​នឹង​ពណ៌នា។

នេះ​ជាទិវា​ចម្រុះ​មួយដែល​មានការ​ប្រគុំភ្លេង ​បញ្ចាំង​ខ្សែ​ភាពយន្ត និង​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ផ្សេងៗ។

អ្នក​ភ្លេងម្នាក់​មក​ពី​ប្រទេស​នីហ្សេរីយ៉ា ឈ្មោះ 9ice ​មក​ចូល​រួម​ក្នុង​ទិវា​ South By Southwest ​នេះ​ដើម្បី​ជួប​មនុស្ស​ដទៃ។

«ខ្ញុំ​មក​ទីនេះ​ដើម្បី​ប្រាស័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ដើម្បីស្វែង​រក​អ្នក​គាំ​ទ្រ​ថ្មី​ថែម​ទៀត និង​ដើម្បី​ណែ​នាំ​ឲ្យ​អ្នក​ដែល​មិន​ដែល​ស្គាល់ស្នា​ដៃ​ភ្លេង​របស់​ខ្ញុំ បាន​ស្គាល់​ភ្លេង​របស់​ខ្ញុំ»។

ការ​ប្រគុំ​តន្ត្រី​ លែងជា​រឿង​សំខាន់តែ​មួយ​គត់​នៅ​ក្នុង​ទិវា​ South by Southwest នេះ​ទៀត​ហើយ។

លោក Raymond Wong អ្នក​កាសែត​ផ្តោតលើបច្ចេកវិទ្យា​មួយរូប​បាន​ថ្លែង​ថា៖

«កន្លែង​នេះ​ជា​ទិវា​តន្រ្តី​យ៉ាង​ធំ​មួយ។ នេះ​ជា​ទិវា​កំសាន្ត​មួយ។ នេះ​ជា​ការ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មី»។

ទិវា​នាំ​មាន​ការ​ផ្លាស់ប្តូរ ហើយ​មាន​ការរីក​កាន់​តែ​ធំឡើង ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្លាស់​ប្តូរ​របស់​ទីក្រុង​ Austin។

កញ្ញា Meghan Berry ដែលបាន​ចូលរួម​កម្មវិធី​នេះ​ជា​លើក​ទី១០ហើយ​បានថ្លែងថា៖

«ពី​ដើម​គេ​គិត​ថា Austin ​ជា​ទីក្រុង​តន្ត្រី ប៉ុន្តែឥឡូវ​យើង​ជា​ក្លាយ​ជា​ទីក្រុង​បច្ចេក​វិជ្ជា​វិញ​ហើយ។ ខ្ញុំ​មាន​មិត្ត​ភ័ក្ត​ច្រើន​ណាស់ដែលធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ថត​ភាពយន្ត​នៅ​ទី​នេះ។ Austin ​កាន់តែ​រីក​ចម្រើនក្នុង​វិស័យ​ជា​ច្រើន ដូច្នេះវា​ជា​រឿង​សម​រម្យ​ហើយ​ដែល​ទិវា​នេះ ផ្លាស់​ប្តូរ​ដែរ»។

ឥឡូវ​នេះ​មាន​ក្រុម​ជជែក​គ្នា​អំពី​រឿង​បច្ចេក​វិជ្ជា ការ​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ដែល​អនុញាត​ឲ្យមាន​ការ​សាក​ល្បង​ប្រើ​ប្រាស់ មាន​ការ​បង្ហាញ​ខ្សែភាពយន្ត​ថ្មី និង មាន​កន្លែង​អង្គុយលេង​សម្រាប់​ឲ្យ​អ្នក​មក​ចូល​រួម​អាច​សំណេះ​សំណាល​ជា​មួយ​អ្នក​ដទៃ។

កញ្ញា Berry បាន​ថ្លែង​បន្ថែម​ថា៖

«មនុស្ស​មក​ពី​គ្រប់​ស្រទាប់អាច​និយាយ​គ្នា​លេង​នៅ​ក្នុង​ពិធី​ជប់​លៀងផ្សេងៗ ហើយ​ថែម​ទាំង​អាច​ផឹក​ស្រា និងញាំ​ម្ហូប​ដោយ​ឥតគិត​ថ្លៃ​ទៀត​ផង។ ដូច្នេះ​វា​ជា​រឿង​ល្អ​ប្រសើរណាស់»។

អ្វី​ដែល​ហៅ​ថា​ពិធី​ជប់​លៀង​នោះ ការ​ពិត​ជា​ឱកាស​ទាក់​ទង​គ្នា សម្រាប់អ្នក​និពន្ធភ្លេង អ្នក​បង្កើត​បច្ចេកវិទ្យា​ថ្មី និង​អ្នក​ថត​ខ្សែភាពយន្ត ដែល​មក​ពី​ឧស្សាហកម្ម​ផ្សេងៗ​គ្នា អាច​ជួប​គ្នា​ហើយ​ទាក់​ទង​គ្នា​ដើម្បី​ស្វែង​រក​វិធី ដោះស្រាយ​បញ្ហា​ក្នុង​ឧស្សាហកម្ម​របស់​ពួកគេ។

លោក Jesse Needleman អ្នក​ចូលរួមកម្មវិធីមួយរូប​ទៀតបាន​ថ្លែងថា៖

«នេះ​ជាឱកាស​យ៉ាង​ធំមួយ​សម្រាប់​ឲ្យទីក្រុង​ Austin ​បង្ហាញគំនិត​ថ្មី និង ទំនិញ​ថ្មី ព្រម​ទាំង​ធ្វើ​ឲ្យ​ពួកគេ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​មុខ​ជំនួញ​របស់​ពួកគេ​ថែម​ទៀត​ផង»។

អ្នក​ចម្រៀង​ 9ICE ​ឃើញរឿង​នេះ​កើត​ឡើង​ជារៀង​រាល់​ថ្ងៃ ក្នុង​មុខ​របរ​ភ្លេង​របស់​លោក។

«ឥឡូវ​យើង​ប្រើប្រាស់វិធី digital ដើម្បីថត​ភ្លេង និង​បញ្ចូល​ភ្លេង។ យើង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ទាំង​អស់។ បើ​សិន​ជា​គ្មាន​បច្ចេក​វិជ្ជា​ថ្មី​ទេ យើ​ង​មិន​អាច​ធ្វើ​ភ្លេង​បាន​ទេ នៅ​បច្ចុប្បន្ន​នេះ»។

គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់បច្ចេក​វិជ្ជា​នៅ​ក្នុង​វិស័យសិល្បៈ​ទាំង​អស់ នៅ​ក្នុង​ពិធី South by Southwest ​នេះ។ អ្នក​ចូល​រួម​មក​ពី​ជុំ​វិញ​ពិភពលោក នឹង​មាន​ឱកាស​ដើម្បី​ក្រេប​ជញ្ចក់​បច្ចេក​វិជ្ជា​ទំនើប​ទាំង​អស់ នៅ​ក្នុង​ទីក្រុង​ Austin៕

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា