ប៉ូលិសស៊្វីសនៅក្នុងទីក្រុងហ្សឺណែវបានបង្កើនកម្រិតប្រុងប្រយ័ត្នផ្នែកភេរវកម្ម ហើយបានស្វែងរកជនសង្ស័យកាលពីថ្ងៃព្រហស្បតិ៍ ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតនៅក្នុងការវាយប្រហារទីក្រុងប៉ារីស។
ក្រសួងសន្តិសុខរបស់ទីក្រុងនេះបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអាជ្ញាធរក្នុងទីក្រុងហ្សឺណែវបាននិយាយថា ពួកគេធ្វើទៅតាមព័ត៌មានពីមន្រ្តីសហព័ន្ធរបស់ប្រទេសស្វ៊ីសថា «បុគ្គលសង្ស័យអាចស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ឬនៅតំបន់ហ្សឺណែវ» ក៏ប៉ុន្តែ មិនបានប្រាប់ចំនួនជាក់លាក់ ឬអត្តសញ្ញាណរបស់មនុស្សដែលកំពុងស្វែងរកនោះទេ។
ក្រុមអាជ្ញាធរ ក៏បាននិយាយដែរថា ប៉ូលិសកាន់តែច្រើនឡើងថែមទៀតត្រូវបានដាក់ពង្រាយនៅតាមផ្លូវនានានៅក្នុងទីក្រុងនោះ។
ឆ្មាំការពារសន្តិសុខបានដាក់នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅអឺរ៉ុប បានកាន់កាំភ្លើងស្វ័យប្រវត្តិ ដែលមានលក្ខណៈខុសពីធម្មតា។
ការវាយប្រហារថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងប៉ារីស ដែលអះអាងដោយក្រុមរដ្ឋឥស្លាម បានសម្លាប់មនុស្ស១៣០នាក់ហើយនឹងធ្វើឲ្យមនុស្សជាង៣៥០នាក់ទៀតរងរបួស។
ជនសង្ស័យម្នាក់ដែលមានជាប់ការទាក់ទិនទៅនឹងការវាយប្រហារនេះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។ ប្រទេសបែលហ្ស៊ិកបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លាមៗបន្ទាប់ពីការវាយប្រហារនោះ៕