ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុងរ៉ង់ហ្គូន (Rangoon) ប្រទេសភូមាថា លោកស្រីអោងសានស៊ូជី (Aung San Suu Kyi) មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសភូមាបានមានប្រសាសន៍ប្រាប់ក្រុមមេដឹកនាំជាន់ខ្ពស់របស់គណបក្សលោកស្រី កាលពីថ្ងៃសៅរ៍ថាការបោះឆ្នោតទូទៅនៅឆ្នាំនេះអាចត្រូវពន្យារពេលលើកទៅធ្វើនៅពេលក្រោយប្រសិនបើមានអស្ថិរភាពនៅក្នុងប្រទេស។
អតីតជ័យលាភីរង្វាន់ណូបែលរូបនេះមិនបាននិយាយចំៗទេ ក៏ប៉ុន្តែគេបានឃើញមានអំពើហិង្សាដ៏ប្រល័យមួយចំនួនរវាងអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកគោរពសាសនាអ៊ីស្លាម កាលពីរបីឆ្នាំមុននេះនៅពេលមានកំណើនអារម្មណ៍ជាតិនិយមរបស់ក្រុមពុទ្ធសាសនិកជន។ នៅចុងសប្តាហ៍នេះ ចលនាមួយនៃក្រុមព្រះសង្ឃព្រះពុទ្ធសាសនាជាតិនិយមកំពុងធ្វើសន្និសីទមួយដែលមានការឃ្លាំមើលយ៉ាងខ្លាំងក្លា។
លោកស្រីអោងសានស៊ូជីបានមានប្រសាសន៍នៅពេលបើកសន្និបាតពីរថ្ងៃរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ដែលគេរំពឹងថានឹងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នដែលគាំទ្រដោយពួកយោធា។
នៅក្នុងសុន្ទរកថារបស់លោកស្រីនៅក្នុងការប្រជុំពីរដងក្នុងមួយឆ្នាំនៃសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្ស លោកស្រីអោងសានស៊ូជីបានមានប្រសាសន៍ថា ស្ថិរភាពនៅមុនការបោះឆ្នោត «មានសារៈសំខាន់ណាស់» ពីព្រោះលោកស្រីចង់ឱ្យមានការបោះឆ្នោតតាមពេលកំណត់៕