អ្នកស្រី Suu Kyi រង​បទ​ចោទ​មួយ​ករណី​ទៀត ស្របពេល​យោធា​បន្តឹង​ការ​គ្រប់គ្រង​អំណាច

ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នាំ​គ្នា​កាន់​បដា​មួយ​ដែល​មាន​រូប​របស់​អ្នកស្រី Aung San Suu Kyi ខណៈ​ដែល​ពួកគេ​​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី Aung San Suu Kyi មេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង បាន​រង​ការ​ចោទ​ប្រកាន់​មួយ​ករណី​ទៀត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​យោធា​បាន​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​យប់​ទី​ពីរ​ជាប់ៗ​គ្នា​មក ដើម្បី​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង។

អ្នកស្រី Suu Kyi ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់​ចូល​លំនៅដ្ឋាន​របស់​អ្នកស្រី​កាលពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ធ្វើ​រដ្ឋ​ប្រហារ​នោះ។ អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ច្បាប់​អាហរ័ណ​នីហរ័ណ បន្ទាប់ពី​អាជ្ញាធរ​បាន​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី​ឃើញ​មាន​វិទ្យុ​ទាក់ទង​មួយ​ចំនួន។

មេធាវី​របស់​អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ថា អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​ករណី​ទៀត ដែល​នោះ​គឺ​ការ​រំលោភ​លើ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស។

អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​មាត្រា​ទី ៨ នៃ​ច្បាប់​អាហរ័ណ​នីហរ័ណ និង​មាត្រា​ទី ២៥ នៃ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​អ្នកស្រី គឺ​លោក Khin Maung Zaw ដែល​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ច្បាប់​គ្រោះ​មហន្តរាយ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចោទ​ប្រកាន់​អ្នកស្រី Suu Kyi តាម​របៀប​ណា។ ប៉ុន្តែ​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Win Myint ដែល​យោធា​បាន​ទម្លាក់​ពី​តំណែង​និង​បាន​ចាប់​ខ្លួន​ផងដែរ​កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ។

លោក Win Myint ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពាន​ទៅ​លើ​បម្រាម​រឹត​បន្តឹង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ដែល​មាន​អ្នក​គាំទ្រ​លោក​ជា​ច្រើន​រយ​នាក់​ចូលរួម។

លោក​មេធាវី Khin Maung Zaw បាន​បន្ថែម​ថា លោក​នៅ​មិន​ទាន់​បាន​ទាក់ទង​ជាមួយ​អ្នកស្រី Suu Kyi និង​លោក Win Myint នៅ​ឡើយ​ទេ តែ​អ្នក​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី ១ ខែ​មីនា​ខាង​មុខ​នេះ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ៕