លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃអង្គារ បានប្រកាសថា កម្មកររោងចក្រកាត់ដេរនិងស្បែកជើងដែលត្រូវព្យួរការងារដោយសាររោងចក្រផ្អាកផលិតកម្មព្រោះមេរោគកូរ៉ូណានោះ នឹងទទួលបានអត្ថប្រយោជន៍ ៧០ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកធ្វើការក្នុងវិស័យកាត់ដេរបារម្ភថា ប្រាក់នេះមិនគ្រប់សម្រាប់ជីវភាពរបស់ពួកគេទេ។
ក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩នៅថ្ងៃអង្គារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្រោយរោងចក្រជាង ១០០ បានស្នើសុំព្យួរព្រោះតែខ្វះវត្ថុធាតុដើម និងមិនមានអ្នកបញ្ជាទិញដោយសារតែមេរោគកូរ៉ូណារាតត្បាត រដ្ឋាភិបាលសម្រេចផ្តល់ឲ្យកម្មករដែលត្រូវបានព្យួរការងារចំនួន ៤០ដុល្លារ និងម្ចាស់រោងចក្រផ្តល់ឲ្យ ៣០ដុល្លារក្នុងមួយខែ។
លោកបន្តថា ចំនួននេះតិចជាងការសម្រេចលើកមុនដែលរដ្ឋផ្តល់ឲ្យ ២០ភាគរយ ហើយម្ចាស់រោងចក្រផ្តល់ឲ្យ ៤០ភាគរយនៃប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារ សរុបជាគឺ ១១៤ដុល្លារ។ ប៉ុន្តែលោកហ៊ុន សែនថា ប្រាក់អត្ថប្រយោជន៍៧០ដុល្លារនេះជាលទ្ធភាពដែលរដ្ឋាភិបាលនិងម្ចាស់រោងចក្រអាចធ្វើបាន។
«កម្មករម្នាក់នឹងទទួលបានត្រឹមតែ៧០ទេតែមិនតម្រូវឲ្យកម្មករនេះទៅធ្វើការហ្វឹកហាត់ដូចពេលមុនទេ។ពេលមុនថាអ្នកឯងទទួលបាននូវការឧបត្ថម្ភរយៈពេល ៦ខែ តម្រូវឲ្យហ្វឹកហាត់៤ខែ និងត្រៀម ២ខែទៀត។ ប៉ុន្តែឥឡូវអត់ហ្វឹកហាត់បានទេ ដោយសារតែយើងបានបិទអស់ហើយនូវកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេង»។
អ្នកស្រីរស់ ធាវី កម្មការិនីកាត់ដេរនៅរោងចក្រ Crystal Land Martin ក្នុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និយាយថា អ្នកស្រីត្រូវបានព្យួរការងាររយៈពេលពីរខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសា។ អ្នកស្រីបន្តថា អ្នកស្រីត្រូវបានរោងចក្របើកឲ្យ ៤០ភាគរយនៃប្រាក់ខែគោលដែលស្មើនឹង ៧៥ដុល្លារក្នុងមួយខែ ប៉ុន្តែមិនទាន់ទទួលបានការផ្តល់ពីរដ្ឋាភិបាលចំនួន ២០ភាគរយនោះទេ។
កម្មការិនីវ័យ ២៥ឆ្នាំ ដែលមានកូនប្រុសអាយុ ២ឆ្នាំ បន្ថែមថា ជារៀងរាល់ខែ អ្នកស្រីត្រូវផ្គត់ផ្គង់ការចំណាយក្នុងផ្ទះចំនួន ២០០ដុល្លារ ដូច្នេះអ្នកស្រីថា ការទទួលបានត្រឹមតែ ៧៥ដុល្លារក្នុងមួយខែ នឹងធ្វើឲ្យអ្នកស្រីប្រឈមនឹងការខ្វះខាតខ្លាំង។
«ខ្ញុំធ្វើការមួយខែខ្ញុំបានដល់ ២០០ជាង ដល់ពេលឥឡូវបែរជាពីរខែបាន ១៥០អ៊ីចឹង ដូចថាចាយមិនគ្រប់ទេបងអើយ!ដូចថាយើងបានចំណូលមកតិច តែយើងចំណាយច្រើន»។
សហជីពបានឲ្យដឹងថា កម្មករយ៉ាងតិច៦ម៉ឺននាក់ត្រូវបានព្យួរពីការងារ ហើយក្នុងនោះរាប់ពាន់នាក់ត្រូវបានបញ្ចប់កុងត្រាតែម្តង។ កម្មករ ដែលត្រូវបានបញ្ឈប់ការងាររួចរាល់បានអះអាងថា ពួកគេត្រូវបានរោងចក្រសន្យាថា នឹងបើកប្រាក់ខែ ៤០ភាគរយនៃប្រាក់ឈ្នួល នៅពាក់កណ្តាលខែមេសា និងចុងខែមេសា។ ប៉ុន្តែពួកគេមិនទាន់ដឹងថា ពួកគេនឹងទទួលបានលុយតាមកាលកំណត់ឬយ៉ាងណានោះទេ ក្រោយរដ្ឋាភិបាលបានផ្លាស់ប្តូរគោលការណ៍ ហើយថៅកែរោងចក្របានត្អូញត្អែរពីការខ្វះប្រាក់។
គោលការណ៍ដែលសម្រេចផ្លាស់ប្តូរពីជាង ១០០ដុល្លារ មកនៅត្រឹម ៧០ដុល្លារ ក្នុងមួយខែវិញនេះធ្វើឡើងក្រោយរដ្ឋាភិបាលនិងម្ចាស់រោងចក្រអះអាងថា មានរោងចក្រជាច្រើនសម្រេចព្យួរការងារជាបន្តបន្ទាប់ក្រោយអ្នកបញ្ជាទិញ ដែលភាគច្រើននៅអឺរ៉ុបនិងសហរដ្ឋអាមេរិកប្រកាសផ្អាកការបញ្ជាទិញភ្លាមៗ ដោយសារការរាលដាលមេរោគកូរ៉ូណា។
ក្រុមសហជីពនៅថ្ងៃពុធនេះបានដាក់សំណើរួមមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យផ្តល់ប្រាក់ជារៀងរាល់ខែទៅដល់កម្មករ ដែលត្រូវបានព្យួរការងារចំនួន ៦០ភាគរយ ដូចមុនដើម្បីអាចឲ្យពួកគេទប់ទល់ស្ថានភាពជីវភាពក្នុងពេលបច្ចុប្បន្ន។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាមានប្រសាសន៍ថា កម្មកររោងចក្រភាគច្រើនធ្វើការដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសារ ចំណែកកម្មករមួយចំនួនទៀតត្រូវបង់សងធនាគារប្រចាំខែ។
អ្នកស្រីបន្តថា រដ្ឋាភិបាលគួរអនុវត្តការផ្តល់ឲ្យកម្មករដែលត្រូវបានព្យួរការងារនូវប្រាក់ប្រចាំខែចំនួន៦០ភាគរយ ដូចការសម្រេចលើកមុននិងធ្វើអន្តរាគមន៍ឲ្យធនាគារពន្យារពេលការបង់លុយទាំងប្រាក់ដើម និងការប្រាក់និងផ្តល់ការពិនិត្យជំងឺដោយឥតគិតថ្លៃ ដើម្បីឲ្យកម្មករអាចដោះស្រាយជីវភាពបាន។
«ការព្យួរការងារដែលផ្តល់លុយប្រាក់ឈ្នួលឲ្យគាត់បានតែ៧០ដុល្លារហ្នឹង ខ្ញុំគិតថា គាត់មិនអាចរស់បានទេ។ វាធ្វើឲ្យក្រុមគ្រួសាររបស់គាត់កាន់តែធ្លាក់ដុនដាបសេដ្ឋកិច្ចគ្រួសាររបស់គាត់កាន់តែដុនដាបទៅៗ។ ខ្ញុំគិតថា គាត់នឹងប្រឈមមុខខ្លាំងណាស់ជាមួយហ្នឹងបញ្ហាក្នុងក្រុមគ្រួសាររបស់គាត់»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ (Central) មានប្រសាសន៍ថា កម្មករខកចិត្តចំពោះការសម្រេចចិត្តជាថ្មីរបស់រដ្ឋាភិបាល ដោយមិនមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងស្ថានភាពដ៏លំបាករបស់កម្មករ។
«ការគាំពារសង្គមឬក៏គោលនយោបាយឬ ក៏វិធានការណាមួយ ដើម្បីផ្តល់ទៅដល់កម្មករទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធក្រៅប្រព័ន្ធហ្នឹង គឺសំខាន់ណាស់ ហើយរាជរដ្ឋាភិបាលត្រូវតែអនុវត្តនូវវិធានការជាក់លាក់ណាមួយ ដើម្បីធានាថាកម្មករ និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធក្រៅប្រព័ន្ធហ្នឹងត្រូវតែទទួលបាននូវរបបនៃការគាំពារ»។
លោក ឃុន ថារ៉ូ បន្តថា ប្រសិនបើរដ្ឋាភិបាលមិនមានលទ្ធភាពក្នុងការគាំពារកម្មករទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធក្នុងកាល:ទេស:នេះទេ នោះបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការដឹកនាំប្រទេស។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងលោក មាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទេ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC ប្រាប់ VOA ថាម្ចាស់រោងចក្រដែលព្យួរដំណើរការនឹងអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាលដោយផ្តល់ឲ្យកម្មករចំនួន៣០ដុល្លារក្នុងមួយខែ។លោកបន្តថាការស្នើសុំណាផ្សេងទៀតនឹងរង់ចាំមើលការសម្រេចរបស់រដ្ឋាភិបាលជាបន្ត។
«យើងធ្វើតាមអនុសាសន៍របស់រដ្ឋាភិបាល។យើងចាំរដ្ឋាភិបាលសម្រេចថាយ៉ាងម៉េចសិន ព្រោះខ្ញុំអត់ទាន់ឃើញលិខិតរបស់សហជីពសហព័ន្ធណាទៅសម្តេចទេ»។
កាលពីថ្ងៃទី១០ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាកម្ពុជាត្រៀមថវិកា ៨០០លានដុល្លារសម្រាប់រយៈពេល ៦ខែ និងដល់ទៅ ២ពាន់លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចដែលកើតមានដោយសារឥទ្ធិពលជំងឺកូវីដ-១៩។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទី១របស់កម្ពុជា។វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា ៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ។ ទីផ្សារសំខាន់របស់វិស័យវាយនភណ្ឌនេះ គឺសហភាពអឺរ៉ុបដែលជាទីផ្សារធំទី១ និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំលំដាប់ទី២៕