គេ​បាន​រក​ឃើញ​កញ្ចប់​គួរ​ឲ្យ​សង្ស័យ​ដែល​ត្រូវ​ផ្ញើ​ទៅ​អាសយដ្ឋាន​របស់​លោក អូបាម៉ា​និង​លោកស្រី​ គ្លីនតុន

  • Steve Herman

ប៉ូលិស​ឈរ​នៅ​ខាង​មុខ​ផ្ទះរបស់អតីត​រដ្ឋ​មន្ត្រី​ការបរទេស​លោកស្រី ហ៊ីលឡារី គ្លីនតុន នៅ​ក្រុង Chappaqua រដ្ឋ New York នៅ​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត AP)

ទីភ្នាក់ងារ​ការពារប្រធានាធិបតី​របស់​អាមេរិក​ឬ U.S. Secret Service បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រកឃើញ​កញ្ចប់​ពីរ​ដែល​សង្ស័យ​ថា​អាច​ជា​ «គ្រាប់បែក» ដែល​កញ្ចប់​មួយ​ផ្ញើ​ទៅ​អាសយដ្ឋាន​របស់​អតីត​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា ហើយ​មួយ​ទៀត​ផ្ញើ​ទៅ​អាសយដ្ឋាន​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល​ចាញ់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៦។

ប៉ូលិស​នៅ​ខាង​មុខផ្ទះ​អតីតប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ​២០១៨។ (រូបថត AP)

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ អាគារ Time Warner Center នៅទីក្រុង New York កន្លែង​ដែល​បន្ទប់​ផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍​ CNN ស្ថិត​នៅ​នោះ ត្រូវ​បាន​ជម្លៀស​មនុស្ស​ចេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​គេ​បាន​រក​ឃើញ​មាន​កញ្ចប់​គួរ​ឲ្យ​សង្ស័យ​មួយ​នៅ​ក្នុង​បន្ទប់​ទទួល​សំបុត្រ។ ឧបករណ៍​មួយ​នៅ​ក្នុង​ស្រោម​សំបុត្រ​ត្រូវ​បាន​គេ​ដឹក​ទៅ​ទីតាំង​ដាក់​រថយន្ត​ធុនធ្ងន់​ពិសេស​នៅ​កន្លែង​ដោះគ្រាប់​បែក​នៃ​អាគារ​ប៉ូលិស​ក្រុង​ដោយ​សុវត្ថិភាព។

ក្រុម​ប៉ូសិស​ទីក្រុង​ញូវយ៉ក​បាន​ថ្លែង​ថា នោះ​គឺ​ជា​គ្រាប់បែក​ ហើយ​កញ្ចប់​នោះ​ក៏​មាន​ម្សៅ​ពណ៌ ស នៅ​ក្នុង​ផង​ដែរ។ អភិបាល​ក្រុង​ញូវយ៉ក​លោក Bill de Blassio ថ្លែងថា អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទីនេះ​ក្នុង​ថ្ងៃ​នេះ គឺ​ជា​អំពើ​ភេរវកម្ម​យ៉ាង​ច្បាស់​ណាស់ ហើយ​លោក​បាន​សង្កត់​បញ្ជាក់​ថា មិន​មាន​ការ​គំរាម​កំហែង​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នោះ​ទេ។

លោក​អភិបាល​រដ្ឋ​ញូវយ៉ក Andrew Cuomo បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក៏​មាន​គេ​ផ្ញើ​គ្រាប់បែក​ទៅ​កាន់​ការិយាល័យ​របស់​លោក​ផង​ដែរ។

ទូរទស្សន៍ CNN រាយការណ៍​ថា កញ្ចប់​សំបុត្រ​ដែល​ផ្ញើ​ទៅ​កាន់​អាសយដ្ឋាន​របស់​អតីត​នាយក​ CIA លោក John Brennan ដែល​រិះគន់​លោក ត្រាំ យ៉ាង​ចាស់​ដៃ​និង​បច្ចុប្បន្ន​ជា​អ្នក​អត្ថាធិប្បាយ​លើ​ទូរទស្សន៍ MSNBC ដែល​ជា​បណ្តាញ​សារព័ត៌មាន​ប្រឆាំង​មួយ​ផង​ដែរ។

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ​ត្រូវ​បាន​ជម្លៀស​ចេញ​ក្រៅ​អាគារ Time Warner ដែល​ជា​ស្នាក់ការ​ទូរទស្សន៍ CNN ក្នុង​ទីក្រុង ញូវយ៉ក កាលពី​ថ្ងៃ​ទី២៤ ខែ តុលា ឆ្នាំ២០១៨។ (រូបថត AP)

ទីភ្នាក់ងារ​ការពារ​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ថា កញ្ចប់​សំបុត្រ​ដែល​ផ្ញើ​ទៅ​កាន់​អាសយដ្ឋាន​របស់​លោក​ស្រី គ្លីនតុន ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ពេល​គេ​ត្រួតពិនិត្យ​នៅ​អាគារ​ផ្ញើ​សំបុត្រ​មួយ​នៅ​ក្បែរ​ផ្ទះ​លោក​ស្រី​នៅ​ជាយ​ក្រុង​ញូវយ៉ក កន្លែង​ដែល​លោក​ស្រី​រស់​នៅ​ជាមួយ​ស្វាមី​គឺ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton៕