ជនសង្ស័យ​បញ្ជាក់​មូលហេតុ​មិន​ធ្វើ​តាម​ចៅក្រម​អ.ស.ប.​នៃ​តុលាការ​ខ្មែរក្រហម

អ្នក​ទស្សនា​កំពុង​តាមដាន​មើល​កសណិសាក្សី​របស់​ជនរងគ្រោះ នៅ​ចំពោះមុខ​ចៅក្រម​របស់​សាលាក្តី​ខ្មែរក្រហម។ ពិព័រណ៍ «‍ខ្ញុំ​ចង់​បាន​យុត្តធម៌» បង្ហាញកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៏​សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

ជន​សង្ស័យ​ម្នាក់​នៃ​សំណុំ​រឿង​បន្ថែម​០០៣​គឺ​លោក​មាស មុត​បានថ្លែង​ថា​ លោក​មិន​អាច​ធ្វើតាម​ដីការ​បង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​តុលាការ​ខ្មែរក្រហម​ម្នាក់​បាន​ទេ​ ដោយសារ​នីតិ​វិធី​តម្រូវ​ឲ្យ​មាន​ហត្ថលេខាពីរ​ក្នុង​ការ​កោះ​ហៅ​រូប​លោក​ទៅ​កាន់​តុលាការ។​

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.គឺ​លោក​ម៉ាក ហាម៉ុន​បាន​ខកខាន​ជាច្រើន​លើក​ចាប់​តាំងពី​ចុង​ឆ្នាំ​ទៅ​ ដោយ​មិន​ធ្វើការ​ចាប់​ខ្លួន ​ឬ​កោះហៅ​ជន​សង្ស័យ​ពីរ​នាក់​គឺ​លោក​មាស មុត ​និង​អ្នកស្រី​អ៊ឹម ចែម ​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​និង០០៤​មក​បំភ្លឺ​អំពី​ការ​ស៊ើប​អង្កេត​របស់​លោក។ ​គេ​ដឹង​ថា​ តាម​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​គឺ​ថា​ ​ជន​ទាំងពីរ​មាន​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជា​ច្រើន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ ​ការខកខាន​នោះ​គឺ​សហ​ចៅក្រម​ភាគី​កម្ពុជា​លោក​យូ ប៊ុនឡេង​មិនយល់​ស្រប​នឹង​ចៅក្រម​អន្តរជាតិ​គឺលោក​ម៉ាក ហាម៉ុន ហើយ​អាជ្ញាធរ ​និង​ជន​ជាប់ចោទ​មិន​បាន​សហការ។ ​លោក​ម៉ាក ហាម៉ុន​បាន​ដាក់ពាក្យ​សុំ​លា​ឈប់​ពីការងារ​នៅ​សប្តាហ៍​នេះ ​ដោយ​លោក​លើក​បញ្ហា​ផ្ទាល់​ខ្លួន​ តែ​ការ​លាលែង​នេះ​កើត​ឡើង​ ក្រោយ​ពេល​មិនមាន​កិច្ចសហការ ​ហើយ​រឿង​ក្តី​ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​រារាំង​នេះ​ ត្រូវ​រាំង​ស្ទះ​ដំណើរការ​នីតិវិធី។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​មាស មុត​បាន​អះអាង​ថា​ លោក​មិន​បាន​ធ្វើ​តាម​ដីការ​តុលាការ​ ដោយសារ​តែមាន​ហត្ថលេខា​សហ​ចៅក្រម ​តែ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់។​

លោក​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖​

«រឿង​ហ្នឹង​ខុសច្បាប់​ដែល​ចែង​ថា​ ត្រូវ​មាន​សហ​មេធាវី ​សហ​ចៅក្រម ​សហ​ព្រះ រាជ​អាជ្ញា»។​

លោក​មាស មុត​បាន​បន្ថែម​ដែរ​ថា​ លោកម៉ាក ហាម៉ុន​បាន​ធ្វើការ​កោះ​ហៅ​លោក​ពីរ​លើក​ កាលពី​ឆ្នាំ​ទៅម្តង​ ​និង​កាលពី​ដើម​ខែ​មិថុនា​ម្តង។​

«មែន​ទែន​ទៅ​ ខ្ញុំ​គ្មាន​គំនិត​រត់​ចោល​ស្រុក​ទេ។​ បើ​ចាំបាច់​ថា​ ត្រូវ​មាន​ទោស​ ត្រូវ​និយាយ​គ្នា​តាម​ផ្លូវ​ច្បាប់»។​

ច្បាប់​របស់​តុលាការ​ចែង​ថា​ ទោះ​ជា​ចៅក្រម​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្តី​ តែ​នីតិវិធី​ស៊ើប​អង្កេត​មិន​អាច​ត្រូវ​រាំង​ស្ទះ​បាន​ទេ​ ដែល​មាន​ន័យថា ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ដីការ​តុលាការ​ក្នុង​ការ​ចាប់​ខ្លួន ​ឬ​នាំ​ខ្លួន​ជន​ជាប់​ចោទ។​

ជន​ជាប់​ចោទ​ម្នាក់​ទៀត​គឺ​អ្នកស្រី​អ៊ឹម ចែម​ធ្លាប់​បាន​ប្រាប់​វីអូអេ​កាល​ពី​ដើម​ ឆ្នាំ​ដែរ​ថា​ លោកស្រី​ក៏​មិន​ធ្វើ​តាម​ដីការ​តុលាការ​ដែរ​ ដោយ​អ្នកស្រី​អះអាង​ថា ​ អ្នកស្រី​គ្មាន​ការ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ទេ។​

លោក​ស្ទីវិន រ៉ែប ​(Stephen Rapp)​ ឯក​អគ្គ​រដ្ឋទូត​គោរច​ស.រ.អា.ទទួល​បន្ទុក​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​បាន​ចេញ​មុខ​បញ្ជាក់​ចំៗ​ថា រដ្ឋាភិបាល​កម្ពុជាគ្មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរនាក់​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​ចៅក្រម​បាន​ចោទ​ប្រកាន់​នោះ​ ហើយបញ្ជូន​មក​កាន់​តុលាការ​ដើម្បី​បំពេញ​នីតិវិធី​ច្បាប់។​ លោក​បាន​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​ជនសង្ស័យ​តាម​នីតិវិធី។​ លោកថ្លែង​យ៉ាងដូច្នេះ​ ដោយសារ​ថា​ រយៈ​ពេល​ពីរ​ឆ្នាំ​ជាង​ ហើយ​ដែល​អាជ្ញាធរ​កម្ពុជា​មិន​បាន​សហការ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ធ្លាប់​បាន​រារាំង​ជា​សាធារណៈ៕