ការហាមមិនឲ្យគោរពប្រណិបត្តិជំនឿសាសនា ការរើសអើងពូជសាសន៍ ការបង្ខំឲ្យធ្វើការហួសកម្លាំងហូបចុកមិនគ្រប់គ្រាន់ ការចាប់ឃុំឃាំង ការបាត់ខ្លួន និងការសម្លាប់គឺជារឿងរ៉ាវដែលអ្នកស្រីកង អ៊ុត អតីតពលការិនីក្នុងកងចល័តនារីមួយ បានប្រាប់តុលាការនៅថ្ងៃព្រហស្បតិ៍នេះទាក់ទងស្ថានភាពនៃការសាងសង់ទំនប់១មករាក្នុងខេត្តកំពង់ធំនៅសម័យខ្មែរក្រហម។
ឆ្លើយទៅនឹងសំណួររបស់លោកវាំងសង់ ដឺវីល សហព្រះរាជអាជ្ញាអន្តរជាតិនៃអង្គជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍ អ្នកស្រីកង អ៊ុតបានឲ្យតុលាការដឹងថា ការគោរពសាសនាបែបណាក៏ដោយមិនត្រូវបានគេអនុញ្ញាតឲ្យកើតមានឡើយនៅលើការដ្ឋានសាងសង់ទំនប់នេះ ដោយអ្នកមើលការខុសត្រូវនៅក្នុងការដ្ឋានមិនបានឲ្យដឹងជាមុនថានឹងមានអ្វីកើតឡើងទេ បើសិនមានអ្នកបំពាន។
«អត់ទេ អត់មានប្រណិបត្តិអីទេ គ្មានបានធ្វើអីទេ។ គេហាមមិនឲ្យគោរពសាសនាទេ ហើយធ្វើបុណ្យក៏គេមិនឲ្យធ្វើដែរ។ គេមិនដែលប្រាប់ទេ តែគេមិនឲ្យធ្វើតាមសាសនាព្រះពុទ្ធសាសនាទេ»។
អ្នកស្រីកង អ៊ុតបានបញ្ជាក់នៅចំពោះអង្គសវនាការថា ការរើសអើងជាតិសាសន៍បានកើតឡើងចំពោះប្រជាជនខ្មែរឥស្លាម ពីព្រោះពួកគេពុំត្រូវបានអនុញ្ញាតឲ្យនិយាយភាសាចាម ស្លៀកសម្លៀកបំពាក់តាមបែបឥស្លាមនោះឡើយ ហើយការគោរពជំនឿសាសនារបស់ពួកគេក៏ត្រូវបានគេហាមឃាត់ដែរ។
លោកវាំង សង់បានចោទសួរថា៖ «តើនៅការដ្ឋាននោះជនជាតិចាមមានសិទ្ធិប្រណិបត្តិសាសនាចាមទេ ហើយមានសិទ្ធិនិយាយភាសាចាមទេ?
តើចាមអាចស្លៀកពាក់ខោអាវប្រពៃណីរបស់ខ្លួនបានទេ ឧទាហរណ៍ដូចជាស្រ្តីអាចនៅតែពាក់កន្សែងបានទេ?»
អ្នកស្រីកង អ៊ុតបានឆ្លើយថា៖ «អត់ទេ និយាយតែភាសាខ្មែរ។ អត់ទេ គាត់ស្លៀកពាក់ខ្មែរ ដូចខ្មែរ»។
តាមការផ្តល់សក្ខីកម្មរបស់អ្នកស្រីកង អ៊ុត ស្រ្តីជនជាតិចាមម្នាក់បានបាត់ខ្លួននៅក្នុងពេលធ្វើការក្នុងការដ្ឋាននោះ ហើយយុវជនខ្មែរម្នាក់អាយុប្រមាណជា១៥ឆ្នាំបានបាត់ខ្លួនផងដែរ នៅក្រោយពេលគេបញ្ជូនឲ្យទៅយាមនៅស្ពានមួយ។
នៅក្នុងការផ្តល់សក្ខីកម្ម នេះអ្នកស្រីកង អ៊ុត ដែលជាជនរងគ្រោះដោយការចាប់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជាក្រុមនោះ បានប្រាប់អង្គជំនុំជម្រះថា អ្នកស្រីត្រូវងើបធ្វើការតាំងពីព្រឹកព្រលឹមនៅម៉ោង៤ភ្លឺរហូតដល់ម៉ោង១០យប់ដោយមានពេលសម្រាកតិចតួចបំផុតដើម្បីទទួលទានអាហារគ្មានរស់ជាតិ ហើយថា ពេលខ្លះត្រូវនៅដល់ម៉ោង១២យប់ដើម្បីប្រជុំរិះគន់គ្នាទាក់ទងនឹងការងារក្នុងការដ្ឋាន។
«គេឲ្យធ្វើតាំងពីព្រឹកម៉ោង៤ទៅរហូតដល់ម៉ោង៧ព្រឹកឈប់១៥នាទី ហើយដល់ម៉ោង១១បានគេឲ្យហូបបាយ។ ហើយហូបបាយម៉ោង១១រួច សម្រាកបន្តិច។ ម៉ោង១ចាប់ផ្តើមធ្វើទៀត រហូតទល់ម៉ោង៥។ ហើយដល់ម៉ោង៥រហូតដល់ម៉ោង៧យប់គេឲ្យមកធ្វើការទៀត រហូតដល់ម៉ោង១០យប់ ទើបសម្រាក។ ហើយបើមានប្រជុំគឺរហូតម៉ោង១២យប់អធ្រាត្រ»។
ទោះជាធ្វើការលើសម៉ោងហួសកម្លាំងក៏ដោយ ក្រុមពលករត្រូវតម្រូវឲ្យធ្វើការយ៉ាងស្វាហាប់នៅគ្រាដែលប្រធានភូមិភាគឧត្តរក្នុងរបបកុម្មុយនិស្តជុ្រលហួសហេតុនេះ ចុះមកពិនិត្យការដ្ឋានទំនប់នេះ។
អ្នកស្រីកង អ៊ុតបញ្ជាក់ប្រាប់អង្គសវនាការថា ទំនប់១មករាជាសមរភូមិក្តៅដោយសារពលករនៅទីនោះត្រូវធ្វើការធ្ងន់ដើម្បីសង់ទំនប់ដ៏សំខាន់មួយនេះសម្រាប់ភូមិភាគឧត្តរនិងភូមិភាគកណ្តាលប្រើប្រាស់។
«ច៎ា ដល់គេមកមើលអញ្ចឹង គេប្រាប់យើង ប្រធានក្រុមគេប្រាប់យើងថា លោកធំមកហើយ ឲ្យធ្វើការឲ្យខ្លាំង ឲ្យរែករត់។ នាងខ្ញុំទាំងអស់គ្នាក៏ខំរែករត់ទៅ»។
អង្គសវនាការបានបន្តពិនិត្យមើលទៅលើស្ថានភាពរស់នៅរបស់ពលករនៅទីនោះ ដោយបានចោទសួរអ្នកស្រីកង អ៊ុតអំពីស្ថានភាពរស់នៅទាក់ទងនឹងសុខភាព នៅមុនពេលអ្នកស្រីត្រូវបានអង្គសវនាការសួរដេញដោលអំពីមន្ទីរសន្តិសុខ ដែលជាកន្លែងឃុំឃាំង និងសម្លាប់មនុស្ស។
អ្នកស្រីបានរៀបរាប់បា្រប់តុលាការថា ក្រុមអ្នកស្រីត្រូវដេកហាលវាល គ្មានមុង។ ហើយពេលឈឺល្មមៗត្រូវទ្រាំរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ ទើបប្រាប់អ្នកគ្រប់គ្រងក្នុងការដ្ឋាននោះឲ្យគេមកពិនិត្យ ព្យាបាលដោយថ្នាំបុរាណខ្មែរ ប្រសិនបើឈឺស្រាល តែបើធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយកម្រមានជីវិតត្រឡប់មកវិញណាស់។
«នៅកន្លែងហ្នឹង គេធ្វើរោងវែងឲ្យសម្រាកមែន។ តែឈឺឆ្លងគ្នាឈឺអី ពិបាក។ សង្កើចក៏ខាំ។ តែចេះតែទ្រាំៗទៅ ហើយដល់ធ្វើការអស់កម្លាំងពេក អត់ដឹងថា ឈឺទេ។ ខ្លួនអីក៏សង្កើចខាំ។ ភ្ញាក់ម្តងក្រោកតែម្តង។ ដឹងខ្លួនគឺគេហៅទៀតតែម្តង។ ច៎ា អត់មានមុងទេ ដេកហាលវាលហ្មង មានតែកន្ទេលក្រាលនិងដណ្តប់ភួយទៅ សម្រាកទៅ គ្មានមុងគ្មានអីទេ»។
លោកស្រីបន្តថា៖ «មិនហ៊ាននិយាយប្រាប់ទេ ឈឺក៏ចេះតែទ្រាំ ទាល់តែឈឺទៅមិនរួចបានប្រាប់គេ គេមកពិនិត្យឲ្យ។ អ្នកណាឈឺល្មមៗក៏ជាមកវិញទៅ។ បើអ្នកឈឺខ្លាំងក៏បាត់នៅទីនោះទៅ»។
បន្ទាប់ពីថ្លែងប្រាប់អង្គសវនាការអំពីស្ថានភាពរស់នៅរួចមក អ្នកស្រីកង អ៊ុត ជាប្រជាជនចាស់ក្នុងសម័យក្រហម ហើយដែលបានចូលបម្រើក្នុងកងចល័តក្នុងចន្លោះឆ្នាំ១៩៧៥ និង១៩៧៧ បានឲ្យដឹងទៀតថា វត្តមួយឈោ្មះបារ៉ាយជាន់ដែក ស្ថិតនៅក្បែរទំនប់១មករានោះ ត្រូវបានគេយកធ្វើជាមន្ទីរសន្តិសុខដើម្បីឃុំឃាំងមនុស្សដែលជម្លៀសមកពីខេត្តកំពង់ចាម។ ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់ថា តើមានការសម្លាប់ជនជាតិចាមមកពីខេត្តកំពង់ចាម និងការសម្លាប់អ្នកធ្វើការលើទំនប់១មករានៅក្នុងមន្ទីរសន្តិសុខនេះឬយ៉ាងណាទេ។
«វត្តហ្នឹងគេធ្វើជាមន្ទីរសន្តិសុខ ហើយធ្វើជាសិប្បកម្មផងនៅក្នុងហ្នឹង ហើយអ្នកទោសអីចាប់យកទៅដាក់ក្នុងហ្នឹង ហើយខ្លះក៏គេសម្លាប់ទៅ ហើយខ្លះក៏លែងទៅ។ តែប្រជាជនដែលគេបញ្ជូនមកគឺគេយកមកសម្លាប់តែម្តង»។
នៅចុងបញ្ចប់នៃការផ្តល់សក្ខីកម្ម អ្នកស្រីកង អ៊ុតបានថ្លែងប្រាប់អង្គជំនុំជម្រះថា អ្នកស្រីត្រូវបានបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ដែលអ្នកស្រីពុំធ្លាប់ស្គាល់ពីមុនមក នៅក្នុងពេលដែលអ្នកស្រីធ្វើការនៅទីនោះបានប្រហែលជាជាងបួនខែ គឺគិតចាប់តាំងពីដើមឆ្នាំ១៩៧៧។ មកដល់ពេលនេះអ្នកស្រីបានបន្តនៅរួមរស់ជាមួយស្វាមីនេះដដែល ដោយមានកូនពីរនាក់ពីចំណងដៃនៃការរៀបអាពាហ៍ពិពាហ៍បែបសមូហភាពនិងចាប់បង្ខំនៃរបបខោអាវខ្មៅ ប៉ុល ពត ដ៏វិនាសកម្មនោះ៕