អ្នក​រួច​ជីវិត​ចែក​រំលែក​រឿង​រ៉ាវ​ក្នុង​មណ្ឌល​ប្រល័យ​ពូជសាសន៍​និង​សម្លាប់​រង្គាល​នៅ​អាហ្រ្វិក​ខាង​ត្បូង

អ្នក​រស់​រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាសន៍ អ្នក​ស្រី Veronica Phillips កំពុង​សម្លឹង​មើល​រូបថត​គ្រួសារ​របស់​អ្នក​ស្រី​ក្នុង​ពិធី​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​និង​សម្លាប់​រង្គាល នៅ​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១៤ មីនា ២០១៩។

អ្នក​ស្រី​ វីរ៉ន់នីកា ភីលីព ​(Veronica Phillips)​ អាយុ​៩២ឆ្នាំ​ហើយ។​ អ្នកស្រី​ជាក្មេង​ជំទង់​នៅ​ពេល​ដែលណាហ្ស៉ី (Nazi)​ បញ្ជូន​អ្នកស្រី​ទៅ​កាន់​ជំរំ​ឃុំ​ឃាំង។

អ្នកស្រី​និង​គ្រួសារ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ជាតិជ្វីស ​(Jew) ​ជាច្រើន​លាន​នាក់​ដែល​ជា​គោល​ដៅ​ក្នុង​ការ​សម្លាប់​រង្គាល​ក្រោម​ដឹកនាំ​ដោយ​ពួក​ណាហ្ស៉ី ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។​ សង្គ្រាម​បាន​បញ្ចប់​នៅ​ពេល​អ្នកស្រី​អាយុ​១៩​ឆ្នាំ ​ហើយ​អ្នក​ស្រី​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​កាល​ពី​ឆ្នាំ​១៩៥៦​ ជាមួយ​បង​ប្រុស។

ជាច្រើន​ទសវត្សរ៍​ហើយ​ អ្នកស្រី​បដិសេធ​មិន​និយាយ​អំពី​បទ​ពិសោធន៍​របស់​អ្នកស្រី។ តែការ​ប៉ះ​ទង្គិច​ពីការ​រំលោភ​បំពាន​ ការ​ធ្វើ​ការ​ហួស​កម្លាំង ​ការ​តវ៉ា​ដែល​មាន​មនុស្ស​ស្លាប់​យ៉ាង​ព្រៃផ្សៃ​មុន​បញ្ចប់​សង្គ្រាម ​បាន​បង្ក​បញ្ហា​ដល់​អ្នកស្រី​យ៉ាង​ខ្លាំង​ស្ទើរ​តែ​មួយ​ជីវិត​របស់​អ្នកស្រី។​ អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ពេល​អ្នកស្រី​រៀប​ចំ​ថ្លែង​អំពី​រឿង​រ៉ាវ​របស់​អ្នកស្រី​ទៅ​កាន់​មនុស្ស​ក្នុង​ទីក្រុង ​ចូហាន់​ណេសស្បឺក​ នៅ​សប្តាហ៍​នេះ។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​បាន​រលូត​កូន​៨​ដង​ព្រោះ​គេ​ឲ្យ​ថ្នាំ​សណ្តំ​ដល់​ពួក​យើង ​ហើយ​ថ្នាំ​នោះ​ហើយ​បានសម្លាប់​សិរីរាង្គ​បន្ត​ពូជ​របស់​ខ្ញុំ។​ ខ្ញុំ​មិន​អាច​មាន​កូន​ទេ‍»។

រឿង​រ៉ាវ​មួយ​ចំនួន​ស្រដៀង​គ្នា​នេះ​ដែរ ​បាន​ឮ​ខ្ទរ​ខ្ទារ​ពេញ​ផ្លូវ​នៃ​សាល​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​និង​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង​ហាន់ណេសស្បឺក៕