អ្នករស់រានមានជីវិតពីរនាក់ត្រូវបានកាយចេញពីគំនរបាក់បែកនៃអគារស្នាក់នៅមួយដែលមានកម្ពស់១៧ជាន់នៅក្នុងក្រុង Tainan របស់កោះតៃវ៉ាន់។ ការរកឃើញអ្នករស់រានមានជីវិតនេះកើតឡើងពីរថ្ងៃក្រោយពីអគារនោះបានរលំ ក្នុងពេលមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៣៦នាក់ស្លាប់។
ក្រុមអាជ្ញាធរនិយាយថា ស្ត្រីម្នាក់ឈ្មោះ Tsao Wei-ling ត្រូវបានប្រទះឃើញនៅស្ដូកស្ដឹងក្រោមសាកសពប្តីរបស់អ្នកស្រីនៅព្រឹកថ្ងៃច័ន្ទនេះ។ សាកសពកូនប្រុសអាយុពីរឆ្នាំរបស់ប្តីប្រពន្ធមួយគូនេះ ក៏ត្រូវបានប្រទះឃើញនៅស្តូកស្តឹងក្បែរនោះដែរ។
បុគ្គលិកជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកសមាជិក៥នាក់ទៀតនៃក្រុមគ្រួសាររបស់ស្ត្រីរូបនេះ។
អ្នករស់រានជីវិតម្នាក់ទៀត គឺជាបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា Li Tsung-tian ដែលនៅដឹងខ្លួននិងអាចនិយាយជាមួយអ្នកជួយសង្គ្រោះបាន។ នេះបើយោងតាមអភិបាលក្រុង Tainan គឺលោក Lai Ching-te។
អាជ្ញាធរក្រុងនោះ បានថ្លែងប្រាប់ VOA ថា មនុស្សជាង៣០០នាក់ត្រូវបានជួយសង្គ្រោះ ចេញពីគំនរបាក់បែកនោះហើយនៅមានមនុស្សប្រមាណ១០០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ក្រុមជួយសង្គ្រោះនៅកំពុងជីកកកាយគំនរបាក់បែកនោះដើម្បីរកអ្នករស់រានមានជីវិតផ្សេងទៀត៕