ចំនួននាវាដឹកកុងតឺន័រដែលចតទុកចោលទូទាំងពិភពលោក បានកើនឡើងយ៉ាងខ្លាំងដល់កំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា។ របាយការណ៍អំពីការដឹកជញ្ជូនអន្តរជាតិរបស់ឧស្សាហកម្មនេះបានចេញផ្សាយថា នាវាដែលទំនេរមានចំនួនជិតស្មើ៥ភាគរយនៃចំនួនកងនាវាលើពិភពលោក ដោយសារតែតម្រូវការធ្លាក់ចុះនិងការផលិតលើសចំនួន។ ក៏ប៉ុន្តែ នៅទីក្រុង Kaohsiung ដែលជាទីក្រុងកំពង់ផែចម្បងដ៏មមាញឹកក្នុងការដឹកជញ្ជូនរបស់កោះតៃវ៉ាន់ កុងតឺន័រដែលមិនត្រូវបានប្រើប្រាស់នោះ ត្រូវបានបញ្ចូនទៅទុកនៅឆ្ងាយពីមាត់សមុទ្រ។ កុងតឺន័រទាំងនោះត្រូវបានគេដាក់បង្អួច ទ្វារ យ៉រ ហើយថែមទាំងមានបារជាច្រើនដែលលក់ស្រាបៀរទៀតផង។
ជនជាតិតៃវ៉ាន់កំពុងផ្លាស់ទីទៅរស់នៅក្នុងកុងតឺន័រចាស់ៗទាំងនោះមួយចំនួន។ កុងតឺន័រខ្លះត្រូវបានកែច្នៃជាស្តង់លក់តាមដងផ្លូវ ឬជាការិយាល័យនៅកសិដ្ឋាន។ កុងតឺន័រមួយចំនួនតូចទៀតមានមុខងារជាផ្ទះនៅតំបន់ជាយក្រុង។ មានភោជនីយដ្ឋាននិងការិយាល័យឃោសនានយោបាយមួយដែលបានប្រើកុងតឺន័រចំនួន៧ក្នុងមួយកន្លែង។ លើសពីនេះ ទីក្រុង Kaohsiung បានដាក់រចនាសម្ព័ន្ធចំនួន៨ដើម្បីតាំងបង្ហាញ នៅឯពិធីបុណ្យសិល្បៈកុងតឺន័រមួយ កាលពីខែធ្នូ។
ស្ថាបត្យករតៃវ៉ាន់ម្នាក់ លោក Lin Chih-feng និយាយថា ប្រជាជនតៃវ៉ាន់សម័យទំនើបចូលចិត្តកុងតឺន័រដោយសារគុណតម្លៃនៃភាពច្នៃប្រឌិតថ្មីនិងភាពបត់បែននៃរចនាសម្ព័ន្ធរបស់កុងតឺនរទាំងនោះ។
លោកនិយាយថា បន្តិចម្តងៗអ្នកអាចឃើញថា រចនាសម្ព័ន្ធកុងតឺន័រកំពុងទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។ ចំណាប់អារម្មណ៍ទី១របស់មនុស្សទៅលើកុងតឺន័រទាំងនោះ គឺភាពខុសប្លែកពីរបស់ដទៃទៀត ហើយទី២គឺល្បឿននៃការសាងសង់។ ឯចំណាប់អារម្មណ៍ទី៣គឺ ទៅលើភាពអាចផ្លាស់ប្តូរទៅជារចនាសម្ព័ន្ធផ្សេងបាន ហើយងាយស្រួលក្នុងការផ្លាស់ទី។
កុងតឺន័រជាច្រើនប្រហែលត្រូវបានបញ្ជូនទៅគរទុកនៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្រុង Kaohsiung។ កុងតឺន័រទាំងនោះអាចនៅទំនេរ ឬកំពិតនិងច្រេះស៊ីខ្លាំងពេក ដែលមិនអាចនឹងដឹកជញ្ជូនតាមនាវាទៀតបាន។ នៅសហគ្រាសកុងតឺន័រ Yu Feng ជាកន្លែងដែលប្រអប់កុងតឺន័រត្រូវបានដាក់គរលើគ្នារហូតដល់៧ជាន់នោះ អ្នកគ្រប់គ្រងសហគ្រាសបានបង្កើតអាជីវកម្មបន្ទាប់បន្សំមួយដែលកែប្រែកុងតឺន័រធ្វើជាគេហដ្ឋាននិងការិយាល័យលក់។ ក្រុមហ៊ុនដែលជាធម្មតារកកម្រៃពីការស្តុកទុកកុងតឺន័រនោះ ឥឡូវទទួលបានចំណូល៣០ភាគរយនៃជំនួញរបស់ខ្លួនពីការបំប្លែងកុងតឺន័រទាំងនោះ។ ការបំប្លែងកុងតឺន័រម្តងៗមានតម្លៃប្រហែលចាប់ពី១.០០០ដុល្លារឡើងទៅ។
អ្នកនាង Natasha Lee អ្នកគ្រប់គ្រងសហគ្រាស Yu Feng និយាយថា ការថែមសម្ភារៈផ្សេងៗទៅលើកុងតឺន័រអាចធ្វើបានយ៉ាងឆាប់រហ័ស។ នាងនិយាយដូច្នេះ ក្នុងពេលនាងស្ថិតនៅក្នុងការិយាល័យដែលបែងចែកជាបន្ទប់ មានម៉ាស៊ីនត្រជាក់និងមានគ្រឿងសង្ហារឹម ដែលសាងសង់ឡើងពីកុងតឺន័រចំនួន៦។
នាងនិយាយថា វាត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះដើម្បីវាយដែកគោលភ្ជាប់កម្រាលក្តារឈើ និងចោះប្រលោះសម្រាប់ដាក់ខ្សែភ្លើងក្នុងកុងតឺន័រតូចមួយ។ នាងបន្ថែមថា និន្នាការក្នុងការប្រើប្រាស់កុងតឺន័រនេះមានការពេញនិយមណាស់នាពេលថ្មីៗនេះ ពីព្រោះជនជាតិតៃវ៉ាន់បានចាប់អារម្មណ៍លើរចនាបថបែបសិល្បៈនេះ ដូច្នេះពួកគេបន្ថែមលក្ខណៈពិសេសនៃការសាងសង់ទៅលើកុងតឺន័ររបស់ពួកគេ។
ក្រុមមន្រ្តីកោះតៃវ៉ាន់មិនបានកត់ត្រាស្ថិតិនៃចំនួនរចនាសម្ព័ន្ធដែលត្រូវបានសាងសង់ពីកុងតឺន័រទេ។ ប៉ុន្តែរចនាសម្ព័ន្ធទាំងនេះ ងាយស្រួលរកណាស់។ គេហដ្ឋាននិងការិយាល័យប្រហែល៦០កន្លែងនៅតាមដងវិថីភាគខាងជើងទីក្រុង Kaohsiung ត្រូវបានកសាងឡើងពីកុងតឺន័រ។ ការិយាល័យសម្រាប់តាំងបង្ហាញគេហដ្ឋានថ្មីៗនៅទីក្រុងតៃប៉ិ ត្រូវបានសាងសង់ឡើងពីកុងតឺន័រចំនួន៣៥។ រចនាសម្ព័ន្ធអគារខ្លះមានកំពស់២ទៅ ៣ជាន់។ ភោជនីយដ្ឋានដ៏ប្រណិតមួយហើយមានកំពស់២ជាន់នៅក្រុង Kaohsiung មានរួមបញ្ចូលដូចជាសាលភោជនាហារ ក្លឹបរាត្រី និងរានហាលខាងក្រៅមួយ។
ដែកថែបជ្រួញៗដែលមិនបានកែច្នៃនៅលើកុងតឺន័រ ហើយមានប្រវែងប្រហែល១២ម៉ែត្រ នៅតែបង្ហាញយ៉ាងច្បាស់នៅទីនោះ ទោះបីជារចនាសម្ព័ន្ធនោះត្រូវបានរចនានិងលាបពណ៌រំលេចយ៉ាងល្អិតល្អន់ហើយក៏ដោយ។
រដ្ឋាភិបាលក្រុង Kaohsiung បានបា្ររព្ធពិធីបុណ្យសិល្បៈកុងតឺន័រនេះ រៀងរាល់២ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០០មក។ ព្រឹត្តិការណ៍ទាំងនោះត្រូវបានគេសរសើរថា បានបង្កើនចំណាប់អារម្មណ៍របស់សាធារណជនក្នុងការសាកល្បងប្រើប្រាស់កុងតឺន័រដោយខ្លួនឯង។ ទីក្រុង Kaohsiung បានខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើផលិតកម្មប្រើគ្រឿងម៉ាស៊ីនធំៗ ហើយងាកទៅរកសហគ្រាសតាមបែបវប្បធម៌វិញ។
លោក Wu Yi Chung ដែលជាក្រុមប្រឹក្សាក្រុងម្នាក់នោះ គឺជាស្ថាបត្យករម្ចាស់ជើងឯកម្នាក់ក្នុងចំណោមម្ចាស់ជើងឯកស្ថាបត្យករកុងតឺន័រជាច្រើន។ លោកសង្ឃឹមថា ប្រជាជននឹងយល់ឃើញថា កុងតឺន័រទាំងអស់ជាទម្រង់សិល្បៈ និងជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ជាអគារអចិន្រ្តៃយ៍ដែលបន្សល់ស្លាកស្នាមនៅលើភពផែនដី។
លោកនិយាយថា អគារមួយចំនួនអាចនឹងមានអាយុកាលរហូតដល់ទៅ១០០, ២០០ ឬ៥០០ឆ្នាំ ប៉ុន្តែអគារខ្លះទៀតនៅពេលដែលអ្នកលែងត្រូវការវា អ្នកអាចប្តូរកុងតឺន័រទាំងនោះចេញបាន ហើយវាមិនប៉ះពាល់ដល់បរិស្ថានរយៈពេលយូរឡើយ។ លោក Wu បន្ថែមថា ការបា្ររព្ធពិធីបុណ្យសិល្បៈកុងតឺន័រនេះ ប្រជាជនត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់រចនាសម័្ពន្ធទាំងនេះ ហើយឆ្លុះបញ្ចាំងពីសារៈសំខាន់របស់កុងតឺន័រទាំងនេះទៅលើប្រព័ន្ធអេកូឡូស៊ី។
លោក Wu បានផ្តល់បទសម្ភាសន៍នៅក្នុងបរិវេណដែលគាត់ទទួលបានការអនុញ្ញាតឲ្យសាងសង់ដោយប្រើកុងតឺន័រចំនួន៧។ ជាន់ទី៣នៃអគារដែលត្រូវបានលាបពណ៌រំលេចនេះ មានបន្ទប់ស្នាក់នៅធំមួយសម្រាប់មនុស្ស៤នាក់។ រានហាលម្ខាងទៀតធំទូលាយល្មម អាចឲ្យអ្នកជជែកគ្នាផឹកកាហ្វេនិងមើលខ្សែភាពយន្តបាន។ លោក James Soong បេក្ខជនឈរឈ្មោះជាប្រធានាធិបតីបានប្រើប្រាស់រចនាសម្ព័ន្ធនេះដើម្បីជួយធ្វើយុទ្ធនាការឃោសនារបស់លោក៕
ប្រែសម្រួលដោយ ទុំ ម្លិះ