ផ្សារលក់សត្វព្រៃខុសច្បាប់អាចត្រូវបោះចោលក្នុងធុងសំរាមប្រវត្តិសាស្ត្រក្នុងពេលប្រាំឆ្នាំទៀតនៅពេលមានការខឹងសម្បាជាសាធារណៈថា ទីផ្សារលក់សត្វព្រៃនាំឲ្យមានការរាតត្បាតជំងឺ និងដោយសារមានការជឿទូទៅថា ពាណិជ្ជកម្មសត្វព្រៃបានរួមចំណែកក្នុងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
នេះជាមនោសញ្ចេតនាមួយដែលគាំទ្រដោយការស្ទង់មតិមួយដោយអង្គការមូលនិធិសត្វព្រៃពិភពលោកហៅកាត់ថា WWF និងអង្គការអ្នកពិគ្រោះយោបល់យុទ្ធសាស្ត្រ ឈ្មោះ GlobeScan ដែលធ្វើការទាក់ទងនឹងផ្សារលក់សត្វព្រៃសំខាន់ៗចំនួនប្រាំនៅក្នុងអាស៊ីខាងកើតដែលនៅទីនោះតម្រូវការសត្វព្រៃពីទីផ្សារលក់សត្វព្រៃខុសច្បាប់នៅមានតទៅទៀត។
លោក Matt Hunt ជាប្រធានប្រតិបត្តិនៃអង្គការ Save the Bears in Cambodia។ លោកបាននិយាយថា ការផ្លាស់ប្តូរធំមួយអាចកើតមានទាក់ទងនឹងរបៀបរស់នៅរបស់ប្រជារាស្ត្រ ដែលជាលទ្ធផលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ហើយការស្ទង់មតិទាំងនេះអាចជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបិទផ្សារលក់សត្វព្រៃខុសច្បាប់។
លោក Hunt បាននិយាយថា៖ «ទាំងអស់នេះអាស្រ័យលើឆន្ទៈនយោបាយ»។
លោកបានថ្លែងបន្ថែមថា ផ្សារបែបនេះអាចត្រូវលុបបំបាត់ក្នុងប្រវត្តិសាស្ត្រក្នុងពេលពីបីទៅប្រាំឆ្នាំទៀតប្រសិនបើពួកអ្នកនយោបាយត្រៀមខ្លួនចាត់វិធានការបិទ។
លោក Hunt បាននិយាយថា៖ «នេះជាទម្លាប់រាប់សតវត្សរ៍មកហើយ ដូច្នេះគេមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងពេលមួយពព្រិចភ្នែកបានទេ។ ក៏ប៉ុន្តែខ្ញុំយល់ថា យើងអាចកំណត់ពេលពីបួនទៅប្រាំឆ្នាំ ឬត្រឹមបីឆ្នាំដើម្បីលុបបំបាត់ពាណិជ្ជកម្មសត្វព្រៃ»។
មនុស្សប្រាំពាន់នាក់បានត្រូវស្ទង់មតិនៅក្នុងក្រុងហុងកុង ប្រទេសជប៉ុន មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។ ប្រមាណ៩០%នៃក្រុមជនទាំងនេះបាននិយាយថាពួកគេ «ចាប់អារម្មណ៍ខ្លាំងណាស់» ឬ «ចាប់អារម្មណ៍» គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបិទផ្សារសត្វព្រៃខុសច្បាប់ និងពាណិជ្ជកម្មសត្វព្រៃគ្មាននិយត្តកម្ម។
លោក Marcus Hardtke ជាអ្នកបរិស្ថានមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លោកបាននិយាយថា ការការពារសត្វជិតផុតពូជដែលបានត្រូវប្រមាញ់នៅក្នុងព្រៃជាវិធានការត្រូវការពេលយូរ។
លោក Hardtke បាននិយាយក្នុងសម្តីដើមថា៖ «ពួកព្រានព្រៃភាគច្រើនបំផុតធ្វើការប្រមាញ់ដោយប្រើអន្ទាក់ ហើយអន្ទាក់ទាក់សត្វទាំងអស់ ទាំងសត្វជិតពូជ និងសត្វមិនផុតពូជ។ សត្វភាគច្រើនងាប់នៅក្នុងអន្ទាក់មុនក្រុមអភិរក្សសត្វព្រៃប្រទះឃើញសត្វទាំងនេះ ដូច្នេះវាជាអន្ទាក់មរណៈ ហើយទាំងនេះជាការខាតបង់ទាំងស្រុង»។
លោកបានថ្លែងបន្ថែមថា៖ «នៅពេលទីផ្សារលក់សត្វព្រៃត្រូវបានបិទ ការប្រមាញ់សត្វព្រៃអាចនៅមាន តែមានតិច ហើយផ្សារលក់សត្វព្រៃជាកត្តាជំរុញឱ្យមានតម្រូវការប្រមាញ់សត្វព្រៃច្រើន»។
អ្នកឆ្លើយនឹងការស្ទង់មតិជិត៨០%មានជំនឿថាការបិទផ្សារលក់សត្វព្រៃខុសច្បាប់ និងផ្សារសត្វព្រៃគ្មាននិយត្តកម្មអាច «មានប្រសិទ្ធភាពខ្លាំង ឬមានប្រសិទ្ធភាពខ្លះ» ក្នុងការបញ្ចៀសមិនឱ្យមានការរាតត្បាតជាសាកលនៃជំងឺនៅពេលខាងមុខ។
ការស្ទង់មតិនេះក៏បានរកឃើញដែរថា ចំនួន៩%នៃពួកអ្នកឆ្លើយនឹងការស្ទង់មតិបាននិយាយថា គេស្គាល់មនុស្សដែលបានទិញផលិផលសត្វព្រៃក្នុងពេល១២ខែកន្លងទៅនេះ ហើយថា ចំនួន៣៨%មានជំនឿថា សត្វព្រៃជាបុព្វហេតុចម្បងបណ្តាលឲ្យមានជំងឺកូវីដ១៩។ ចំនួន៦៣ភាគរយមានជំនឿថា ការលក់សត្វព្រៃខុសច្បាប់ជាបុព្វហេតុមួយក្នុងបណ្តាបុព្វហេតុធំៗពីរដែលបណ្តាលឱ្យមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នេះ។
នៅក្នុងបញ្ជីសត្វព្រៃ មានសត្វស្លាប ពស់ ប្រចៀវ សំពោច ពង្រូល និងអណ្តើក។
លោក David Olsen ជានាយកផ្នែកអភិរក្សនៃអង្គការ WWF។ និយាយអំពីជំងឺកូវីដ១៩លោក David Olsen បានថ្លែងថា៖ «ពួកអ្នកសា្រវជ្រាវចិនយល់ថា វីរុសដែលនាំឱ្យមានជំងឺកូវីដ១៩ប្រហែលបណ្តាលមកពីថ្នាំចិនសែបុរាណដែលប្រើលាមកប្រចៀវផលិតថ្នាំដាក់ភ្នែក»។
លោកក៏បាននិយាយដែរថា ផ្សារលក់សត្វព្រៃខុសច្បាប់អាចត្រូវបិទជាបន្ទាន់បាន។
លោក Olsen បាននិយាយថា៖ «មនុស្សនៅទូទាំងតំបន់នោះខ្វល់ខ្វាយអំពីការរាតត្បាតជំងឺជាសាកល។ ពួកគេយល់អំពីការទាក់ទងគ្នារវាងពាណិជ្ជកម្មសត្វព្រៃនិងការលេចឡើង ការរាលដាល និងការឆ្លងជំងឺឆ្លង ហើយពួកគេក៏គាំទ្ររដ្ឋាភិបាលដែលធ្វើសកម្មភាពប្រឆាំងនឹងស្ថានភាពមានហានិភ័យខ្ពស់។ ការរាតត្បាតជំងឺជាសាកលអាចកើតចេញពីពាណិជ្ជកម្មសត្វព្រៃ។ ប្រសិនបើយើងបន្តលក់សត្វព្រៃដែលមានហានិភ័យខ្ពស់នៅក្នុងស្ថានភាពមានហានិភ័យខ្ពស់នោះ យើងដាក់ខ្លួនយើងឱ្យស្ថិតក្នុងហានិភ័យទៀត»។
នៅក្នុងប្រទសថៃ ប្រទេសវៀតណាម និងក្រុងហុងកុង ពួកអ្នកឆ្លើយជិតពាក់កណ្តាលនៃការស្ទង់មតិ បាននិយាយថា ការរាលដាលជំងឺនាំឱ្យពួកគេខ្វាយខ្វល់ជាងកង្វល់អំពីអាកាសកខ្វក់និងការប្រែប្រួលអាកាសធាតុដែលក្លាយជាការខ្វាយខ្វល់ទីបី និងទីបួន។ ទោះជាយ៉ាងណា សេដ្ឋកិច្ចជាកង្វល់ធំបំផុតនៅក្នុងក្រុងហុងកុង ដោយសារមានបាតុកម្មនៅពេលនេះ។
ការរាលដាលនៃជំងឺក្នុងចំណោមមនុស្សបង្កកង្វល់ស្មើគ្នានឹងការប្រែប្រួលអាកាសធាតុគឺមាន២៦%នៅក្នុងប្រទេសជប៉ុន ហើយកង្វល់បន្ទាប់គឺភេរវកម្ម។ ក៏ប៉ុន្តែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការប្រើប្រាស់សត្វព្រៃ និងការប្រើប្រាស់រុក្ខជាតិព្រៃជាកង្វល់ធំបំផុត។ ជំងឺកូវីដ១៩ជាកង្វល់ទីពីរ ហើយការប្រែប្រួលធាតុអាកាសជាការខ្វាយខ្វល់ទីបី។
ផ្សារលក់សត្វព្រៃសឹងតែមិនមានការគាំទ្រទេ។ មានអ្នកឆ្លើយនឹងការស្ទង់មតិតែ២%ប៉ុណ្ណោះនិយាយថា ពួកគេមិនខ្វាយខ្វល់សោះអំពីផ្សារលក់សត្វព្រៃទាំងនេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មនុស្សដែលបានត្រូវស្ទង់មតិមានការខ្វែងគំនិតគ្នាអំពីជំនឿលើអាជ្ញាធរ។ តិចជាង៤៥%នៃអ្នកស្ទង់មតិមានជំនឿថា រដ្ឋាភិបាលដោះស្រាយអ្វីដែលពួកគេចាត់ទុកថា ជាបញ្ហាសំខាន់ៗ។ ពួកអ្នកត្រូវស្ទង់មតិតិចជាងនេះច្រើនណាស់នៅតែមានជំនឿលើពលរដ្ឋដូចគ្នាក្នុងការទប់ទល់ការរាលដាលនៃជំងឺដូចជាជំងឺកូវីដ១៩ជាដើម។
លោក Marcus Hardtke ជាអ្នកបរិស្ថានមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបាននិយាយបន្ថែមថា ផ្សារលក់សត្វព្រៃនឹងត្រូវបិទ ពីព្រោះពួកអ្នកលក់សត្វព្រៃខុសច្បាប់ប្រឈមនឹងការខ្វះការផ្គត់ផ្គង់ដែរដោយសារព្រៃជាច្រើនមិនសម្បូរសត្វព្រៃទៀតទេ។
លោកបាននិយាយថា៖ «ទីផ្សារសត្វព្រៃប្រាកដជានឹងលែងមាន ពីព្រោះគ្មានប្រភពសត្វព្រៃនៅទីទាំងនោះទៀតទេ។ ប្រសិនបើលោកអ្នកពិនិត្យមើលសម្ពាធនៃការប្រមាញ់នៅក្នុងតំបន់ព្រៃការពារ វាជាអំពើភ្លីភ្លើ។ គេហៅការណ៍នេះថា ជាសញ្ញានៃព្រៃទទេ ពីព្រោះគ្មានសត្វព្រៃទៀតទេ។ លោកអ្នកអាចដើរក្នុងព្រៃទាំងនោះក្នុងរយៈពេលយូរហើយលោកអ្នកមិនបានឮសំឡេងសត្វ ឬឃើញសត្វព្រៃឡើយ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ